ភ្នំពេញ ៖ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សម្រាប់ខណ្ឌសែនសុខរាជធានីភ្នំពេញប្រជាជន បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ និងច្រើនលើសលប់ជាងគេនៅក្នុងចំណោមគណបក្សចំនួន១៩ផ្សេងៗទៀត ដែលបានចូលរួមប្រកួតប្រជែង។
តាមរបាយការណ៍ផ្លូវការរបស់អាជ្ញាធរខណ្ឌសែនសុខបានបញ្ជាក់ថា នៅក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតមានប្រជាជនចំនួន៨៦៨៩៦នាក់ ដែលក្នុងនោះនៅពេលបោះឆ្នោត ពួកគេបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ចំនួន៤២៣៣២សំឡេង ស្មើនឹង៦៨%។
មន្ត្រីតំណាងគណៈកម្មការជាតិរៀបចំការបោះឆ្នោត(គជប)បានបញ្ជាក់ថា នៅក្នុងមូលដ្ឋានខណ្ឌសែនសុខ មានប្រជាជនចុះឈ្មោះបោះឆ្នោតចំនួន៨៦៨៩៦នាក់ ក្នុងនោះអ្នកដែលបានមកបោះឆ្នោតបានចំនួន៦០០០០នាក់ ប៉ុន្តែគេបោះឆ្នោតបែបអនុបវាទ(មិនបានការ) ចំនួន១០០៦៨សំឡេង សរុបអ្នកមិនមកបោះឆ្នោតរួមនឹងសន្លឹកឆ្នោតអនុបវាទមានចំនួនជាង៣០០០០ម៉ឺននាក់ក្នុងចំណោមអ្នកចុះឈ្មោះ ចំនួន៨៦៨៩៦នាក់។
គជប បានប្រកាសលទ្ធផលបណ្ដោះអាសន្នថា គណបក្សប្រជាជនកម្ពុជា ប្រចាំខណ្ឌសែនសុខ បានទទួលសំឡេងឆ្នោតគាំទ្រចំនួន៤២៣៣២សំឡេង ដែលជាសំឡេងឆ្នោតឈ្នះដាច់គេក្នុងចំណោមគណបក្សចំនួន១៩ផ្សេងទៀតដែលបានចុះឈ្មោះប្រកួតប្រជែង៕
Source: Kampuchea Thmey Daily
0 Comments