Ad Code

ផ្លូវជាតិ​លេខ​៤ ត្រូវ​បាន​បិទ​ចរាចរណ៍​សាជាថ្មី បន្ទាប់ពី​ជំនន់​ទឹកភ្លៀង​លិច​ត្រង់​ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៩០ និង​១១៥



កំពង់ស្ពឺ​ ៖ លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បានប្រកាស​បិទផ្លូវ​ជាតិ​លេខ​៤ ជា​បណ្តោះអាសន្ន នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ដោយសារ​ជំនន់​ទឹកភ្លៀង​បាន​លិច និង​ហូរ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ត្រង់ចំណុច​បង្គោលគីឡូម៉ែត្រ​លេខ​៩០ មុខ​បន្ទាយ​យោធា​ថ្លុក​តាសេក ក្នុង​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំ​ស្រួច។

លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ថា “​នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ ក្នុងនាម​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ និង ខេត្ត​ព្រះសីហនុ សូម​ផ្អាក​ការ​ធ្វើ​ចរាចរណ៍​មួយរយៈ​តាមផ្លូវ​ផ្លូវជាតិ​លេខ​៤ ដោយសារ​មូលហេតុ ជំនន់​ទឹកភ្លៀង​បាន​កាត់ផ្តាច់​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ​៩០ (​កំពង់ស្ពឺ​) និង​គីឡូម៉ែត្រ​លេខ​១១៥ ចំណុច​ស្ពាន​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់​សិលា ខេត្ត​ព្រះសីហនុ​"​។​

លោក​អភិបាល​បាន​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា បើ​បងប្អូន​មានបំណង​អញ្ជើញ​ទៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង សូមមេត្តា​ប្រើប្រាស់​ផ្លូវជាតិ​លេខ​៤១ និង ផ្លូវជាតិ​លេខ​៣​វិញ ព្រោះ​ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ​មិនអាច​ទៅមុខ​រួច​នោះទេ​។​

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ប្រមុខ​រាជរដ្ឋាភិបាល គឺ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីណែនាំ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​អាជ្ញាធរ​មូល​ដា្ឋ​ន​ផងដែរ ត្រូវ​ត្រៀម​អន្តរាគមន៍ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​ជំនន់​ទឹកភ្លៀង ដែល​បាន​នឹង​កំពុង​កើតឡើង​នៅពេលនេះ​។​

​យោងតាម​សេចក្ដីណែនាំ ចុះ​ថ្ងៃទី​១៩​ខែកក្កដា ឆ្នាំ​២០១៨ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ឲ្យ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​រាជធានី​-​ខេត្ត ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន និង​ត្រៀម​ជម្លៀស​ប្រជាពលរដ្ឋ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ដើម្បី​ការ​ជីវិត និង​ទ្រព្យសម្បត្តិ​របស់​ពួកគាត់​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ណែនាំ​នៅក្នុង​លិខិត​នេះ​ថា “​យោងតាម​ការអង្កេត​តាមដាន នៅ​ព្យាករណ៍​អាកាសធាតុ ដែល​បានបង្ហាញ​ដោយ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឥទ្ធិពល​របស់​ប្រព័ន្ធ​សម្ពាធ​ទាប​មកលើ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភ្លៀង​ធ្លាក់​ជា​បន្ដបន្ទាប់ បានធ្វើ​ឲ្យ​ខេត្ត​មួយចំនួន​កំពុង​រង​ឥទ្ធិពល​ទឹកភ្លៀង ដូចជា​ខេត្តកំពត ខេត្ត​ព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តបាត់ដំបង ខេត្ត​ប៉ៃលិន ប្រឈម​នឹង​ការ​ជន់​លិច​។ ដោយឡែក តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​ទន្លេ​មេគង្គ ក្នុងប្រទេស​លាវ និង​ប្រទេស​ថៃ ក៏មាន​ភ្លៀង​ធ្លាក់​ច្រើន​បង្ក​ឲ្យ​ទឹកទន្លេ​មេគង្គ​ហក់​ឡើង​ផងដែរ»​។​

ដោយឡែក សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​ស្រុក​កំពង់​សិលា បាន​ឲ្យ​ដឹងថា ផ្លូវជាតិ​លេខ​៤ ត្រូវបាន​ជំនន់​ទឹកភ្លៀង​ជន់​លិច នៅ​ត្រង់​ចំណុច​ខាងកើត​ស្ពាន​ស្ទឹង​សំរោង សាជាថ្មី​ម្តងទៀត​ហើយ នៅ​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ​។ ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ជំនន់​ទឹកភ្លៀង ចាប់​ជន់​លិច​ស្ពាន​តាំង​សំរោង នៅ​ម៉ោងជាង ២​យប់​រំលង​អ​ធ្រា​ត្រ ថ្ងៃទី​២០ ខែកក្កដា រហូតដល់​ព្រឹក​នេះ ទឹកបាន​ជន់​លិច​លើផ្លូវ​ជាតិ​លេខ​៤ កម្ពស់​ប្រមាណ ២​តឹក ប្រវែង​ជិត ៦០​ម៉ែត្រ​។​

​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ដឹកនាំ​មន្ត្រី​ជំនាញ​អញ្ជើញ​ចុះទៅ​មើល​ផ្លូវជាតិ​ស្ថានភាព​លេខ​៤ ត្រង់ចំណុច​ទឹក​លិច​ដោយសារ​ជំនន់​ទឹកភ្លៀង​នេះ​ផងដែរ​។​

សូមបញ្ជាក់ថា អាកាសធាតុ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ខេត្ត​កក្កដា​នេះ បាន​ទទួលរង​ឥទ្ធិពល​ខ្យល់​មូ​ស្យុ​ង​បង្ក​ឲ្យ​មាន​ព្យុះភ្លៀង​កើតមាន​តាម​តំបន់​មាត់សមុទ្រ ខ្ពស់​រាប និង​តាម​តំបន់​ជួរ​ភ្នំ​នានា​បាន​បណ្តាល​ឲ្យ​មាន​ទឹកជំនន់​ជន់​លិច​តាម​បណ្តា​ខេត្ត​មួយចំនួន​ជាពិសេស​ខេត្ត​ព្រះសីហនុ កោះកុង កំពង់ស្ពឺ និង​តាម​កែវ​តែម្តង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu