Ad Code

លី​គ​កំពូល​កម្ពុជា ​៖ ​បឹងកេត កាន់តែ​ឃ្លាត​នៅ​តំបន់​កំពូល​តារាង ត្រឹម​សប្ដាហ៍​ទី​១៤



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានបញ្ចប់​សកម្មភាព​ប្រកួត​សប្ដាហ៍​ទី​១៤ របស់ខ្លួន​កាលពី​ចុង​សប្ដាហ៍​កន្លងទៅនេះ ខណៈ​ក្រុម​បឹងកេត ដែលជា​ម្ចាស់​ជើងឯក​ឆ្នាំ​ចាស់​បន្ត​កៅអី​កំពូល​តារាង​។

​សរុប​លទ្ធផល​នៅ​សប្ដាហ៍​ទី​១៤ នេះ​មាននៅ​ថ្ងៃ​សៅរ៍ ទី​១៤ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​ក្រសួងការពារជាតិ ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៣​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចាញ់​ក្រុម​បឹងកេត ១​ទល់​០ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​សូល​ទី​ឡូ​អង្គរ ឈ្នះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ៣​ទល់​០ នៅលើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ នៅ​ថ្ងៃអាទិត្យ ទី​១៥ ខែកក្កដា ឆ្នាំ​២០១៨ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ បើកទ្វា​កីឡដ្ឋាន​ខេត្តសៀមរាប បាន​ស្មើគ្នា​ជាមួយ​ក្រុម​ណាហ្គា​វើ​ល ១​ទល់​០ ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ចាញ់​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ៤​ទល់​២ លើ​ទីលាន​កីឡដ្ឋាន​អគ្គីសនី​កម្ពុជា និង​ក្រុម​ភ្នំពេញ​ក្រោ​ន ចាញ់​ក្រុម​វិសាខា ៣​ទល់​១​លើ​ទីលាន​កីឡដ្ឋាន RSN Stadium​។



ងាក​មក​មើល​ចំណាត់ថ្នាក់​ត្រឹម​សប្ដាហ៍​ទី​១៤ កន្លងទៅ​ប្រចាំ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នេះ​វិញ ឃើញថា​ក្រុម​បឹងកេត​អែ​ហ្វ​ស៊ី បន្ត​ឡើងឈរ​កំពូល​តារាង មាន​៣៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២ ក្រុម​វិសាខា មាន​៣២​ពិន្ទុ ក្រុម​ណាហ្គា​វើ​ល ធ្លាក់​ទៅ​លេខ​៣ មាន​៣២​ពិន្ទុ តែ​ខុស​ត្រង់​រូបមន្ត Head to Head​។ ក្រុម​លេខ​៤​ក្រសួងការពារជាតិ មាន​៣០​ពិ​ន្ទុ ខណៈ​ក្រុម​លេខ​៥ ភ្នំពេញ​ក្រោ​ន មាន​២១​ពិន្ទុ ក្រុម​លេខ​៦ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ មាន​២០​ពិន្ទុ លេខ​៧ ព្រះខ័ន​រាជ​ស្វាយរៀង មាន​២០​ពិន្ទុ ដែរ ក្រុម​លេខ​៨ អាស៊ី​អឺរ៉ុប មាន​១៨​ពិន្ទុ​។ ក្រុម​លេខ​៩​សូល​ទី​ឡូ​អង្គរ មាន​១៤​ពិន្ទុ ហើយ​ក្រុម​លេខ​១០ អង្គ​រថា​យ​ហ្គឺ​រ មាន​១២​ពិន្ទុ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ មាន​៥​ពិន្ទុ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មិនទាន់មាន​ពិន្ទុ​។



ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើង​មាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង ​ដែល​មាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship ជាដើម​។



​តាម​គ្រោង​ប្រកួត​សប្ដាហ៍​ទី​១៥ ដែលជា​សប្ដាហ៍​បន្ទាប់​នៅ​ថ្ងៃ​សៅរ៍ ទី​២១ ខែកក្កដា ឆ្នាំ២០១៨ ក្រុម​អាស៊ី​អឺរ៉ុប ត្រូវ​បើកទ្វារ​កីឡដ្ឋាន AEU Sport Park របស់ខ្លួន​ទទួល​ក្រុម​វិសាខា វេលា​ម៉ោង​៣​រសៀល ហើយ​ក្រុម​បឹងកេត ទទួល​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​វេលា​ម៉ោង​៣និង៣០​នាទី​ល្ងាច​ លើ​ទីលាន​កីឡដ្ឋាន​ខេត្តសៀមរាប​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​២២ ខែកក្កដា វិញ​ក្រុម​វេស្ទើ​ន​ភ្នំពេញ ជួប​ក្រុម​ក្រសួងការពារជាតិ នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​វេ​ស្ទើ​ន ហើយ​ក្រុម​ណាហ្គា​វើ​ល ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន នៅវេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់ និង​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​ពហុកីឡដ្ឋាន​ជាតិ​៕

   



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu