Ad Code

ទើប​ចេញពី​ពន្ធនាគារ​បាន​៧​ខែ​៧​ថ្ងៃ អាល័យ​ខ្លាំង​ពេក​ទៅ​គុក​វិញ



កំពង់ចាម​ ៖​ អតីត​ទណ្ឌិត​គំនិត​ពាល ទើប​ចេញពី​ពន្ធនាគារ​បាន​៧ ខែ​៧​និង​ថ្ងៃ ​នឹក​អាល័យ​កន្លែង​ចាស់​ខ្លាំងពេក​ ក៏​ត្រឡប់​ទៅវិញ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​មួយ​គ្រឿង​ពី​ជនរងគ្រោះ​ហើយ ត្រូវ​សមត្ថកិច្ច​ចាប់បាន។

ប៉ូលិស​បាន​អោយ​ដឹង​ថា នៅ​ថ្ងៃទី​១៦​ ខែ​កក្កដា ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៨​និង​៣០​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល ឃុំ​ហាន់​ជ័យ ​បាន​ទទួល​ព័ត៌មាន ​និង​បណ្ដឹង​ពី​ឈ្មោះ ​ស្រ៊ី ស៊ុយ​ទ្រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​មាន់​ហើរ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ​ខេត្ត​កំពង់ចាម ប្តឹង​ថា ​មាន​ករណី​ចោរ​ចូល​ផ្ទះ​លួច​យក​(​ម៉ូតូ​)​ចំនួន​១​គ្រឿង​ម៉ាក​វីវ៉ា ពណ៌​ខ្មៅ ដែល​ទុក​នៅ​ក្រោមផ្ទះ​របស់​ខ្លួន។

ប៉ូលិស​បាន​បន្ត​ថា ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន ​និង​បណ្ដឹង​ភ្លាម​ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​កំពង់សៀម សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ហាន់ជ័យ ចាត់វិធានការ​ជាបន្ទាន់​ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ស្រាវជ្រាវ​រក​ជន​សង្ស័យ រហូតដល់​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃ​ដដែល​ទើប​សមត្ថកិច្ច​នគរបាល​យើង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​១​នាក់ ឈ្មោះ គាន លាង​ហ៊ុយ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ហាន់ជ័យ ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម រួម​ទាំង​ដកហូត​បាន​វត្ថុ​តាង​ម៉ូតូ​១​គ្រឿង​ម៉ាក​វីវ៉ា ពណ៌​ខ្មៅ ,​ជញ្ជីង​ចំនួន​១ កាំបិតផ្គាក់​ចំនួន​១ ,​ពូថៅ​ចំនួន​១ និង​ម៉ូទ័រ​កាត់​ដែក​ចំនួន​២​ បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ធ្វើការ​សាកសួរ។

នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​ បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន។

ប៉ូលិស​បាន​បញ្ជាក់​ថា កន្លងមក ជន​សង្ស័យ​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកំពង់ចាម រយៈពេល​១៨​ខែ ករណី​លួច​កុំព្យូទ័រ​នៅ​ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ទើប​ចេញពី​ពន្ធនាគារ​បាន​រយៈពេល​៧​ខែ។

បច្ចុប្បន្ន​ជនសង្ស័យ​ខាង​លើ​កំពុង​ឃាត់ខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់សៀម ដើម្បី​បំពេញ​សំណុំ​បែបបទ​តាម​នីតិវិធី៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu