ភ្នំពេញ ៖ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអះអាងថា ទោះបីមានការទប់ស្កាត់ រារាំង និងគាបសង្កត់ពីក្រុមអមិត្ត តែប្រជាពលរដ្ឋ នៅតែចេញមកបោះឆ្នោតយ៉ាងគគ្រឹកគគ្រេង ហើយលោកបានអំពាវនាវឲ្យប្រជាពលរដ្ឋទទួលយកជោគជ័យ ពីព្រោះវាជាជោគជ័យរបស់ប្រទេសយើង។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងប្រាប់អ្នកសារព័ត៌មានបែបនេះ បន្ទាប់ពីលោកបានចូលរួមបោះឆ្នោត កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា។ លោកថ្លែងយ៉ាងនេះថា “ខ្ញុំបានរីករាយយ៉ាងខ្លាំងក្រោយពេលឃើញថា ប្រជាពលរដ្ឋខ្មែរ កូនខ្មែរមានការស្រឡាញ់លទ្ធិប្រជាធិបតេយ្យពិតប្រាកដ មិនក្លែងក្លាយ ហើយបានមកអនុវត្តសិទ្ធិរបស់ខ្លួនប្រកបដោយជោគជ័យ អ្នកណាឈ្នះជារឿងមួយ ប៉ុន្តែនេះជាជោគជ័យរបស់ប្រជាជនកម្ពុជាយើងទាំងមូល”។
ចំពោះស្ថានការបោះឆ្នោតទាំងមូល លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានលើកឡើងថា “ខ្ញុំទទួលព័ត៌មានថា នៅទូទាំងប្រទេស គ្មានការិយាល័យណាមួយមិនមានសកម្មភាពនោះទេ ហើយការិយាល័យនេះ ក៏មានសកម្មភាពដូចការិយាល័យផ្សេងដែរ”។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានអំពាវនាវឲ្យប្រជាពលរដ្ឋយើងមកទទួលយកជោគជ័យទាំងអស់គ្នា ពីព្រោះវាជាជោគជ័យរបស់ប្រទេសយើង ហើយគ្មានជោគជ័យរបស់អ្នកណាទេ វាជាជោគជ័យរបស់យើងទាំងអស់គ្នា ជាជោគជ័យរបស់ប្រជាជនខ្មែរ របស់កូនខ្មែរ អ្នកណាប្រឆាំងជោគជ័យនេះ មិនមែនជាខ្មែរទេ។
លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង បានលើកឡើងទៀតថា “ខ្ញុំនៅតែឃើញថា ប្រៀបធៀបជាមួយអាណត្តិមុនៗ ខ្ញុំនៅតែឃើញថា ការបោះឆ្នោតមុនៗ និងការបោះឆ្នោតលើកនេះ ទោះបីការបោះឆ្នោតមិនទាន់បញ្ចប់ក្តី មានចំណុចល្អច្រើនណាស់ បើប្រៀបធៀបជាមួយមុនៗ ភាពសប្បាយនៅក្នុងចិត្ត ភាពស្រឡះនៅក្នុងចិត្ត ហើយភាពអង់អាចនៃអ្នកបោះឆ្នោត ក៏បានលេចឡើង ពីព្រោះទោះបីមានការទប់ មានការរាំងស្កាត់ជាច្រើន គាបសង្កត់មកលើអ្នកបោះឆ្នោតយើង មិនឲ្យមកបោះឆ្នោត ប៉ុន្តែផ្ទុយទៅវិញ ការគាបសង្កត់នេះមិនអាចយកឈ្នះនូវឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរយើងទេ ថ្ងៃសមិនជាថ្ងៃយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជានោះទេ ពីព្រោះថ្ងៃស យើងទាំងអស់គ្នាស្ងប់ស្ងាត់ តែកម្លាំងអមិត្តគេបានប្រើប្រាស់អស់ បំពងសំឡេងរបស់ពួកគេ ដើម្បីប្រឆាំង ដើម្បីវាយកម្ទេច ដើម្បីធ្វើឲ្យកំពប់នូវលទ្ធផលបោះឆ្នោត ប៉ុន្តែយើងបានឃើញហើយថា តាំងពីព្រលឹមរហូតមកដល់ពេលនេះ ម្នាក់ៗប្រជាពលរដ្ឋខ្មែរមិនបានចុះញ៉មជាមួយការគំរាមកំហែងរបស់កម្លាំងនៅក្រៅប្រទេសនោះទេ ពួកគាត់បានចេញមកបោះឆ្នោត នេះជាសារមួយរបស់កម្ពុជា របស់ប្រជាជនកម្ពុជា ទៅកាន់ពិភពលោកថា យើងជាប្រជាពលរដ្ឋខ្មែរ យើងធ្លាប់សាងអង្គវត្ត យើងនៅពង្រីកនូវប្រពៃណីដ៏រុងរឿងរបស់យើងតទៅទៀត ដោយម្រាមដៃរបស់យើង”។
សូមបញ្ជាក់ថា លោកទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យលេខ០៥៥៤ នៃសាលាបឋមសិក្សាទួលគោក។
តាមការគ្រោងទុក មកដល់ម៉ោង៧ ព្រឹក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានចាប់ផ្ដើម ដោយមានប្រជាពលរដ្ឋ យ៉ាងច្រើនបាននាំគ្នាទៅនឹងនិយាយ ដោយទឹកមុខរីករាយ ហើយបើតាមសេចក្តីរាយការណ៍ផ្សេងៗបានបញ្ជាក់ថា បរិយាកាសនៃការបោះឆ្នោតមកដល់ពេលនេះ បានដំណើរការក្នុងបរិយាកាសមួយល្អ រលូន ហើយមិនទាន់មានបញ្ហាអ្វីកើតឡើងនោះទេ៕
Source: Kampuchea Thmey Daily
0 Comments