បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់មួយ បានកើតឡើងរវាងរថយន្តម៉ាកតូយ៉ូតាបាឡែន បើកលឿនពេកវ៉ាក់នឹងរថយន្តធំក្នុងទិសដៅបញ្ច្រាសទិសគ្នា ក៏រេចង្កូតទៅបុកដែកក្រាស់បង្កាន់ស្ពានរបងបណ្តាលឲ្យធ្លុះមុតចូលកប់ក្នុងរថយន្តតូចធ្លាយមកក្រៅគួរឲ្យរន្ធត់ខ្លាំងសំណាងល្អអ្នកបើករថយន្តតូចគ្មានគ្រោះថ្នាក់ដល់អាយុជីវិត។
លោក សួន នីប៉ូ នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យឲ្យដឹងថា គ្រោះថ្នាក់នោះ កើតឡើងនៅម៉ោង២និង៣០នាទីរសៀលថ្ងៃទី២៨ខែកក្កដា ឆ្នាំ២០១៨ លើផ្លូវជាតិលេខ៥ ម្តុំស្ពានទឹកថ្លា ភូមិសង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកអ្នកបើករថយន្តតូច មានឈ្មោះលឹម តុលា ភេទប្រុស អាយុ៣៣ឆ្នាំរស់នៅ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរិសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកនិយាយបន្តថា នៅមុនពេលកើតហេតុនោះ មានរថយន្តកាមរីបើកពីទិសខាងកើតទៅលិច លុះដល់ចំណុចកើតហេតុក៏បានបួងចង្កូតគេចទាំងជំហរពីរថយន្តធំ១គ្រឿងដែលយ៉ាងលឿនពីទិសខាងលិចទៅកើត ហើយរំលោភមកក្នុងចំណែកគន្លងផ្លូវរបស់ខ្លួន បណ្តាលឲ្យរេចង្កូតទៅបុកបង្កាន់ដៃស្ពានទឹកថ្លា ហើយដាច់ដែកបង្កាន់ដៃធ្លុះចូលក្នុងរថយន្ត រួចធ្លាយស្រួចចេញមកក្រៅទៀត។
លោកសួន នីប៉ូ និយាយបន្តថា មើលទិដ្ឋភាពនិងបច្ចេកទេសនៃគ្រោះថ្នាក់ចរាចរណ៍នោះ គួរឲ្យតក់ស្លុតរន្ធត់ ហើយនរណាក៏មិនជឿថា អ្នកបើករួចផុតពីគ្រោះថ្នាក់បែបនេះដែរ នេះជាសំណាង១ក្នុង១.០០០គ្រោះថ្នាក់ហើយ។
គួរបញ្ជាក់ដែរថា ក្នុងគ្រោះថ្នាក់នោះ ភាគីរថយន្តធំបានបើកគេចបាត់ បន្ទាប់ពីឃើញរថយន្តតូចដែលគេចពីខ្លួន មានគ្រោះថ្នាក់បែបនេះ ចំណែករថយន្តតូចត្រូវបានសមត្ថកិច្ចអូសយកមកថែរក្សាទុកនៅស្នងការដើម្បីដោះស្រាយនៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments