Ad Code

ទំនាស់​រវាង​ឪពុកចុង និង​កូនប្រុស ក្លាយជា​ករណី​ប៉ុនប៉ង​មនុស្សឃាត



បាត់ដំបង​ ៖ ​ជនរងគ្រោះ​ម្នាក់​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ រួម​នឹង​សមត្ថកិច្ច​ ដឹក​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ដើម្បី​សង្គ្រោះ​ បន្ទាប់ពី​ជនរងគ្រោះ​រូបនេះ​ត្រូវបាន​ឪពុកចុង វាយ​នឹង​ខ្នងពូថៅ ជាច្រើន​ដង​ទៅលើ​ក្បាល និង​ផ្ទៃមុខ ក្នុង​បំណង​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា ដោយសារ​ទំនាស់​ពាក្យសម្តី។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​មូល​ដ្ឋា​ន​បានអោយដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី យប់ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ​២០១៨ ត្រង់ចំណុច​ភូមិ​អូរ​គ្រួស ឃុំ​សិរី​មានជ័យ ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​រវាង​កូនប្រុស និង ឪពុកចុង។​

បើតាម​ការរៀបរាប់​ពី​ជនរងគ្រោះ​ឈ្មោះ វឹង វល់ ហៅ បារាំង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​ រស់នៅ​ត្រង់​ចំណុច​កើតហេតុ​ខាង​លើ បាន​និយាយ​ថា ការ​ទាស់​ពាក្យ​សម្តី​រវាង​ខ្លួន ​ជាមួយ​នឹង​ឪពុកចុង ឬក៏​ត្រូវជា​ពូ ដែល​មាន​ឈ្មោះ នួន សឿន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​មុខរបរ​ធ្វើ​ចំការ គឺ​បាន​កើត​ឡើងជា​ច្រើន​លើក ច្រើនសា​រួច​មក​ហើយ ដោយសារតែ​ពេល​ដែល​គាត់​ស្រវឹង​ គឺ​គាត់​តែងតែ​ចោទប្រកាន់​មក​លើ​ខ្លួន​ថា បាន​ទៅ​លួច​ដោះ​យក​សត្វ​ពស់​ ដែល​គាត់​ដាក់មង​បាន។

ជនរងគ្រោះ​បាន​បន្ត​ថា ធាតុ​ពិត​គឺ​ខ្លួន​មិនដែល​ទៅ​លួច​ពស់​របស់​គាត់​ឡើយ ប៉ុន្តែ​គាត់​នៅតែ​ចោទ​ដដែលៗ។ លុះ​នៅមុន​ពេល​កើតហេតុ គឺ​គាត់​មកពី​ផឹក​វិញ ​ក៏បាន​ចាប់ផ្តើម​រករឿង​ទៀត​ ឯ​ខ្លួន​ក៏បាន​ប្រកែក​ទៅវិញ​ទៅមក​ ស្រាប់តែ​គាត់​បាន​លប​ទាញ​ពូថៅ​មក​វ៉ៃ​មក​លើ​ក្បាល​ និង​ផ្ទៃមុខ​របស់ខ្លួន ជាច្រើន​កន្លែង​រហូតដល់​សន្លប់ លែង​ដឹងខ្លួន។

ដោយឡែក​សម្រាប់​សាក្សី​មួយចំនួន​ ដែល​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ ក៏បាន​និយាយ​ថា ពេលដែល​ជនសង្ស័យ​បាន​យក​ពូថៅ​វ៉ៃ​ទៅលើ​ជនរងគ្រោះ​នោះ គឺ​បាន បាក់ដង​អស់​មួយ ប៉ុន្តែ​ដោយសារ​មិន​អស់ចិត្ត​ទើប​ស្ទុះ​ទៅ​ទាញ​ពូថៅ​មួយទៀត មក​វ៉ៃ​បន្ថែម​រួច​ក៏​រត់គេចខ្លួន​បាត់ស្រមោល​ទាំងយប់​តែម្តង ដោយសារ​តែមាន​ប្រជាពលរដ្ឋ​ជាច្រើន​បម្រុង​ចូល​ជួយ ព្រមទាំង​មានការ​ស្រែក​អោយ​ជួយ​ពី​សំណាក់​ស្ត្រី​ជា​ភរិយា ​ដែល​កំពុង​ពកូន​មួយ​នៅ​នឹង​ដៃ​ផង។​

បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសា​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទី​រពេទ្យ​បង្អែក​ស្រុក​សំពៅ​លូន ដោយឡែក​ជនសង្ស័យ​ក៏ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ទាំង​២​ស្ថាប័ន តាម​ប្រមាញ់ និង​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​មនុស្សឃាត​ដោយ​ចេតនា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu