Ad Code

បន្ទាប់ពី​១៥​ឆ្នាំ ចោរប្លន់​ហាង​គ្រឿងអលង្ការ​បារាំង ​ត្រូវបាន​រកឃើញ​នៅ​ប្រទេស​ស៊ែ​ប៊ី​



ពួកគេ​ជឿថា ពួកគេ​មាន​សុវត្ថិភាព ​ប៉ុន្តែ​តំណក់ឈាម​គឺជា​បញ្ហា​សម្រាប់​ពួកគេ​។ ១៥​ឆ្នាំ​បន្ទាប់ពី​ការ​ប្លន់​នៅក្នុង​ហាង​គ្រឿងអលង្ការ​បារាំង ជនល្មើស​៤​នាក់​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ស៊ែ​ប៊ី​។​

ប៉ូលិស​អន្តរជាតិ​បាន​និយាយថា ចន្លោះ​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០១៥ ឧក្រិដ្ឋជន​ទាំងនេះ​ត្រូវបាន​គេ​គិតថា​បានធ្វើការ​ប្លន់​ប្រដាប់អាវុធ​យ៉ាងតិច​៣៨០​លើក​ដោយ​សំដៅ​ទៅលើ​ហាង​លក់​គ្រឿងអលង្ការ​នានា​និង​ប្រមូល​លុយ​បាន​ចំនួន​៣៩១​លាន​ដុល្លារ​។​

នៅ​ព្រឹក​មួយ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០០៣ បុរស​ពាក់​ម៉ាស់​មួយក្រុម​បាន​សម្រុកចូល​ហាង​គ្រឿងអលង្ការ​មួយ​នៅ​ទីក្រុង Belfort ដែលជា​ទីក្រុង​មួយ​ស្ថិតនៅ​ភាគ​ខាងកើត​ប្រទេស​បារាំង​មាន​ចម្ងាយ​ត្រឹមតែ​២៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ប្រទេស​ស្វី​ស​។​

មនុស្សម្នា​ក់បាន​ទាញ​កាំភ្លើង​មួយ​ដើម​ខណៈដែល​អ្នក​ដទៃទៀត​បាន​បំបែក​កញ្ចក់​ដោយ​ចាប់យក​គ្រឿងអលង្ការ​និង​នាឡិកា​មានតម្លៃ​៣៥០,០០០​អឺរ៉ូ​មុនពេល​ភៀសខ្លួន​ក្នុង​មួយ​នាទី​។​

ក្រោយមក ប៉ូលិស​បាន​តាម​ចាប់ខ្លួន​អ្នកសមគំនិត​ជា​ជនជាតិ​ស៊ែ​ប៊ី​។ ប៉ុន្តែ​ចោរ​ទាំងនោះ​មិនដែល​ត្រូវបាន​ចាប់ខ្លួន​នោះទេ​។​

ហើយ​ពួកគេ​មិនដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ទេ​រហូតដល់​ឆ្នាំ​២០១៣​បន្ទាប់ពី​មានការ​រីកចម្រើន​ក្នុងការ​ស៊ើបអង្កេត​កោសល្យ​វិ​ច្ច័​យ​ទៅលើ​ដាន​ឈាម​នៅលើ​ទូកញ្ចក់ នៅលើ​ទូ​កែវ​និង​ប្រអប់​គ្រឿងអលង្ការ​។​

តាមរយៈ​ការវិភាគ DNA ពួកគេ​បានកំណត់​អត្តសញ្ញាណ​ជនជាតិ​ស៊ែ​ប៊ី​ចំនួន​ពីរ​នាក់​ដែល​គេ​មិន​ស្គាល់​នៅ​ប្រទេស​បារាំង​ប៉ុន្តែ​ត្រូវ​តាម​ចាប់​នៅ​ប្រទេស​អូទ្រីស​។ ពួកគេ​មានឈ្មោះ Zica និង Boka ដែល​អ្នក​ទាំងពីរ​មាន​អាយុ​៤១​ឆ្នាំ​។​

ហើយដោយ​ឆ្លងកាត់​កំណត់ត្រា​ទូរស័ព្ទ ពួកគេ​ក៏បាន​រកឃើញ​ជនសង្ស័យ​ពីរ​នាក់​ដែល​សង្ស័យថា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្លន់​នោះ​ផងដែរ​។ អ្នក​ទាំងពីរ​ឈ្មោះ Sasa អាយុ​៣៧​ឆ្នាំ​និង Luka អាយុ​៤៨​ឆ្នាំ​។​

អ្នក​ទាំង​បួន​គឺ​មកពី​ទីក្រុង Uzice ដែល​ធ្លាប់ជា​ទីក្រុង​ឧស្សាហកម្ម​រីកចម្រើន​មួយ​មាន​ចម្ងាយ​ប្រហែល​១៥០​គីឡូម៉ែត្រ​ភាគ​និរតី​ទីក្រុង Belgrade ។​

ទោះបីជា​ពួកគេ​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ក៏ដោយ អ្នក​ទាំង​៤​នៅតែ​មិនអាច​ទៅដល់​ប្រព័ន្ធយុត្តិធម៌​របស់​បារាំង​បានទេ​ដោយសារតែ​ប្រទេស​ស៊ែ​ប៊ី​មិន​ធ្វើ​បត្យាប័ន​ពលរដ្ឋ​របស់​ខ្លួន​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu