Ad Code

អាជ្ញាធរ​ជាតិ​អប្សរា​និង​វិស័យ​ឯកជន​ រួមគ្នា​ដាំ​កូនឈើ​ជាង​២០០០​ដើម​នៅ​បរិវេណ​ខាងកើត​ខ្លោងទ្វារ​ប្រាសាទតាព្រហ្ម



សៀមរាប ​៖ ​កូនឈើ​ពូជ​កម្រ​និង​មានតម្លៃ​ជាង​២០០០​ដើម ត្រូវ​បាន​អាជ្ញាធរ​ជាតិ​អប្សរា​សហការ​ជាមួយ​វិស័យ​ឯកជន​ប្រមាណ​ជាង​៣០​ក្រុមហ៊ុន​ ដែល​បម្រើ​ឲ្យ​វិស័យ​ទេសចណ៍​នៅក្នុង​ខេត្តសៀមរាប មជ្ឈមណ្ឌល​យុវជន​ខេត្តសៀមរាប អាជ្ញាធរ​មូលដ្ឋាន​ជាង​២០០០​នាក់ បាន​យក​ទៅ​ដាំ​នៅក្នុង​បរិវេណ​ខាងកើត​ខ្លោងទ្វារ​ប្រាសាទតាព្រហ្ម កាលពី​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ។



លោក យិ​ត សូវ៉ាត ប្រធាន​គ្រប់គ្រង​ផ្នែក​កាត់​ក្រីឈើ​របស់​នាយកដ្ឋាន​គ្រប់គ្រង​ព្រៃឈើ ទេសភាព​វប្បធម៌ និង​បរិស្ថាន​នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​ថា កូនឈើ​ដែល​យក​មក​ដាំ​សរុប​ទាំងអស់​ចំនួន​២១៧០​ដើម មាន នាងនួន​១៥០៤​ដើម បេង​២៧៥​ដើម និង​ក្រញូង​៣៩១ ជា​ប្រភេទ​កម្រ​និង​មិនសូវ​សម្បូរ​ក្នុង​តំបន់​អង្គរ​។ កូនឈើ​ទាំងអស់​នឹង​រស់​គ្រប់​ដើម ព្រោះ​មជ្ឈដ្ឋាន​ជុំវិញ​មិន​មាន​ការបំផ្លាញ ហើយ​ប្រហែលជា​៧​ទៅ​១០​ឆ្នាំ ព្រៃ​ពូជ​នេះ​នឹង​លូតលាស់​ល្អ​បំផុត ក្រោម​ការថែទាំ​ពី​បុគ្គលិក​ព្រៃឈើ​ក្នុង​ឧទ្យាន​អង្គរ​ពេល​ដាំ​រួច​។ ដូច្នេះហើយ ក្រុមការងារ​ព្រៃឈើ​ក្រៅពី​មាន​តួនាទី​ទ្រទ្រង់​ប្រាសាទ​ហើយ គឺ​យកចិត្តទុកដាក់​ខ្លាំង​លើ​ការ​ការពារ​បរិស្ថាន​ជុំវិញ​ប្រាសាទ​។



លោក ហ្វី​លិ​ព កៅ ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប (STC) បាន​លើក​ឡើង​ថា នេះ​ជា​លើក​ទី​១​ដែល STC បាន​ប្រមូល​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាង​៣០​ស្ថាប័ន​ដោយមាន​អ្នកចូលរួម​ជាង​២០០០​នាក់ ចូលរួម​ដាំ​កូនឈើ​នាងនួន​និង​កូនឈើ​ដទៃទៀត​ដើម្បី​ផ្សព្វផ្សាយ​ទីក្រុង​សៀមរាប​ឲ្យ​ក្លាយជា​តំបន់​ទេសចរណ៍​ប្រកបដោយ​និរន្តរ៍ភាព ដើម្បី​រួមចំណែក​ទាំង​ថែរក្សា​បរិស្ថាន ការ​ទ្រទ្រង់​ប្រាសាទ ទាក់ទាញ​ទេសចរ ដែល​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់​គួរ​ធ្វើ​ដើម្បី​សង​ទៅ​អង្គរ​វិញ​។



លោក អ៊ឹម សុខ​រិទ្ធី អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ​បាន​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​ការរៀបចំ​កម្មវិធី​ដាំ​កូនឈើ​នេះ​ថា អាជ្ញាធរ​ជាតិ​អប្សរា​តែ​ប្រារព្ធ​ពិធី​ដាំ​ដើមឈើ​ជា​រៀងរាល់​ឆ្នាំ តែ​នេះ​ជា​ករណី​ពិសេស​ដែល​អាជ្ញាធរ​ជាតិ​អប្សរា សហការ​ជាមួយ​ភ្នាក់ងារ​ឯកជន​ជាច្រើន រួម​ទាំង​យុវជន​ឲ្យ​ចូលរួម​ចំណែក​ថែរក្សា​បរិស្ថាន អភិរក្ស​ពូជឈើ​ដែល​ជិត​ផុត​ពូជ ដើម្បី​តបស្នង​ទៅ​អង្គរ​វិញ ព្រោះ​ពួកគាត់​អាស្រ័យ​ផល​នឹង​អង្គរ​។ លើសពី​នោះ​ទៀត កម្មវិធី​នេះ​ជា​ការ​ចំណែក​មួយ​នៃ​ការបម្រើ​ឲ្យ​ការអប់រំ​បេតិកភណ្ឌ​តាម​រយៈ​ការបណ្តុះបណ្តាល​សិស្ស​នៅ​វិទ្យាល័យ​នៅ​ស្រះស្រង់​ឱ្យ​ពួកគេ​ចេះ​ស្រឡាញ់ ថែរក្សា ស្រាវជ្រាវ​មរតក​បេតិកភណ្ឌ​ក្នុង​តំបន់​ឲ្យ​បាន​ប្រសើរ​បន្ត​ពី​មនុស្ស​ចាស់​។



លោក ខាន់ សារ៉ន តំណាង​សណ្ឋាគារ​ឡាក់​គី​អង្គរ ដែល​បាន​ចូលរួម​ក្នុង​ទិវា​ដាំ​កូនឈើ​នេះ បាន​សម្តែង​នូវ​ការចាប់អារម្មណ៍​ថា វា​ការ​សង្គម​ដែល​យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ដាំ​ដើមឈើ ព្រោះ​វា​បាន​ទាំង​ការពារ​បរិស្ថាន​ផង ជា​ការ​ចែករំលែក​គំរូ​ល្អ​ដល់​សង្គម​ផង និង​ជួយ​លើក​តម្លៃ​ទេសចរណ៍​ផង​៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu