Ad Code

គណបក្ស​ប្រជាជន​កម្ពុជា ​កោតសរសើរ​ចំពោះ​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​បាន​ចូលរួម​បោះឆ្នោត​​ ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​នយោបាយ សេរី ពហុបក្ស​នៅ​កម្ពុជា



ភ្នំពេញ​ ៖ គណបក្ស​ប្រជាជន​កម្ពុជា​សម្តែង​សេចក្តី​រីករាយ តាមរយៈ​សេចក្តីប្រកាស​បណ្តោះអាសន្ន​របស់ គជប ដោយបាន​ដឹងថា ប្រជាជន​ជាង ៨២,១៧% នៃ​អ្នកបោះឆ្នោត​បាន​ទៅ​ចុះឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​បាន​ទៅ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដើម្បី​បង្ហាញ​ពី​ជម្រើស និង​ឆន្ទៈ​របស់ខ្លួន​។ អត្រា​អ្នកបោះឆ្នោត​ខ្ពស់ ​បានបង្ហាញ​ពី​ភាព​រីករាយ និង​សិទ្ធិ​នយោបាយ​របស់​ប្រជាជន​កម្ពុជា ក្នុងការ​ពង្រឹង​ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស​។​

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​នៅ​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ​២០១៨ ក៏បាន​សម្តែង​នូវ​ការជឿជាក់​យ៉ាង​មុតមាំ​ថា ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស គឺជា​មូលដ្ឋានគ្រឹះ នៃ​សន្តិភាព និង​ការអភិវឌ្ឍ​ប្រកបដោយ​ចិ​រ​ភាព​។ គណបក្ស​ប្រជាជន​កម្ពុជា​សូម​កោតសរសើរ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ក្នុងការ​ផ្តល់នូវ​សេវាកម្ម​ប្រកបដោយ​វិជ្ជាជីវៈ របស់ខ្លួន​ក្នុង​ការរៀបចំ​ការបោះឆ្នោត​ជា​សកល​ប្រកបដោយ​សេរី យុត្តិធម៌ និង​តម្លាភាព​។ គណបក្ស​ប្រជាជន​កម្ពុជា​សូម​កោតសរសើរ​ចំពោះ​ប្រជាជន​កម្ពុជា​ទាំងអស់ ដែល​បាន​ចូលរួម​បោះឆ្នោត​នៅថ្ងៃនេះ ដើម្បី​ទ្រទ្រង់​ប្រព័ន្ធ​នយោបាយ សេរី ពហុបក្ស​នៅ​កម្ពុជា​។ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ភ្នាក់ងារ​គណបក្ស អ្នកសង្កេតការណ៍​បោះឆ្នោតជាតិ និង​អន្តរជាតិ​មកពី​បណ្តា​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល អង្គការ​អន្តរជាតិ និង​អង្គការ​បណ្តាញ​គណបក្ស​នយោបាយ​អន្តរជាតិ មកពី​ប្រទេស​ចំនួន ៥២ ជុំវិញ​ពិភពលោក ដើម្បី​ធ្វើជា​សាក្សី នៃ​ប្រជាធិបតេយ្យ​ពិតប្រាកដ​នៅ​កម្ពុជា​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu