Ad Code

ស្លាប់​មនុស្ស​៣​នាក់ ក្នុង​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ នៅ​ប្រទេស​ថៃ​



ប្រទេស​ថៃ ៖ អាកាសយានិក​ម្នាក់ និង​អ្នករួមដំណើរ​ចំនួន​២​នាក់​ទៀត បាន​ស្លាប់​ភ្លាមៗ​នៅក្នុង​ហេតុការណ៍ នៃ​ការ​ធ្លាក់​ឧទ្ធម្ភាគចក្រ​ នៅក្នុង​ប្រទេស​ថៃ ដោយ​មិនទាន់​ដឹង​ថា​ តើ​ការធ្លាក់​នេះ​បណ្តាល​មក​កត្តា​អ្វី​នោះ​ឡើយ ខណៈ​ដែល​ឧទ្ធម្ភាគចក្រ​នេះ ត្រូវបាន​ក្រុមការងារ​របស់​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៧ ជួល​អោយ​ហោះហើរ​ដើម្បី​ផ្តិត​យក​រូបភាព​ក្នុង​ការធ្វើ​ព័ត៌មាន​នៅក្នុង​ខេត្ត ខន​កែន។​

យោងតាម​ការផ្សាយ​រប​ស់​បណ្តាញ​ព័ត៌មាន​ក្នុងប្រទេស​ថៃ​បានអោយដឹងថា កាលពី​ព្រឹក​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ នេះ មាន​ករណី​ធ្លាក់​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​នៅ​ចំណុច​កណ្តាល​វាលស្រែ ក្នុងភូមិ​សាស្ត្រ​ភូមិ​២ ឃុំ​វុំាង​សែង ស្រុក​ជនបទ​ ខេត្ត​ខន​កែន​ ប្រទេស​ថៃ។

នៅ​កន្លែងកើតហេតុ​គេ​​សង្កេត​ឃើញថា ឧទ្ធម្ភាគចក្រ​ទាំងមូល​ត្រូវ​អណ្ដាតភ្លើង​ឆាបឆេះ​ទាំងស្រុង ដោយមាន​បំណែក​ជាច្រើន​បាន​ប៉ើង​ ខ្ទាត ទៅ​ឆ្ងាយៗ​ពី​ចំណុច​ដែល​ធ្លាក់​ ហើយ​ក្រុមការងារ​សង្គ្រោះ បាន​ប្រើប្រាស់​ឧបករណ៍​ដើម្បី​ជួយ​បាញ់​ពន្លត់ភ្លើង និង​ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​ជាប់​នៅក្នុង​នោះ ដោយ​ឧទ្ធម្ភាគចក្រ​នេះ​ជា​របស់​ឯកជន​ និង​ជា​ប្រភេទ AS 355 NP។

ជា​លទ្ធផល​មនុស្ស​ចំនួន​៣​នាក់ ត្រូវ​បាន​ស្លាប់​ដោយ​បន្សល់​នូវ​អត្តសញ្ញាណប័ណ្ណ​ ដែលមាន​ឈ្មោះ សែក​សាន់ វណ្ណា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ជា​អ្នករស់នៅ​ស្រុក​មឿង​ខេត្ត​ភិត​ប៊ូ​ន និង​ឈ្មោះ វណ្ណ​ឆៃ ឃុន​រ៉ាត់​ឆៃ ជា​អាកាសយានិក របស់​ក្រុមហ៊ុន SFS AVIATION Co. LTD រីឯ​ម្នាក់ទៀត​គឺ​កំពុង​ស្រាវជ្រាវ​នៅឡើយ ដោយ​គេ​គ្រាន់តែ​ដឹងថា​ ឧទ្ធម្ភាគចក្រ​នេះ បាន​ហោះហើរ​ចេញពី​ខេត្ត សារៈ​បុរី និង​មាន​លិខិត​ហោះហើរ ទៅកាន់​ខេត្ត ខន​កែន។​

ប្រភព​ចុងក្រោយ​បាន​បញ្ជាក់ថា ការហោះហើរ​នេះ​ដោយសារ​តែមាន​ការជួល​ពី​សំណាក់​ភ្នាក់ងារ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៧ ដើម្បី​ធ្វើ​ព័ត៌មាន​ដោយ​នៅ​ពេល​នោះ​ក្រុម​បណ្តា​អ្នកសារព័ត៌មាន​នៅ​ឈរ​រង់ចាំ​ឯ​ព្រលានយន្តហោះ ក្នុង​ខេត្ត​ខន​កែន ប៉ុន្តែ​ជា​ចៃដន្យ​ឧទ្ធម្ភាគចក្រ​ក៏បាន​ធ្លាក់​ឆេះ​មុន​ទៅដល់​ព្រលាន​ចម្ងាយ​ប្រមាណ ៧០ គីឡូម៉ែត្រ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu