Ad Code

នគរបាល​ចាប់​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ ប្រគល់​ឲ្យ​មេព្រៃ ហាក់​មាន​អាថ៌កំបាំង



សៀមរាប ​៖ ​នៅពេល​ថ្មីៗ​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​នៅ​ខេត្តសៀមរាប​បាន​កើត​ឡើង​គួរ​ឲ្យ​ព្រួយ​បារ​ម្ភ ខណៈ​គេ​បាន​ដាក់​ការ​សង្ស័យ​ថា ​សមត្ថកិច្ច​ជំនាញ​នៅ​តាម​តំបន់​នីមួយៗ​ជា​អ្នក​បើកភ្លើង​ខៀវ​ឲ្យ​មាន​បទល្មើស​កើតឡើង​ជា​ថ្នូរ​នឹង​លាភសក្ការៈ​យ៉ាង​ធំធេង ហើយ​ការ​ចុះ​ចាប់​រថយន្ត​ម្តងៗ​គឺ​ដោយសារ​មានការ​ផ្តល់​ដំណឹង​ពី​អ្នកសារព័ត៌មាន ទើប​មាន​កម្លាំង​សមត្ថកិច្ច​ចុះ​មក​ចាប់​។

ជាក់ស្តែង​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​ថ្ងៃទី​១៨ ​ខែកក្កដា​ឆ្នាំ​២០១៨​ នៅ​ចំណុច​រង្វង់​មូល​តា​កុះ ក្នុង​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប មាន​រថយន្ត​សាំ​យ៉ុង​មួយ​គ្រឿង​ដឹកឈើ​លេខ​១​ពេញ​ប្រៀប ហើយ​ត្រូវ​បាន​អ្នកសារព័ត៌មាន​ម្នាក់​រាយការណ៍​មក​កម្លាំង​នគរបាល​សេដ្ឋកិច្ច​ខេត្តសៀមរាប ចុះ​មក​ចាប់​រួច​អូស​យកមក​ឲ្យ​មេព្រៃ​ក្នុង​មូលដ្ឋាន​ខាងលើនេះ​។



លោក​វរសេនីយ៍ឯក សឿន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៩​ខែកក្កដា​ឆ្នាំ​២០១៨​នេះ​ថា​ រថយន្ត​សាំ​យ៉ុង​មួយ​គ្រឿង​ដឹកឈើ​ប្រភេទ​សុក្រ​ម​និង​ផ្ចឹក​នោះ​ កម្លាំង​របស់​លោក​បាន​ចាប់​មែនហើយ​លោក​បាន​ប្រគល់​ជូន​រដ្ឋ​បាល​ព្រៃឈើ​រួចរាល់​ហើយ​។

លោក​បន្ត​ថា បើ​ចង់​ដឹង​រឿង​នោះ​សួរ​ទៅ​មេព្រៃ​ទៅ​ព្រោះ​លោក​កំពុង​ជាប់រវល់​។​ ទាក់ទិន​នឹង​ករណី​នេះ​ដែរ ​លោក​ម៉ុង ប៉ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា រឿង​នេះ​កូនចៅ​លោក​មិនទាន់​រាយការណ៍​មក​ទេ​។​ ចឹ​ង​ហើយ​លោក​ឲ្យ​រង់ចាំ​ដំណឹង​ពី​កូនចៅ​លោក​សិន​។



ការ​ទន្ទឹងរង់ចាំ​ដំណឹង​របស់​លោកនាយ​ខណ្ឌ​តាំង​ពី​ព្រឹក​រហូតដល់​យប់​នៅតែ​មិន​ទាន់​មាន​ដំណឹង​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​សាំ​យ៉ុង​នោះ​ដឹកឈើ​ប្រភេទ​សុ​ក្រម​និង​ផ្ចឹក​ពេញប្រៀប​ ដែល​មាន​ឈើ​ប្រមាណ​ជា​៣​ម៉ែត្រ​គីប​។

ប្រភព​បន្ត​ថា ម្ចាស់​រថយន្ត​មានឈ្មោះ​ឈី​វ​ រស់នៅ​ស្រុក​ត្រពាំង​ប្រាសាទ​ខេត្ត​ឧ​ត្ត​រ​មានជ័យ។រថយន្ត​នោះ​ពាក់​ស្លាក​លេខ​2l1802 ពណ៌​ទឹកប្រាក់​។​ ជុំវិញ​ករណី​ចាប់​ឈើ​ខាងលើ​នេះ​មហាជន​មានការ​ងឿងឆ្ងល់​ថា​ ហាក់​មាន​អាថ៌កំបាំង​នៅ​ពីក្រោយ​។​ ប្រភព​បន្ត​ថា មន្ត្រី​ជំនាញ​ខ្លះ​តែងតែ​ចាប់​ឈើ​ហើយ​យក​វត្ថុ​តាង​លាក់​ទុក ដើម្បី​យកទៅលក់​បន្ត។

បច្ចុប្បន្ន​រថយន្ត​ដឹកឈើ​ខាងលើ​ត្រូវ​សមត្ថកិច្ច​អូស​យក​មក​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី ដែល​មាន​ទីតាំង​ក្នុង​ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu