ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១២ (Hun Sen Cup) វគ្គជម្រុះថ្នាក់ជាតិ ឆ្នាំ២០១៨ ក្រោមការរៀបចំពីសំណាក់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបានរកឃើញក្រុមចំនួន៦កាលពីថ្ងៃពុធ សប្ដាហ៍នេះដែលទទួលបានកៅអីឡើងទៅវគ្គ៨ក្រុមចុងក្រោយ ខណៈនៅព្រឹកថ្ងៃព្រហស្បតិ៍ ជាថ្ងៃបន្ទាប់បានរកឃើញក្រុមណាហ្គាវើល ជាបន្ត។
ប្រកួតជើងទី២ នៅព្រឹកថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះក្រុមណាហ្គាវើល បានប្រកួតស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះខេត្តកំពត ១ទល់១។ តាមពិតប្រកួតនេះត្រូវធ្វើឡើងនៅល្ងាចថ្ងៃពុធ នោះទេ ប៉ុន្តែដោយហេតុថាភ្លៀងធ្លាក់ខ្លាំងទឹកដក់ពេញទីលានមិនអាចប្រកួតបាន ទើបគណៈកម្មការសម្រេចលើកពេលប្រកួត។ កាលពីជើងទី១ ក្រុមក្រុមណាហ្គាវើល ឈ្នះក្រុមកំពត ៥ទល់១ ដែលធ្វើឡើងនៅរាជធានីភ្នំពេញ។
គិតត្រឹមពេលនេះ CNCC បានរកឃើញក្រុមខ្លាំងឡើងទៅលេងវគ្គ៨ក្រុមជាបន្តបណ្តើៗហើយដោយក្នុងនោះមានក្រុមព្រះខ័នរាជស្វាយរៀង បឹងកេត ភ្នំពេញក្រោន អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងការពារជាតិ អង្គរថាយហ្គឺរនិងណាហ្គាវើល។ ចំណែក១ក្រុមទៀតកំពុងរង់ចាំអ៊ុតលទ្ធផលគូដែលនៅសល់ រវាងកោះកុង ជាមួយក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី។
ប្រកួតរវាងក្រុមខេត្តកោះកុង ប៉ះក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ត្រូវបាន CNCC សម្រេចលើកពេលប្រកួតដោយហេតុផលសមាជិកភាគច្រើនរបស់ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី ជាប់ប្រឡង។ ដូច្នេះជំនួបរវាងក្រុមទាំង២ជើងទី១ ធ្វើនៅថ្ងៃទី២២ខែកក្កដា និងជើងទី២ ប្តូរទៅធ្វើនៅបាទី វិញនៅថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ២០១៨។
យោងតាមសេចក្តីជូនដំណឹងរបស់ CNCC ពានរង្វាន់សម្តេចតេជោ ឆ្នាំនេះនឹងរៀបចំចំនួន២វគ្គដោយវគ្គទី១ ហៅថាវគ្គជម្រុះថ្នាក់ខេត្ត និងវគ្គទី២ហៅថាវគ្គជម្រុះថ្នាក់ជាតិ ដែលការប្រកួតចាប់ពីថ្ងៃទី៧ ខែមីនា រហូតដល់ថ្ងៃទី៦ខែតុលា ឆ្នាំ២០១៨។ ចំពោះវគ្គជម្រុះតាមថ្នាក់ខេត្តបែងចែក ការប្រកួតជា២វគ្គខុសគ្នាទៀតគឺវគ្គជម្រុះតាមពូល (វគ្គជម្រុះបឋម) និងជម្រុះចុងក្រោយ។
វគ្គជម្រុះតាមពូលថ្នាក់ខេត្តមានទាំងអស់២៧ក្រុមបែងចែកជា៥ពូល ជាលទ្ធផលក្រុមល្អជាងគេ ពីលេខ១ដល់លេខ៣ បូកទាំងក្រុមលេខ៤ល្អបំផុតក្នុងចំណោមពូលទាំង៥មានឈ្មោះឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ ចំណែកវគ្គជម្រុះជុំចុងក្រោយ យកក្រុមទាំង១៦ចាប់គូគ្នាប្រកួតជាបន្តបន្ទាប់ រហូតដល់វគ្គផ្ដាច់ព្រ័ត្រ។ ក្រុមដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (៤ក្រុមខ្លាំងជាងគេ) មានឈ្មោះឡើងទៅប្រកួតដណ្តើមជើងឯកថ្នាក់ជាតិ (យុវជនសាលាបាល់ទាត់ជាតិឈ្នះជើងឯក)។ ចំណែកក្រុមខ្លាំងជាងគេទាំង៤មាន U18សាលាបាល់ទាត់ជាតិ គីរីវង់អែហ្វស៊ី កំពត និងកោះកុង។
សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិវិញមានក្រុមចំនួន១២ជាសមាជិកពានរង្វាន់លីគកំពូលកម្ពុជានៅរង់ចាំបូកជាមួយក្រុមចំនួន៤ខ្លាំងជាងគេ មកពីការប្រកួតជម្រុះជើងឯកថ្នាក់ខេត្ត។ ដោយចាប់ឆ្នោតរើសគួប្រកួតប្តូរទឹកដីគ្នា (ចំនួន២លើក) ក្នុងវគ្គ៨ក្រុមចុងក្រោយរហូតដល់វគ្គផ្ដាច់ព្រ័ត្រតែម្តង។ យ៉ាងណាក្តីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនិងវគ្គផ្ដាច់ព្រ័ត្រធ្វើឡើងនៅពហុកីឡដ្ឋានជាតិក្នុងរាជធានីភ្នំពេញ ទាំងក្នុងវគ្គជម្រុះជើងឯកថ្នាក់ខេត្តនិងវគ្គជម្រុះជើងឯកថ្នាក់ជាតិក្នុងពានរង្វាន់នេះ៕
Source: Kampuchea Thmey Daily
0 Comments