Ad Code

សិស្ស​ប៊ែ​ល​ធី ៦៤​នាក់ បាន​វិល ត្រឡប់​មកពី​បោះជំរំ​អន្តរជាតិ​នៅ​សាធារណរដ្ឋ​កូរ៉េ



ភ្នំពេញ ​៖ កាលពី​យប់​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៨ សិស្ស​ប៊ែ​ល​ធី​ចំនួន ៦៤​នាក់ បាន​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ​ បន្ទាប់ពី​បាន​ចំណាយពេល ១៤​ថ្ងៃ ក្នុងការ​ចូលរួម​កម្ម​វិធី​បោះជំរំ​អន្តរជាតិ (World Camp 2018) នៅ​ប្រទេស​កូរ៉េ ប្រកបដោយ​ជោគជ័យ។ ការបោះ​ជំរំ​ជា​អន្តរជាតិ​នេះ មាន​យុវជន​ជាង​៤.០០០​នាក់ មកពី ៨០​ប្រទេស​នៅលើ​ពិភពលោក ហើយ​ក៏មាន​រដ្ឋមន្ត្រីក្រសួង​អប់រំ​មកពី​បណ្តា​ប្រទេស​នានា ចំនួន​២២ ចូលរួម​ផងដែរ​។​

ក្នុងឱកាស​ទទួល​វត្តមាន​សិស្ស​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ លោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែ​ល​ធី គ្រុប និង​ជា​ប្រធាន​គណៈ​គ្រប់គ្រង​នាយក​សាខា បាន​មានប្រសាសន៍ ថ្លែងអំណរគុណ​ដល់​អ​ង្គ​ការ​សម្ព័ន្ធ​យុវជន​អន្តរជាតិ (IYF) ដែល​សហការ និង​ផ្តល់ឱកាស​ឲ្យ​សិស្ស​ប៊ែ​ល​ធី​បាន​ទៅ​ចូលរួម​ក្នុង​កម្មវិធី​បោះជំរំ​ជា​អន្តរជាតិ​នៅ​សាធារណរដ្ឋ​កូរ៉េ ហើយ​នេះ​ជា​លើ​ទី​៥ ដែល​សាលា ប៊ែ​ល​ធី អន្តរជាតិ បាន​បញ្ជូន​សិស្ស​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នេះ ដែលមាន​ចំនួន​សរុប ៤៧៣​នាក់​។

ការចូលរួម​ក្នុង​កម្មវិធី​នេះ គឺ​ផ្តោតទៅលើ​ភាពជា​អ្នកដឹកនាំ​ការតម្រង់ទិស​យុវជន​ក្នុង​សតវត្សរ៍​ទី​២១ និង​សិក្សា​ពី​បរិបទ នៃ​ការអប់រំ​បែប​វិទ្យាសាស្ត្រ​ទំនើប ហើយ​សិស្ស ប៊ែ​ល​ធី​ទាំង ៦៤​នាក់​ក៏បាន​ទៅ​ទស្សនា​ស្វែងយល់​ពី​តំបន់​សំខាន់ៗ​ជាច្រើន​ដូចជាៈ ទីក្រុង​សេ​អ៊ូ​ល ទីក្រុង​ប៊ូសាន តំបន់​ប្រ​វិត្ត​សាស្ត្រ និង​តំបន់​ទេសចរណ៍​ផ្សេងៗ​ទៀតផង​ដែរ​។

លោក​ក៏បាន​បន្តរ​ទៀតថា គោលបំណង និង​អត្ថប្រយោជន៍ នៃ​ការចូល​រួមការ​បោះជំរំ​នេះ​គឺ សាលា​ចង់​ឲ្យ​សិស្ស​របស់​យើង​មាន​ភាពក្លាហាន ចេះ​សម្រប​ខ្លួន​ក្នុង​ការរស់នៅ និង​ធ្វើការ​ជា​ក្រុម ជាមួយ​ជាតិ​សាសន៍​ផ្សេងៗ​គ្នា​ដើម្បី​ដកស្រង់​នូវ​បទពិសោធន៍ ពីគ្នា​ទៅវិញទៅមក ក៏ដូចជា​បាន​ផ្លាស់ប្តូរ​នៅ វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់ និង​ចំណេះដឹង​ថ្មីៗ​ដ៏ទៃទៀត​ដែល​ប្អូនៗ​ពុំ​ធ្លាប់បាន​ជួប​។

ការចូលរួម​បោះជំរំ​នេះ ក៏បាន​បង្ហាញ​ពី​សមត្ថភាព​សិស្ស​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ ដែលមាន​សមត្ថភាព​គ្រប់គ្រាន់ អាច​ចូលរួម​នៅក្នុង​កម្មវិធី​ជា​អន្តរជាតិ ក៏ដូចជា​បានបង្ហាញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​បន្ថែមទៀត​នូវ ទំនៀមទម្លាប់ ប្រពៃណី អរិយធម៌ និង​ការរីកចម្រើន​របស់​ប្រទេស​កម្ពុជា​ផងដែរ​។​

ក្រោយពី​ការវិលត្រឡប់​មកពី​បោះជំរំ​ជា​អន្តរជាតិ​នៅ​ប្រទេស​កូរ៉េខាងត្បូង​ក្នុងឱកាស​នោះ​សិស្ស​ឈ្មោះ ចាន់ ឆាយ​ហួ ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​សាខា​ទី​៣ បន្ទាប់ពី​បាន​ចូលរួម​បោះជំរុំ​អន្តរជាតិ នៅ​ប្រទេស​កូរ៉េ រយៈពេល​១៤​ថ្ងៃនេះ ប្អូន​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់ ព្រោះ​ប្អូន​បាន​ចូលរួម​កម្មវិធី​ជាច្រើន​ដែល​គេ​បង្កើតឡើង​។​

ជាក់ស្ដែង​ក្នុង​កម្មវិធី Mind Lecture ប្អូន​បាន​យល់ដឹង​ជាច្រើន​ចំណុច​ដូចជា ការ​មានគំនិត​វិជ្ជមាន ការ​មាន​កម្លាំងចិត្ត​យកឈ្នះ​ឧបសគ្គ ការចេះ​ស្រឡាញ់​ឪពុកម្ដាយ​បងប្អូន ការ​មាន​ទំនាក់ទំនង​ល្អជា​មួយ​អ្នកដទៃ ការបើក​ចិត្ត​អោយ​ទូលាយ ហើយ​នៅក្នុង​កម្មវិធី Academy Class ប្អូន​ចូលរួម​ការលេង​ល្បែង​ប្រជាប្រិយ​កូរ៉េ ការបង្កើត​សម្ភារៈប្រើប្រាស់ និង​វិធី​ថែ​សម្ផស្ស​។​

ក្នុង​កម្មវិធី​នេះដែរ ប្អូន​ដឹង​អំពី​ការប្រាស្រ័យ​ទាក់ទង​ជាមួយ​ជនជាតិ​ជាច្រើន ដោយ​ប្រើ​ភាសា​អង់គ្លេស ការធ្វើការ​ជា​ក្រុម និង​ការលេង​ល្បែង​ប្រជាប្រិយ​ជាដើម​។​

សិស្ស​ឈ្មោះ ហួ ភា​រ៉ា ជា​សិស្ស​ថ្នាក់​ទី​១១ នៅ​សាខា​ទី​៣ បាន​និយាយ​ឲ្យ​ដឹងថា ប្អូន​មាន​អារម្មណ៍​ថា​វា​ថ្មី​សម្រាប់​ប្អូន ហើយ​នៅ​ក្នុងនោះ​ក៏មាន​កម្មវិធី​ដើរ​ផ្សារ កម្មវិធី​ជិះទូក នៅក្នុង​កម្មវិធី Homestay និង​ក៏បាន​ទស្សនា​ស្វែងយល់​ពី​តំបន់​សំខាន់ៗ​ជាច្រើន​ដូចជា ទីក្រុង​សេ​អ៊ូ​ល ទីក្រុង​ប៊ូសាន និង​តំបន់​ប្រវត្តិសាស្ត្រ​ផ្សេងៗ​ទៀតផង​ដែរ​។​

តំណាង​ឲ្យ​សិស្ស​ប៊ែ​ល​ធី ប្អូន​បាន​ថ្លែងអំណរគុណ​ដល់​សាលា​ប៊ែ​ល​ធី​អន្តរជាតិ ក៏ដូចជា​ឯកឧត្តម បណ្ឌិត លី ឆេង ដែល​បាន​បង្កើត​កម្មវិធី​នេះ​ឡើង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu