ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមកាលពីល្ងាច ថ្ងៃពុធ ៦កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៨ បាន អញ្ជើញចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដើម្បីរកវិធីដោះស្រាយ ប្រសិនបើទឹកភ្លៀងនៅតែបន្តធ្លាក់។
ក្រសួង ធនធានទឹកបានឲ្យដឹងថា បន្ទាប់ពីបានចុះពិនិត្យដោយផ្ទាល់លើស្ថានភាពទឹកជំនន់នៅស្ទឹងស្រែខ្លុង និងស្ទឹង ២ ផ្សេងទៀត ដែលហូរចាក់ចូលទៅស្ទឹងព្រែកត្នោតរួចមក លោក លឹម គានហោ រដ្ឋមន្ត្រីបានធ្វើការណែនាំដល់ក្រុមមន្ត្រីបច្ចេកទេស ៦ក្រុម ត្រូវ ប្រចាំការ តាមដានស្ថានភាពទឹក និងរបាយទឹកភ្លៀង ២៤ម៉ោងលើ ២៤ម៉ោង ដើម្បី ត្រៀម អន្តរាគមន៍ក្នុងករណីចាំបាច់ ក៏ដូចជាត្រៀមជួសជុលឡើងវិញជាបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលអាចរងការខូចខាតដោយទឹកជំនន់។
ក្រសួងបន្តថា ១- ក្រុមទី ១ ត្រូវប្រចាំការតាមដានលើស្ថានភាពទឹកជំនន់ និងរបាយទឹកភ្លៀងក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច។ ២- ក្រុមទី ២ ត្រូវប្រចាំការនៅទ្វារទឹករលាំងជ្រៃ ហើយត្រូវបន្តបើកទ្វារទាំងអស់ ទម្លាក់កំពស់ទឹកក្នុងស្ទឹងព្រែកត្នោតឲ្យទាប ដើម្បីស្រូបយកទឹកជំនន់ពីស្ទឹងស្រែខ្លុងបានលឿន។ ៣- ក្រុមទី ៣ ដែលកំពុងប្រចាំការនៅទំនប់ ៧ មករា ( កំពង់ទួល ) ត្រូវបន្តរំដោះទឹកចេញបន្ថែម ដើម្បីកុំឲ្យចាល់នឹងទឹកដែលទម្លាក់ពីកំពង់ស្ពឺទៅ ហើយពេលទឹកពីកំពង់ស្ពឺទៅដល់កំពង់ទួល ក្រុមការងារត្រូវចាត់ចែងបែងចែកទឹកនេះជា ០២ ផ្នែក គឺមួយផ្នែកត្រូវបង្វែរចូលទៅទន្លេបាទី តាមរយៈប្រឡាយលេខ ៧៨ និងតាមរយៈស្ទឹងតូច ឯមួយផ្នែកទៀត ត្រូវទម្លាក់តាមព្រែកហូរ ចូលទៅទន្លេបាសាក់ ។៤- ក្រុមទី ៤ និងក្រុមទី៥ ត្រូវប្រចាំការ តាមដានស្ថានភាពទឹក និងរបាយទឹកភ្លៀង នៅស្ទឹងតាសាល ស្ទឹងឃ្លៀច និងស្ទឹង អូរតូចៗមួយចំនួនទៀតដែលហូរចូលស្ទឹងព្រែកត្នោត។
៥- ក្រុមទី ៦ (ក្រុមគ្រឿងចក្រធុនធ្ងន់) ត្រូវត្រៀមលក្ខណៈ ២៤ ម៉ោង លើ ២៤ ម៉ោង ដើម្បីអន្តរាគមន៍ក្នុងករណីចាំបាច់ ក៏ដូចជាត្រៀមជួសជុលឡើងវិញជាបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ដែលអាចរងការខូចខាតដោយទឹកជំនន់។
សូមរំលឹកថា កាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ក្រសួងធនធានទឹក បានចេញ សេចក្តីជូនដំណឹងដោយ បានប្រកាសនៅ ថា បន្ទាប់ពី ធ្វើការអង្កេតនិងតាមដាន លើអាកាសធាតុ និងបាតុភូតធម្មជាតិ ឃើញថា នៅព្រឹកថ្ងៃទី១៨ ខែកក្កដានេះ ព្យុះទី៩ ឈ្មោះ សុនទីញ ( SON-TINH ) បាន និងកំពុងស្ថិតនៅភាគខាងកើតកោះហៃណាំ។ ព្យុះនេះ នឹងធ្វើដំណើរកាត់កោះហៃណាំ រួចទៅដល់ឆ្នេរតុងកឹង ( ប្រទេសវៀតណាម ) នៅយប់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨។
ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសបន្តថា យោងតាមការព្យាករ ឥទ្ធិពលរបស់ព្យុះនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុចា មានស្ថានភាព ដូចខាងក្រោម ធ្វើឲ្យមូសុងនិរតីខ្លាំង បង្កើនឥទ្ធិពលមកលើព្រះរាជាណាចក្រកម្ពុជា និងបង្កឲ្យផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀងធ្លាក់រាយប៉ាយក្នុងក្របខណ្ឌទូទាំងប្រទេស ពិសេសចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ នឹងមានភ្លៀងធ្លាក់ខ្លាំងនៅតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្តាខេត្ត ដែលស្ថិតនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។
ក្រសួងធនធានទឹក និងឧតុនិយម ក៏បានប្រកាសថា នៅលើផ្ទៃសមុទ្រ មានភ្លៀងធ្លាក់ជោកជាំ លាយឡំនឹងខ្យល់បក់បោកខ្លាំង និងមានរលកខ្ពស់ៗ។ ជាមួយគ្នានេះដែរ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសអំពាវនាវដល់បងប្អូនប្រជានេសាទ អ្នកធ្វើដំណើរតាមសមុទ្រ និងប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ទំនាបជាប់ផ្លូវទឹកនានា បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ៕
Source: Kampuchea Thmey Daily
0 Comments