Ad Code

អាជ្ញាធរ​ខេត្ត​ ក្រើនរំលឹក​ដល់​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​អនុវត្ត​ការងារ​ឱ្យ​មាន​ប្រសិទ្ធភាព



ស្ទឹងត្រែង ​៖ ​ក្នុង​ពិធី​ចែក​ទោចក្រយានយន្ត​ជូន​ដល់​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ នា​ថ្ងៃទី​២០ ខែ​កក្កដា ​ឆ្នាំ​២០១៨​នេះ​ អាជ្ញាធរ​ស្ទឹងត្រែង​ បាន​ក្រើនរំលឹក​ឱ្យ​កម្លាំង​នគរបាល ប៉ុស្តិ៍​រដ្ឋបាល​ប្រឹងប្រែង​បន្ថែម​ទៀត​ក្នុង​ការ ​បំពេញភារកិច្ច​ឲ្យ​បាន​ខ្ជាប់ខ្ជួន ​បម្រើ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ហើយ​នៅ​តាម​ប៉ុស្តិ៍​រដ្ឋបាល​នីមួយៗ ​ត្រូវ​បង្កើន​ស្នាដៃ ធ្វើជា​គំរូ​ល្អ ក្នុង​ចលនា​ប្រឡងប្រណាំង​ភូមិ​ឃុំ​មាន​សុវត្ថិភាព។

លោក​ម៉ុម​សារឿន អភិបាលខេត្ត​ស្ទឹងត្រែង​ មាន​ប្រសាសន៍​ថា ​៖ ​កម្លាំង​ នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទទួល​បាន​ទោចក្រយានយន្ត​ ត្រូវ​ពង្រឹងសមត្ថភាព​ជំនាញ​អនុវត្ត​ការងារ​ទប់ស្កាត់​-​បង្ការ​-​និង​បង្ក្រាប​បទល្មើស​ឲ្យ​មាន​ប្រសិទ្ធភាព​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ស្ថិរភាព​ជូន ប្រជាពលរដ្ឋ នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន។

លោក​អភិបាលខេត្ត​បន្ថែមថា​ ៖​ ទន្ទឹម​នឹង​ការខិតខំ​បំពេញការងារ​ជំនាញ​ក៏​ត្រូវ​បង្កើន​កិច្ច​សហការ​គ្នា​ឱ្យបាន​ល្អប្រសើរ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ប្រកបដោយ​តម្លាភាព​ និង​ប្រសិទ្ធភាព​ដើម្បី​បង្កើត​ឲ្យ​មាន​វប្បធម៌​គុណភាព​ធានា​ដល់​កិច្ច​ការងារ​ការពារ​ស​ន្តិ​សុខ​នៅក្នុង​សង្គម​ជូន​ប្រជាពលរដ្ឋ។

លោក​ឧត្តមសេនីយ៍ទោ​ម៉ៅ​តារា​ស្នងការ​នគរបាល​ខេត្ត មានប្រសាសន៍ថា ​៖​ ដើម្បី​ឲ្យ​ឆ្លើយតប​ទៅ​និង​តម្រូវ​ការចាំបាច់​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ​យើង​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​នៅតាម​ឃុំ​សង្កាត់​ទាំង​៣៤​ថ្ងៃនេះ ​ទទួលបាន​ម៉ូតូ​មួយគ្រឿង​បន្ថែមទៀត​ បន្ទាប់ពី​កន្លងមក​យើង​មាន​ចំនួន​៣​គ្រឿង​រួចមកហើយ​នៅតាម​ប៉ុស្តិ៍​នីមួយៗ​។​

លោកស្នងការ​បញ្ជាក់ថា ​៖​ ចាប់ពី​ឆ្នាំ​២០១៨​នេះ​ទៅ នៅតាម​ប៉ុស្តិ៍​រដ្ឋបាល​នីមួយៗ​ នឹង​ទទួលបាន​ប្រេង​សម្រាប់​ប្រើប្រាស់​ចំនួន​១២០​លីត្រ​ និង​ថវិកា​១២​សែន​រៀល​ផង​ដែរ ​ក្នុង​មួយ​ត្រីមាស សម្រាប់​ចំណាយ​បំពេញការងារ​ប្រចាំខែ។

លោក​អនុសេនីយ៍ឯក​នូ ​សុខុម​ នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថា​ឡា​ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​ទទួល​ស្គាល់​ថា ​៖​ មធ្យោបាយ​នេះ ​ពិតជា​បាន​ជួយ​សម្រួល​ដល់​មន្ត្រី​នគរបាល យើង​ទាំងអស់​បំពេញ​កិច្ច​ការងារ​បាន​លឿន​ ​​ឆាប់​រហ័ស​ ​និងមាន​សមត្ថភាព​រឹងមាំ ​ស្របតាម​គោល​ការ​ណ៍​របស់​រាជរដ្ឋាភិបាល​ក្នុងការ​កំណែ​ទម្រង់​កងកម្លាំង​នគរបាល​ជាតិ​តាម​ការ​អភិវឌ្ឍ​​​រីកចម្រើន​របស់​ប្រទេសជាតិ​ពេល​បច្ចុប្បន្ន​នេះ​។

លោក​​មន្ថែម​ថាៈ ​ដើម្បី​ប្រសិទ្ធភាព​លើ​ការងារ​នេះ​ តំណាង​ឲ្យ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទាំងអស់​ និង​ខិតខំ​ព្យាយាម​បំពេញ​តួនាទី​របស់​ខ្លួន​-​ការ​គោរពវិន័យ​-​មាន​អត្តចរិត​សីលធម៌​ល្អ​-​មាន​ជំនាញ​-​និង​ចេះ​ផ្តល់​ការអប់រំ​ដល់​ប្រជាពលរដ្ឋ ​និង​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​មាន​ប្រសិទ្ធភាព ​និង​ប្រសិទ្ធ​ផល​។

សូម​បញ្ជាក់​ថា ​៖​ នេះ​ជា​ទិសដៅ​របស់​ក្រសួងមហាផ្ទៃ​ក្នុង​ការ​ពង្រឹង​កងកម្លាំងប្រដាប់អាវុធ​របស់​រាជរដ្ឋាភិបាល​ ដែល​បាន​ដាក់ចេញ​នៅ​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​៥​ឆ្នាំ​២០១៥-២០១៩ ​ធ្វើ​ឲ្យ​សង្គម​មាន​សន្តិសុខ​ល្អជា​ពិសេស​បំពេញបន្ថែម​នូវ​គ្រប់​មធ្យោបាយ​ដើម្បី​បម្រើ​ប្រជាពលរដ្ឋ​ និងធ្វើ​ឱ្យ​ភូមិ​ឃុំ​កាន់​តែមាន​សុវត្ថិភាព​៕




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu