Ad Code

Hun Sen Cup ៖ ជើង​ទី​២​វគ្គ​១៦​ក្រុម​ចុងក្រោយ​បន្ត​ប្រកួត​៧​គូ ខណៈ​១​គូ​ទៀត​នឹង​ប្រកួត​នៅ​ចុងខែ​នេះ



ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១២ (Hun Sen Cup) វគ្គ​១៦​ក្រុម​ចុងក្រោយ​ជម្រុះ​ថ្នាក់ជាតិ ឆ្នាំ​២០១៨ ក្រោម​ការរៀបចំ​ពី​សំណាក់​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) សេនាធិការ​របស់​សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹងធ្វើ​ដំណើរ​ប្រកួត​ជើង​ទី​២​របស់​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​១៨ ខែកក្កដា ឆ្នាំ​២០១៨ សប្ដាហ៍​នេះហើយ​។



​សម្រាប់​កម្មវិធី​ប្រកួត​ជើង​ទី​២​នេះ​មាន​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ប៉ះ​ក្រុម​សូល​ទី​ឡូ​អង្គរ នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល ហើយ​ក្រុម​ខេត្តកំពត ជួប​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៣​រសៀល​នៅ​ខេត្តកំពត ហើយ​ក្រុម​អាស៊ី​អឺរ៉ុប ប៉ះ​ក្រសួងការពារជាតិ លើ​ទីលាន​កីឡដ្ឋាន AEU Sport Park នៅ​ម៉ោង​៣​រសៀល​ដូចគ្នា ក្រុម​គីរីវង់​អែ​ហ្វ​ស៊ី ជួប​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នៅ​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន​ខេត្តតាកែវ ខណៈ​ភ្ន​ម​ពេញ​ក្រោ​ន ប៉ះ​ក្រុម​អគ្គីសនី​កម្ពុជា នៅ​ម៉ោង​៦​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន RSN Stadium ក្រុម​វិសាខា ប៉ះ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង​៣និង៣០​នាទី​រសៀល លើ​ទីលាន​ស្តា​ត​ចាស់​និង​ក្រុម​បឹងកេត ប៉ះ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ វេលា​ម៉ោង​៦និង៣០​នាទី​ល្ងាច​លើ​ទីលាន​កីឡដ្ឋាន​ស្តា​ត​ចាស់​។



​ចំណែក​លទ្ធផល​ជើង​ទី​១ កន្លងទៅ​ដែល​ធ្វើឡើង​នៅ​សប្ដាហ៍​មុន ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង ឈ្នះ​ក្រុម​ក្រុម​វិសាខា ១​ទល់​០ ហើយ​ក្រុម​សូល​ទី​ឡូ​អង្គរ ស្មើគ្នា​ជាមួយ​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ២​ទល់​២ ស្របពេល​ក្រុម​អគ្គីសនី​កម្ពុជា ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ២​ទល់​១ ខណៈ​ក្រុម​ក្រុម​ណាហ្គា​វើ​ល ឈ្នះ​ក្រុម​កំពត ៥​ទល់​១​។ ក្រុម​ក្រសួងការពារជាតិ ឈ្នះ​ក្រុម​អាស៊ី​អឺរ៉ុប ៣​ទល់​១ ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ស្មើគ្នា​ជាមួយ​ក្រុម​គីរីវង់​អែ​ហ្វ​ស៊ី ២​ទល់​២ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ចាញ់​ក្រុម​បឹង​កេត ៥​ទល់​១​។



​ចំណែក​១​ប្រកួត​ទៀត​គឺ​ជំនួប​រវាង​ក្រុម​ខេត្តកោះកុង ប៉ះ​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ត្រូវបាន CNCC សម្រេច​លើក​ពេល​ប្រកួត​ដោយ​ហេតុផល​សមាជិក​ភាគច្រើន​របស់​ក្រុម​យុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ជាប់​ប្រឡង​។ ដូច្នេះ​ជំនួប​រវាង​ក្រុម​ទាំង​២​ជើង​ទី​១ ធ្វើ​នៅ​ថ្ងៃទី​២២​ខែកក្កដា និង​ជើង​ទី​២ ប្តូរ​ទៅ​ធ្វើ​នៅ​បាទី វិញ​នៅ​ថ្ងៃទី ២៨ ខែ កក្កដា​។ ចំណែក​៧​គូ​ផ្សេងទៀត ក្រោយ​ប្រកួត​ចប់​ជើង​ទី​១ នៅ​ថ្ងៃ​ពុធ ទី​១១ កក្កដា នេះ​ត្រូវ​បន្ត​ប៉ះគ្នា​ជើង​ទី​២ នៅ​ថ្ងៃទី​១៨ កក្កដា ខាងមុខ​។



យោងតាម​សេចក្តីជូនដំណឹង​របស់ CNCC ពានរង្វាន់​សម្តេច​តេ​ជោ ឆ្នាំនេះ​នឹង​រៀបចំ​ចំនួន​២​វគ្គ​ដោយ​វគ្គ​ទី​១ ហៅថា​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ទី​២​ហៅថា​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ដែល​ការប្រកួត​ចាប់ពី​ថ្ងៃទី​៧ ខែមីនា រហូតដល់​ថ្ងៃទី​៦​ខែតុលា ឆ្នាំ​២០១៨​។ ចំពោះ​វគ្គ​ជម្រុះ​តាម​ថ្នាក់​ខេត្ត​បែងចែក ការប្រកួត​ជា​២​វគ្គ​ខុសគ្នា​ទៀត​គឺ​វគ្គ​ជម្រុះ​តាម​ពូ​ល (​វគ្គ​ជម្រុះ​បឋម​) និង​ជម្រុះ​ចុងក្រោយ​។



វគ្គ​ជម្រុះ​តាម​ពូ​ល​ថ្នាក់​ខេត្ត​មាន​ទាំងអស់​២៧​ក្រុម​បែង​ចែកជា​៥​ពូ​ល ជា​លទ្ធផល​ក្រុម​ល្អ​ជាងគេ ពី​លេខ​១​ដល់​លេខ​៣ បូក​ទាំង​ក្រុម​លេខ​៤​ល្អ​បំផុត​ក្នុងចំណោម​ពូ​ល​ទាំង​៥​មានឈ្មោះ​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ចំណែក​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ យក​ក្រុម​ទាំង​១៦​ចាប់​គូ​គ្នា​ប្រកួត​ជា​បន្តបន្ទាប់ រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ក្រុម​ដែល​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (៤​ក្រុម​ខ្លាំងជាងគេ​) មានឈ្មោះ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ជើងឯក​ថ្នាក់ជាតិ (​យុវជន​សាលា​បាល់ទាត់​ជាតិ​ឈ្នះ​ជើងឯក​)​។ ចំណែក​ក្រុម​ខ្លាំងជាងគេ​ទាំង​៤​មាន U18​សាលា​បាល់ទាត់​ជាតិ គីរីវង់​អែ​ហ្វ​ស៊ី កំពត និង​កោះកុង​។



​ចំណែក​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​វិញ​មាន​ក្រុម​ចំនួន​១២​ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នៅ​រង់ចាំ​បូក​ជាមួយ​ក្រុម​ចំនួន​៤​ខ្លាំង​ជាង​គេ​មកពី​ការប្រកួត​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត​។ ដោយ​ចាប់ឆ្នោត​រើស​គួ​ប្រកួត​ប្តូរ​ទឹកដី​គ្នា (​ចំនួន​២​លើក​) ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្តង​។ ​យ៉ាង​ណា​ក្តី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ទាំង​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត​និង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់ជាតិ​ក្នុង​ពានរង្វាន់​នេះ​៕

      



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu