Ad Code

ក្រុម​បឹងកេត កាន់តែ​ឃ្លាត​នៅ​តំបន់​កំពូល​តារាង​លី​គ​កំពូល​កម្ពុជា​មែន តែ​មិនអាច​ប្រហែស​បាន



ក្រុមបាល់ទាត់​ម្ចាស់​ជើងឯក​៣​សម័យកាល​បឹងកេត បាន​បន្ត​ឡើងឈរ​កំពូល​តារាង​បណ្តោះអាសន្ន​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ត្រឹម​សប្ដាហ៍​ទី១៤ ដែល​រៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ខណៈ​លោក ហៅ សុជាតិ ដែល​ជា​គ្រូបង្វឹក​រីករាយ​ជាមួយ​លទ្ធផល​ដែលជា​ស្នាដៃ​របស់​កូនក្រុម​នៅលើ​ទីលាន តែ​មិន​បោះបង់​ការ​ខំប្រឹងប្រែង​បន្ថែម​នោះទេ​។



លោក ហៅ សុជាតិ បាន​លើកឡើង​ថា «​ឈរ​កំពូល​តារាង​គឺជា​ចំណុច​ល្អ​របស់​យើង​ដែរ ប៉ុន្តែ​ទន្ទឹមនឹងនេះ យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ព្រោះថា​ជើង​ទី​២​នេះ​ក្រុម​ដទៃទៀត​គេ​បាន​រៀប​ចំ​ក្រុម​បានល្អ​ច្រើន​ទាំង​កីឡាករ​និង​ទម្រង់​លេង ម្យ៉ាងទៀត​ផ្លូវ​ដើរ​គឺ​នៅសល់​វែងឆ្ងាយ​ទៀត​។ ដូច្នេះហើយ​យើង​ត្រូវតែ​ប្រឹងប្រែង​បន្ថែម​»​។

ក្រុម​បឹងកេត តាមរយៈ​១៤​ប្រកួត​មកនេះ​នៅ​មិនទាន់​ស្គាល់​បរាជ័យ​នៅឡើយ​នោះ​ទេ ពោលគឺ​ធ្លាប់​បាន​យកឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៤​ទល់​៣ ហើយ​ឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៣​ទល់​១ បន្ត​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៥​ទល់​១ តែ​ស្មើ​សូល​ទី​ឡូ​អង្គរ ១​ទល់​១ ហើយ​យកឈ្នះ​ក្រសួងការពារជាតិ ២​ទល់​០ ឈ្នះ​ព្រះខ័ន​រាជ​ស្វាយរៀង ៣​ទល់​១ ស្មើ​ជាមួយ​អគ្គីសនី​កម្ពុជា ១​ទល់​១ ឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ ៤​ទល់​០ ឈ្នះ​ភ្នំពេញ​ក្រោ​ន ៣​ទល់​២ ស្មើ​វិសាខា ១​ទល់​១ និង​ឈ្នះ​ណាហ្គា​វើល ៣​ទល់​២ នៅ​ជើង​ទី​១ ហើយ​ឈ្នះ​អាស៊ី​អឺរ៉ុប ៤​ទល់​០ ឈ្នះ​វេ​ស្ទើ​ន​ភ្នំពេញ ៥​ទល់​១ និង​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ១​ទល់​០ ក្នុង​ជើង​ទី​២​។

​ចំពោះ​ប្រកួត​ចុងក្រោយ​យកឈ្នះ​លើ​ក្រុម​អគ្គស្នងការ​នគរបាល​ជាតិ ទាំង​ពិបាក​វិញ​លោក ហៅ សុជាតិ បាន​បញ្ជាក់ថា «​ចំពោះ​លទ្ធផល​ឈ្នះ ១-០ នេះ ខ្ញុំ​គិតថា​យើង​ធ្វើ​បាន​ល្អ គ្រាន់តែ​យើង​ខ្វះ​ឱកាស​បន្តិច ដោយសារ​ប៉ូលិស​ផ្ដោតអារម្មណ៍​លើ​ការការពារ​ច្រើនជាង​ប្រយុទ្ធ ហើយ​ពួកគេ​រៀបចំ​ក្បួន​ការពារ​និង​វាយបក បានល្អ​មែនទែន​។ លទ្ធផល​១-០​នេះ​គឺ​គ្រប់គ្រាន់​ហើយ​សម្រាប់​យើង ព្រោះថា​ក្រុម​គេ ការពារ​បានល្អ​ណាស់​»​។



ជារួម​ក្រុម​បឹងកេត ប្រកួត​ឈ្នះ​១១​លើក ស្មើគ្នា​៣​លើក និង​មិន​ធ្លាប់​ចាញ់​មាន​៣៣​ពិន្ទុ​ក្នុង​ដៃ ទាត់​ចូល​ទី​គេ​ចំនួន​៣៦​គ្រាប់ ហើយ​របូត​១៤​គ្រាប់​។ លោក ហៅ សុជាតិ ត្រូវ​ក្លិប​តែងតាំង​ឱ្យ​ឈរឈ្មោះ​ជា​គ្រូបង្វឹក​ស្តីទី​កាលពី​រដូវ​កាល​ឆ្នាំ​២០១៦ កន្លងទៅ​ក្រោយ​ការចាកចេញ​របស់លោក ប្រាក់ សុវណ្ណារ៉ា ខណៈ​លោក​បាន​ចាប់ដៃ​ជាមួយ​លោក កែវ កុសល ដឹកនាំ​ក្រុម​កាលពី​ដើមរដូវ​កាល​ក៏ដូចជា​ក្នុង​យុទ្ធនា​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFC Cup 2018​។ កាលពី​ឆ្នាំ​ចាស់​លោក​ឈ្នះ​បាន​រង្វាន់​គ្រូបង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាលពី CNCC ផងដែរ​។

ក្លិប​បឹងកេត ឡើង​មកលេង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា នៅ​ឆ្នាំ​២០១២ ហើយ​ធ្លាប់​ឈ្នះ​ជើងឯក​ចំនួន​៣​លើក​គឺ​នៅ​ឆ្នាំ​២០១២,២០១៦ និង​២០១៧ ខណៈ​នៅ​ឆ្នាំ​២០១៣ និង​២០១៤ ត្រឹម​ឈរជើង​ឯក​រង​។ នៅ​ឆ្នាំ​២០១៧ ក្រុម​នេះ​ឈ្នះ​ពានរង្វាន់ CNCC Cup 2017 ផងដែរ​។ ចំណែក​ពានរង្វាន់​នៅក្រៅ​ស្រុក​វិញ​ក្រុម​ដែលមាន​ប្រភព​មកពី​ខេត្តកំពង់ចាម មួយ​នេះ​ធ្លាប់​ចេញទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ពានរង្វាន់ AFC President's Cup នៅ​ឆ្នាំ​២០១៣ ធ្លាប់​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ Toyota Mekong Club Championship 2015 តែ​ចាញ់​ក្រុម Buriram United របស់​ថៃ និង​ប្រកួត​ក្នុង​ពានរង្វាន់​នៅ​ឆ្នាំ​២០១៦ និង​២០១៧ ផងដែរ​។ នៅ​ឆ្នាំ​២០១៨​និង​២០១៨ ក្រុម​នេះ​មានឈ្មោះ​ចេញទៅ​លេង​ពានរង្វាន់​លំដាប់​ទី​២​ប្រចាំ​ទ្វីបអាស៊ី AF Cup ផងដែរ​តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​ដូចគ្នា​។

​សម្រាប់​ប្រកួត​បន្ទាប់​សប្ដាហ៍​ទី​១៥ នៃ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០១៨ នេះ​ក្រុម​បឹងកេត ត្រូវ​ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​សៅរ៍ ទី​២១ ខែកក្កដា ឆ្នាំ​២០១៨ ចុង​សប្តាហ៍​នេះ​លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​ក្នុង​រាជធានីភ្នំពេញ៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu