Ad Code

បរិយាយ ៖ ជំនួយ​របស់​ជប៉ុន ដល់ គ ជ ប បាន​បង្ហាញថា ជប៉ុន​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា



​នៅក្នុង​បរិបទ​ដ៏​តានតឹង​នៃ​នយោបាយ​របស់​កម្ពុ​ជានា​ដំណាក់កាល​ចុងក្រោយ​នេះ ប្រទេស​លោកខាងលិច​មួយ​ចំនួន​ថោ្ក​ល​ទោស​រាជរដ្ឋាភិបាល​កម្ពុ​ជា ជាមួយនឹង​ការព្រមាន​ផ្តាច់​ជំនួយ បន្ទាប់ពី​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​សាលក្រម​តុលាការ​កំពូល ដែល​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ។

ទោះ​បី​យ៉ាង​ណា​ គេ​សង្កេតឃើញ​ជំហរ​របស់​ប្រទេស​មហាអំណាច ចិន សហព័ន្ធរុស្ស៊ី និង ជប៉ុន នៅតែ​បន្ត​គាំទ្រ​នយោបាយ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ ការគាំទ្រ​របស់​មហាអំណាច ចិន និងរ​ស្ស៊ី មិន​មាន​អ្វី​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​ទេ។ ក៏ប៉ុន្តែ​មាន​សំណួរ​លើក​ឡើង​ថា ចុះ​ហេតុអ្វី​មហាអំណាច​សេដ្ឋកិច្ច​ជប៉ុន​ក៏​មិនបាន​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា? ហើយ​ផ្ទុយទៅវិញ ជប៉ុន​នៅតែ​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា និង​បន្ត​ផ្តល់ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

ជប៉ុន និង​កម្ពុជា បានចាប់ផ្តើម​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​នៅ​ឆ្នាំ​១៩៥៣ ពោលគឺ ៦៥ ឆ្នាំ​គត់ បើ​គេ​គិត​ត្រឹម​ឆ្នាំ ២០១៨ នេះ​។ ចាប់តាំងពី​ឆ្នាំ​១៩៩២ រហូតដល់​ឆ្នាំ ២០១៨ នេះ​ប្រទេស​ជប៉ុន​បានផ្តល់​ជំនួយ​អភិវឌ្ឍ​ប្រមាណ​ជាង​ពីរ​ពាន់​លាន​ដុល្លារ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា។ ប្រសិនបើ​គេ​គិត​ត្រឹម​២៥​ឆ្នាំ​ចុង​ក្រោយនេះ ជប៉ុន​បាន​បោះទុន​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ប្រមាណ​ជា ១.៥០០លាន​ដុល្លារ​។ ​ដោយ​បាននឹងកំពុង​បន្ត​បោះទុន​វិនិយោគ​ក្នុង​វិស័យ​ធនាគារ សណ្ឋាគារ ផ្សារ​ទំនើប អចលនទ្រព្យ​។​ល​។



នៅ​គ្រា​ចុងក្រោយ​នេះ ស្រប​ពេល​ដែល​ប្រទេស​អឺរ៉ុប និង​សហរដ្ឋអាមេរិក បាន​ដក​ជំនួយ​របស់​ខ្លួន​ចេញ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ប្រទេស​ជប៉ុន​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​សហរ​ដ្ឋ​អាមេរិក​ដែរ​នោះ បែរជា​បង្ហាញ​ជំហរ​អព្យាក្រឹត​ហើយ​បន្ត​កិច្ច​ការងារ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។ ប្រទេស​ជប៉ុន​បាន​ប្រគល់​ជូន​សម្ភារៈ​ដូច​បាន​សន្យា​ដល់ គ​.​ជ​.​ប ដើម្បី​គាំទ្រ​ដល់​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៩ ខែកក្កដា ខាងមុខនេះ ។ សម្ភារៈ​ដែល​ជប៉ុន​ប្រគល់​ជូន គ​.​ជ​.​ប ជា​រួម​មាន​៖ ហឹប​ឆ្នោត​ចំនួន ១១០០០ ហឹប និង​រថយន្ត​ប្រភេទ Pickup សម្រាប់​បម្រើការ​ងារ​ឲ្យ​ការបោះឆ្នោត​ចំនួន ៤០ គ្រឿង​។ ជំនួយ​ទាំងនេះ​មានតម្លៃ​ជា​ទឹកប្រាក់​៨០០ លាន​យ៉េន ស្មើ​នឹង​ជាង ៧ លាន​ដុល្លារ កាលពី​ថ្ងៃទី​១៤ ខែកក្កដា។

តើ​ហេតុអ្វី​មហាអំណាច​សេដ្ឋកិច្ច​ជប៉ុន​ មិនបាន​រិះគន់​រាជរដ្ឋាភិបាល​កម្ពុជា ? ហើយ​ផ្ទុយទៅវិញ​ជប៉ុន​នៅតែ​បន្ត​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា និង បន្ត​ផ្តល់​ជំនួយ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​បែបនេះ​?

ហេតុផល​សាមញ្ញ​មួយ​ដែល​ត្រូវបាន​គេ​លើក​យកមក​សំអាង​នោះ គឺ​ដោយសារ​ជប៉ុន​ជឿជាក់​លើ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។ ​ម្យ៉ាងទៀត​ប្រសិនបើ​គេ​និយាយ​ពី​ទ្រឹស្តី​ការទូត​នៅក្នុង​ទំនាក់ទំនង​ការទូត ថ្នាក់ដឹកនាំ​ប្រទេស​នីមួយៗ ធ្វើការ​តែ​ជាមួយ​ថ្នាក់ដឹកនាំ​ដែល​គ្រប់គ្រង​ប្រទេស​ស្របច្បាប់​ប៉ុណ្ណោះ​។ សម្រាប់​បរិបទ​កម្ពុជា​ជប៉ុន​ប្រកាន់​ជំហរ​ខុសពី​ប្រទេស​លោកខាងលិច​ឬ​ខុស ពី​អាមេរិក​ដែលជា​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ផង​នោះ ក៏​ព្រោះតែ​ជប៉ុន​យល់ឃើញថា គណបក្ស​ស្របច្បាប់​ដែល​កំពុងតែ​ដឹកនាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលនេះ​គឺ​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​គឺជា​ចំណុច​ដែល​ជប៉ុន​ត្រូវតែ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ដោយ​មិន​ងាករេ រាប់​ចាប់តាំងពី​កិច្ចការ​មនុស្សធម៌ សិក្សាធិការ​ជំនួញ កម្ចី​អភិវឌ្ឍ និង​កិច្ចការ​ទំនាក់ទំនង​ការទូត​។ ជំហរ​របស់​ជប៉ុន​គាំទ្រ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​ទង្វើ​ដ៏​ត្រឹមត្រូវ​មួយ​ដែល​សូម្បី​ពួកលោក​ខាងលិច​ណាមួយ​ហ៊ាន​ធ្វើការ​រិះគន់​ជប៉ុន​នោះទេ។

ការផ្តល់​ជំនួយ​របស់​ជប៉ុន​ដល់ គ​.​ជ​.​ប ពេលនេះ បាន​បង្ហាញ​ពី​សុភៈ​វិនិច្ឆ័យ ដ៏​ត្រឹមត្រូវ​បំផុត​ក្នុង​ការគោរព​ចំពោះ​អធិបតេយ្យភាព​ជាតិ​រប​ស់​កម្ពុជា ហើយក៏​បាន​បង្ហាញ​ផង​ដែរ​ថា ​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា គឺជា​ដំណើរការ​ដ៏​ត្រឹមត្រូវ​នៅក្នុង​ប្រទេស​ដែល​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ។ រាជរដ្ឋាភិបាល​កម្ពុជា ប្រជាជន​កម្ពុជា ពិតជា​អរគុណ​ប្រទេស​ជប៉ុន​ដែល​បានផ្តល់​ការគាំទ្រ​និង​ជំនួយសម្ភារៈ​លើ​ដំណើរការ​បោះឆ្នោត​ថ្ងៃទី​២៩ ខែកក្កដា​ដ៏​មាន​សារៈសំខាន់​នេះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu