ខណៈស្ថិតក្រោមការរិះគន់អំពីការកាន់ជើងវិមានក្រឹមឡាំង ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានលើកឡើងកាលពីថ្ងៃពុធថា លោកបានប្រាប់មេដឹកនាំរុស្ស៊ី Vladimir Putin យ៉ាងជាក់ច្បាស់ក្នុងអំឡុងកិច្ចប្រជុំកំពូលរបស់អ្នកទាំងពីរនៅក្នុងទីក្រុងហេលស៊ីនគីថា សហរដ្ឋអាមេរិកនឹងមិនអត់ឱនទេចំពោះការជ្រៀតជ្រែកនៅក្នុងការបោះឆ្នោតរបស់ខ្លួន។
លោក Trump បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CBS ថា “ខ្ញុំបានប្រាប់គាត់ថា យើងមិនអាចមានរឿងនេះទេ យើងនឹងមិនមានវាឡើយ”។
នៅពេលត្រូវបានសួរថា តើគាត់ឲ្យលោក Putin ទទួលខុសត្រូវដោយផ្ទាល់ចំពោះការជ្រៀតជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកាឆ្នាំ២០១៦ដែរឬក៏អត់នោះ លោក Trump បានឆ្លើយតបថា “មែនហើយ វាត្រូវតែអញ្ចឹងព្រោះគាត់ជាអ្នកទទួលខុសត្រូវប្រទេសរបស់គាត់ដូចជាខ្ញុំដែលត្រូវទទួលខុសត្រូវចំពោះអ្វីដែលកើតឡើងនៅក្នុងប្រទេសរបស់ខ្ញុំដែរ”។
លោក Trump បានស្ថិតនៅក្រោមការស្តីបន្ទោសទាំងពីរគណបក្សក្នុងរដ្ឋធានីវ៉ាស៊ីនតោនដោយសារតែបរាជ័យក្នុងការប្រឈមមុខជាសាធារណៈជាមួយលោក Putin អំពីបញ្ហាជ្រៀតជ្រែកការបោះឆ្នោតនៅឯកិច្ចពិភាក្សារបស់ពួកគេក្នុងទីក្រុង ហេលស៊ីនគី។
លោក Trump ក៏បានបង្ហាញខ្លួនជាច្រើនដងផងដែរដើម្បីឆ្លើយសំណួរចំពោះការស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកដែលរកឃើញថា រុស្ស៊ីបានជ្រៀតជ្រែកដើម្បីធ្វើឲ្យប៉ះពាល់ដល់បេក្ខជនគណបក្សប្រជាធិបតេយ្យលោកស្រី Hillary Clinton ។ ទោះបីជាយ៉ាងណាក៏ដោយ លោក Putin បានបដិសេធការចោទប្រកាន់នេះ។
ប៉ុន្តែកាលពីថ្ងៃពុធ គាត់បានប្រាប់ទូរទស្សន៍ CBS ថា គាត់យល់ស្របជាមួយនឹងការរកឃើញរបស់សហរដ្ឋអាមេរិក។ នៅពេលសួរថាតើគាត់គិតថាលោក Putin កំពុងតែនិយាយកុហកដែរទេ, លោក Trump បាននិយាយថា “ខ្ញុំមិនចង់អះអាងថាតើគាត់និយាយកុហកមែនឬអត់នោះទេ”។
កាលពីព្រឹកថ្ងៃពុធ លោក Trump បានអះអាងថា គ្មានប្រធានាធិបតីអាមេរិករូបណាមានភាពម៉ីងម៉ាត់ដូចគាត់ទេលើបញ្ហារុស្ស៊ី។
ប៉ុន្តែនៅពេលត្រូវបានគេសួរថាតើរុស្ស៊ីនៅតែកំពុងកំណត់គោលដៅលើសហរដ្ឋអាមេរិកដែរឬអត់នោះ, លោក Trump បានឆ្លើយតបថា “ទេ”។
ការអះអាងនេះគឺផ្ទុយទៅនឹងការវាយតម្លៃរបស់ប្រធានស៊ើបការណ៍អាមេរិកលោក Dan Coats ដែលបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរុស្ស៊ីបានចូលរួមនៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរាលដាលដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក៕ AFP
Source: Kampuchea Thmey Daily
0 Comments