Ad Code

ករណី​គាស់​ទម្លុះទម្លាយ​នៅ​ស្រុក​សំពៅ​លូន អស់ទ្រព្យ​សម្បត្តិ​ប្រមាណ​១០​ម៉ឺន​បាត



បាត់ដំបង ៖ លុយកាក់ និង​គ្រឿងអលង្ការ សរុប​ប្រមាណ ១០​ម៉ឺនបាត ត្រូវបាន​ម្ចាស់​ធ្វើការ​ឆោឡោ​ទាំង​កណ្តាល​ថ្ងៃ​ថា ត្រូវបាន​ជន​មិន​ស្គាល់មុខ​ធ្វើ​សកម្មភាព​គាស់​ទ្វារក្រោយ​ចូល​ប្រមូល​គ្មាន​សល់ បន្ទាប់ពី​ជនរងគ្រោះ​បាន​ប្រមូល​ភោគផល​ពោត​ដើម្បី​លក់​ចេញ​ទៅលើ​ទីផ្សារ​រួចមក។​

តាម​ការអះអាង​ពី​ស្ត្រី​ដែលជា​ម្ចាស់ផ្ទះ និង​ក៏​ជា​ជនរងគ្រោះ​ដែលមាន​ឈ្មោះ អ៊ុំ ប៉ុន​ ភេទ​ស្រី អាយុ​៥៦​ឆ្នាំ មាន​មុខរបរ​ជា​គ្រូពេទ្យ រស់នៅ​ត្រង់​ចំណុចកើតហេតុ នៅ​ភូមិ​តា​ស្តា​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង បាន​លើកឡើងថា ករណីនេះ​អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង ២ រសៀល ដល់​ម៉ោង ៦ ល្ងាច ថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០១៨ខណៈដែល​អ្នកស្រី​មិនបាន​នៅផ្ទះ។​

សមត្ថកិច្ច​មូលដ្ឋាន​បាន​បង្ហើប​អោយដឹងថា ឆ្លងតាម​ការពិនិត្យ​គឺមាន​ជន​មិន​ស្គាល់មុខ​បានធ្វើ​សកម្មភាព​គាស់​ទ្វារ​ខាងក្រោយ​ផ្ទះ ព្រមទាំង​បាន​ចូល​រើ កកាយ សម្ភារៈ​ក្នុងផ្ទះ​ ហើយ​បាន​យកលុយ និង​គ្រឿងអលង្ការ​មួយចំនួន គេច​ចេញទៅ​បាត់​ដោយ​មិនមាន​បន្សល់​ដាន​អ្វី​បន្តិច​ទាល់តែសោះ សូម្បីតែ​ដី​ខាងក្រោយ​ផ្ទះ​ដែល​សើម​ទើបនឹង​ភ្លៀង​រួច​ក៏​មិនមាន​ដានជើង​ដែរ នេះ​បាន​ពិតជា​ចោរ​ជើងឆើត​មែន។

ទ្រព្យសម្បត្តិ​ដែល​បាត់បង់​រួមមាន ប្រាក់​បាត​ចំនួន ៥០ ០០០ បាត និង​ខ្សែដៃ ធ្វើ​អំពី​មាស​តម្លៃ​ប្រហែល ៥០ ០០០ បាត​ដូចគ្នា សរុប​អស់​ប្រមាណ ១០​ម៉ឺន​បាត។ គួរ​បញ្ជាក់ដែរថា​ នៅខាងមុខ​ផ្ទះ​របស់​ស្ត្រី​រងគ្រោះ គឺមាន​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយកន្លែង​ដែរ ដែលជា​របស់​កូន​ ដោយមាន​បំពាក់​កាមេរ៉ា​សុវត្ថិភាព​ផងដែរ ប៉ុន្តែ​មិនអាច​មើលឃើញ​នោះទេ​ដោយសារ​ចោរ​ចូល​ពី​ខាងក្រោយ។​

ហើយ​នៅ​ប៉ុន្មាន​ឆ្នាំមុន​អ្នកស្រី​ក៏​ធ្លាប់មាន​ចោរ​មូល​គាស់​ផ្ទះ​ម្តង​រួចមកហើយ​ដែរ ដោយបានប្រមូលយក​លុយកាក់​អស់យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់ បន្ទាប់ពី​បាន​ប្រមូល​ផល​ពោត​រួចដូចគ្នា មានន័យថា​ចោរ​នេះ​ពិតជា​ឆ្លាត​មែន​ពេល​លក់​ពោត​រួច ទើប​គេ​ចាប់ផ្តើម​លួច​ដោយ​បច្ចុប្បន្ន សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​ទៅលើ​ករណីនេះ ដើម្បី​អោយដឹងថា​ចោរ​នោះ​ជា​នរណា ?៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu