Ad Code

សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​ថា ការ​បោះឆ្នោត បាន​ប្រព្រឹត្តិ​ទៅ​ដោយ​រលូន និង​បរិយាកាស​ល្អ​ប្រសើរ



ភ្នំពេញ​ ៖ ​ការ​បញ្ជាក់​របស់​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​នេះ ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ល្ងាច​ថ្ងៃទី​២៩ ខែកក្កដា ក្រោយ​បញ្ចប់​ការបោះឆ្នោត។

លោក​បណ្ឌិត ហេង វណ្ណដា ប្រធាន​សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នៅ​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នេះ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា ដែល​មាន​គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន​១០៣ ជា​សមាជិក បាន​ចាត់តាំង​សមាជិក ចំនួន ២៥៩៥​នាក់ ដែលជា និស្សិត សាស្ត្រាចារ្យ បញ្ញវន្ត គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា គ្របដណ្តប់​តាម​ការិយាល័យ​បោះឆ្នោត​ទាំង ២៥​ខេត្ត​-​ក្រុង ទូទាំង​ប្រទេស​ជា​លក្ខណៈ​ចល័ត និង​អចល័ត ដើម្បី​ធ្វើជា​អ្នកសង្កេតការណ៍​ជាតិ​សម្រាប់​ការបោះឆ្នោត​។

តាម​ការពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ ហ្មត់ចត់ និង ប្រកបដោយ​ការទទួលខុសត្រូវ ទៅលើ​ការបោះឆ្នោត​នេះ សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា បាន​សង្កេតឃើញថា

១-​ការ​ចុះឈ្មោះ​អ្នកបោះឆ្នោត ការពិនិត្យ​មើល​ឈ្មោះ​អ្នកបោះឆ្នោត អញ្ជើញ​ទៅ​បោះឆ្នោត ពេល​តម្រង់​ជួរ ពេល​ចូល​ទៅ​បោះឆ្នោត​ និង​ត្រឡប់​ចេញ​វិញ គឺ​ដោយ​ស្ម័គ្រចិត្ត គ្មាន​ការ​បង្ខិតបង្ខំ ប្រកបដោយ​ទឹកមុខ​រីករាយ​។​

២-​ការ​ចុះឈ្មោះ​គណបក្ស ការ​បើក​ទីស្នាក់ការ​គណបក្ស ការលើក​ស្លាក​គណបក្ស ការចុះឈ្មោះ​ភ្នាក់ងារ​គណបក្ស និង​អ្នកសង្កេតការ​ជាតិ​-​អន្តរជាតិ និង​សកម្មភាព​ឃោសនា​រក​សំឡេង​ឆ្នោត សកម្មភាព​របស់​អ្នក​សង្កេតការណ៍ អ្នក​សារព័ត៌មាន បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន គ្មាន​ហិង្សា គ្មាន​ការជេរប្រមាថ គ្មាន​សម្លុត​គំរាមកំហែង​គ្នា និង គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត។

៣-​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​មាន​លក្ខណៈ​ធម្មតា គ្មាន​ភ័យខ្លាច មិន​ទិញ​អង្ករ​ទុក មិន​ចាក់​សាំង​ទុក​ក្នុង​យាន​ជំនិះ មិន​បញ្ជូន​គ្រួសារ​ទៅ​បរទេស មិន​ដក​ប្រាក់​ពី​ធនាគារ ក្រុមហ៊ុន​នៅតែ​ទិញ​លក់​ជំពាក់​គ្នា​ជា​ធម្មតា ពន្ធ​នៅតែ​បង់​ធម្មតា​…​។​ល​។​

៤-​អាជ្ញាធរ​ដែនដី​នៅតែ​គ្រប់គ្រង​រដ្ឋ​ជា​ធម្មតា គ្រប់គ្រង​ថែរក្សា​សន្តិសុខ​សង្គម​ដោយ​មិន​រើសអើង​គណបក្ស ឬ​ប្រជាពលរដ្ឋ​។
៥-​ស្ថាប័ន​ជាតិ​គ្រប់លំដាប់​ថ្នាក់ នៅតែ​បន្ត​ភារកិច្ច​របស់ខ្លួន​ជាធម្មតា មានចិត្ត​នឹងន អញ្ជើញ​មក​បោះឆ្នោត​ដោយ​ស្ម័គ្រចិត្ត​ដូច​ពលរដ្ឋ​ដទៃ​ដោយ​គ្មាន​ការ​បង្ខិតបង្ខំ។

៦-​អ្នកនយោបាយ ដែល​ឈរ​ឈ្មោះ​បោះឆ្នោត បាន​ចុះទៅ​មូលដ្ឋាន​នានា​ដើម្បី​ឃោសនា​រក​សម្លេង​ឆ្នោត​ដោយ​គោរព​ទៅតាម​ច្បាប់បោះឆ្នោត។

សមាគម​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​កម្ពុជា​បាន​សន្និដ្ឋាន​ថា
១-​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នេះ ពិតជា​បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន គោរព​ច្បាប់ គោរព​សិទ្ធិ​មនុស្ស គ្មាន​ការបង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ មាន​សណ្ដាប់ធ្នាប់​ល្អ និង​ស្ថិតនៅ​ក្នុង​បរិយាកាស​នយោបាយ​ប្រជាធិបតេយ្យ សេរី និង​ពហុបក្ស​។

២-​ស្ថាប័ន គ​.​ជ​.​ប ជា​ស្ថាប័ន​តែមួយគត់​របស់​ជាតិ បាន​អនុវត្ត​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នេះ ស្របទៅតាម​ច្បាប់បោះឆ្នោត និង លិខិតបទដ្ឋាន​គតិយុត្តិ​, និង​បាន​ប្រកាន់យក​ជំហរ​អព្យាក្រឹត្យ យុត្តិធម៌ ស្អាតស្អំ និង​តម្លាភាព​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu