Ad Code

ស្ថាប័ន គ​.​ជ​.​ប បញ្ជាក់ ​៖ ​NGO ដែល​មិនបាន​ចុះឈ្មោះ​ជា​​អ្នក​សង្កេតការណ៍ មិនអាច​ចេញ​សេចក្ដីថ្លែងការណ៍​វាយតម្លៃ​បាន​ឡើយ



ភ្នំពេញ ​៖​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​ឲ្យ​ដឹងថា សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មិនបាន​សុំ​ចុះឈ្មោះ ជា​អ្នកសង្កេតការណ៍ ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ គ​.​ជ​.​ប មិន​អាច​ធ្វើ​សកម្មភាព​បំពេញការងារ និង​ចេញ​សេចក្ដីថ្លែងការណ៍​វាយ​តម្លៃ​លើ​ការបោះឆ្នោត​បានឡើយ នេះ​បើតាម​ខ្លឹមសារ​សេចក្តីណែនាំ ដែល​ចេញ​ដោយ គ​.​ជ​.​ប កាលពី​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០១៨​។​

សេចក្តីណែនាំ​របស់ គ​.​ជ​.​ប បាន​លើកឡើងថា ការសង្កេត​ការណ៍​បោះឆ្នោត មាន​ទិសដៅ​អោយ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពិនិត្យ និង​មើល​លើ​ដំណើរការ​បោះឆ្នោត ដើម្បី​ប្រមូល​ទិន្នន័យ​សម្រាប់ធ្វើ​សេចក្តី​ថ្លែង​ការ​ណ៍​វាយតម្លៃ​លើ​ភាព​អាច​ទទួលយកបាន​នូវ​លទ្ធផល​បោះឆ្នោត​។ អនុលោម​តាម​មាត្រា​១០ មាត្រា​១១ មាត្រា​១២ និង​មាត្រា​១៣ នៃ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ តម្រូវ​ឲ្យ​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែលមាន​បំណង​ចូលរួម​សង្កេតការណ៍​ការបោះឆ្នោត ស្នើសុំ​ចុះឈ្មោះ​ជា​អ្នកសង្កេតការណ៍​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហើយ​ត្រូវ​អនុវត្តតាម​បទបញ្ជា និង​នីតិវិធី របស់ គ​.​ជ​.​ប និង​ក្រមសីលធម៌​សម្រាប់​អ្នកសង្កេតការណ៍​បោះឆ្នោត​ក្នុង​ដំណើរការ​បោះឆ្នោត​។

តាម​គោលការណ៍​ខាង​លើនេះ គ​.​ជ​.​ប បានធ្វើ​ការណែនាំ​ដល់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៣​ចំណុច​រួមមាន ទី​១, សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​បាន​ស្នើសុំ​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ គ​.​ជ​.​ប មាន​សិទ្ធិ​បំពេញការងារ​សង្កេតការណ៍ និង​ចេញ​សេចក្តី​ថ្លែង​ការ​ណ៍​វាយតម្លៃ​នូវ​ការបោះឆ្នោត ស្របតាម​ច្បាប់​បទបញ្ជា និង​នីតិវិធី របស់ គ​.​ជ​.​ប និង​ក្រមសីលធម៌​សម្រាប់​អ្នកសង្កេតការណ៍​បោះឆ្នោត ក្នុង​ដំណើរការ​បោះឆ្នោត​។ ទី​២, ក្នុងពេល​ចុះ​បំពេញការងារ ត្រូវ​ពាក់​ប័ណ្ណ​សម្គាល់​ដែល គ​.​ជ​.​ប បានផ្ដល់​ជូន ទី​៣, សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​មិនបាន​សុំ​ចុះឈ្មោះ ជា​អ្នកសង្កេតការណ៍​ចូលរួម​សង្កេតការណ៍​បោះឆ្នោត​នៅ គ​.​ជ​.​ប មិន​អាចធ្វើ​សកម្មភាព​បំពេញការងារ​ និង​ចេញ​សេចក្តីថ្លែងការណ៍​នានា ដែល​អាចសន្និដ្ឋាន​បាន​ថា ជាការ​វាយតម្លៃ​លើ​ការបោះឆ្នោត​បានឡើយ​។​
​តា​មគ​.​ជ​.​ប ដើម្បីអោយ​ការបោះឆ្នោត​ប្រព្រឹត្តទៅបាន​ដោយ​រលូន ល្អ តាម​គោលការណ៍​នៃ​ការបោះឆ្នោត​ដោយ សេរី ត្រឹមត្រូវ និង​យុត្តិធម៌ ស្របតាម​ច្បាប់ សមាគម និង​អង្គការ​មិនមែន រដ្ឋាភិបាល​ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។​

សូមបញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ហើយ​ការឃោសនា​រក​សំឡេងឆ្នោត មាន​រយៈពេល​២១​ថ្ងៃ ដោយ​ចាប់ពី​ថ្ងៃទី​០៧ ខែកក្កដា ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ជាមួយគ្នានេះ ការ​បោះពុម្ព​សន្លឹកឆ្នោត ក៏ត្រូវ​បាន​បញ្ចប់​ផងដែរ និង​បាន​ដឹក​ចេញពី​រោង​ពុម្ព ទៅ​រក្សាទុក​នៅក្នុង​ឃ្លាំង​របស់ គ​.​ជ​.​ប កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៨ ហើយនឹង​ដឹក​បន្ត​ទៅកាន់​ការិយាល័យ​បោះឆ្នោត​ទាំង​២២៩៦៧ ការិយាល័យ ទូទាំង​ប្រទេស មិន​ឲ្យ​លើស​៣៦​ម៉ោង​មុន​ថ្ងៃ​បោះឆ្នោត៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu