Ad Code

កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ជាង​១៥០​នាក់ ​ចេញ​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង



កំពង់ស្ពឺ​​ ៖ ​លោក​ឧត្តមសេនីយ៍ត្រី ជួ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ បាន​ចេញ​ប្រតិបត្តិការ​ចុះ​ជួយ​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុងស្រុក​ភ្នំស្រួច និង​បាន​ចែក​ទឹក​ស្អាត​ដល់​ជនរងគ្រោះ​ដើម្បី​បរិភោគ​ដើម្បី​ជៀស​វែង​ប្រើ​ទឹក​មិន​ស្អាត​នាំ​ឲ្យ​មាន​ជំងឺ​ផង​ដែរ។

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជួ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹងថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ជាង ១៥០​នាក់ បំពាក់​ដោយ​សម្ភារៈ​ជួយសង្គ្រោះ​គ្រប់គ្រាន់​បាន​ចុះ​អន្តរាគមណ៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ ដែល​កំពុង​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ដងស្ទឹង​ព្រែក​ត្នោត ក្នុងស្រុក​ភ្នំស្រួច និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ តាម​ស្ថានភាព​ជាក់ស្តែង និង​តម្រូវការ​ចាំបាច់​របស់​អាជ្ញាធរ​។

លោក​បន្តទៀតថា ក្នុង​រថយន្ត​របស់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​បាន​ដឹកជញ្ជូន​គ្រឿង​ឧបភោគ​បរិភោគ និង​គ្រឿង​បរិក្ខារ​សម្រាប់​សង្គ្រោះ​បឋម ទឹកស្អាត​យក​ទៅ​ដល់ទី​កន្លែង​កន្លែង​ដែល​ប្រជាពលរដ្ឋ​បាន​ជម្លៀស​ខ្លួន​ចេញពី​ការ​គម​រាម​ហែង​ដោយសារ​ទឹកជំនន់​មក​ទីទួល​មាន​សុវត្ថិភាព​។​

លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជួ សារុន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​បញ្ជាក់ថា កម្លាំង​អាវុធហត្ថ​ខេត្ត​បាន​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុងការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​ជួប​គ្រោះមហន្តរាយ​ដោយ​គ្រោះធម្មជាតិ​ជំនន់​ទឹកភ្លៀង​នេះ រហូតដល់​ពេលនេះ​មិនទាន់មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ។

យោង​តាម​របាយការណ៍​បណ្ដោះអាសន្ន​របស់​អាជ្ញាធរ​​​ស្រុក​ភ្នំស្រួច បាន​ឲ្យ​ដឹង​ថា បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ជាច្រើន​ថ្ងៃ​កន្លង​មក​នេះ នៅ​ផ្នែក​តំបន់​ខាងលើ​បង្ក​ឱ្យ​កើតមាន​ជា​ជំនន់​ទឹកភ្លៀង​បង្ក​ឱ្យ​ប៉ះពាល់​ផ្ទៃដី​បង្កបង្កើនផល លំនៅឋាន និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ចំនួន​៨​ឃុំ សរុប​ផល​ប៉ះពាល់​មាន​ប្រជាពលរដ្ឋ​រងគ្រោះ​មាន​ចំនួន ២៣០ គ្រួសារ មាន​មនុស្ស ៦៨៩​នាក់ ស្រី ៣១៦ នាក់ ប៉ះពាល់​ដំណាំ​ស្រូវ ចំនួន ​១១៥៧ ហិកតា ប៉ះពាល់​ចំការ​ស្វាយ​ចំនួន ​២៣២ ហិកតា បាត់គោ​ចំនួន ០៧​ក្បាល ខូចខាត​ផ្លូវ​កៅស៊ូ​ប្រភេទ DBST ចំនួន ៣៥០​ម៉ែត្រ ខូចខាត​ផ្លូវលំ​ក្រាល​គ្រួស​ក្រហម​មាន​ប្រវែង ៣.៧២០​ម៉ែត្រ បាក់​ទំនប់ ចំនួន ២​កន្លែង ប្រវែង ១៥​ម៉ែត្រ​។​
សូម​បញ្ជាក់​ជូន​ថា ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ត្រូវបាន​ជម្លៀស​ទី​កាន់​ទីទួល​សុវត្ថិភាព ហើយ​គិត​ត្រឹម​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ នៅ​ទូទាំង​ស្រុក​ភ្នំស្រួច ពុំមាន​ប្រជាពលរដ្ឋ​ណា​ម្នាក់​រងគ្រោះ​ដល់​អាយុជីវិត​ឡើយ​។​

លោក ញ៉ា​ញ់ ជាប​ហ៊​ង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹង នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ​ថា បន្ទាប់ពី​ស្ថានភាព​កំពស់​ទឹកបាន​ហក់​ឡើង​ខ្ពស់​យ៉ាង​ឆាប់រហ័ស មន្ត្រី​ជំនាញ​ដែល​ប្រចាំ​ទ្វា​ទឹក​រលាំង​ជ្រៃ បាន​បើកទ្វា​ទឹក​ទាំង ៥​បង្ក​ឲ្យទឹកស្ទឹង​ព្រែក​ត្នោត​ឡើង​ខ្លាំង ប៉ុន្តែ​មិន​បង្ក​ឲ្យ​មាន​ផលប៉ះពាល់​អ្វី​ធ្ងន់ធ្ងរ​នោះទេ​។ លោក​បន្តទៀតថា ខណៈពេល​នេះ​ទឹក​មានការ​ថមថយ​មក​ធម្មតា​វិញ ប្រសិន​គ្មាន​ភ្លៀង​ធ្លា​ក់នៅ​តំបន់​ខាងលើ​ច្រើន​ទៀត​ទេ អាច​នឹង​ស្រក​ឆាប់​បំផុត​។​

សូមបញ្ជាក់ថា ជំនន់​ទឹកភ្លៀង​ស្ទឹ​ង​ព្រែក​ត្នោត បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្រុក​ចំនួន ២​របស់​ខេត្តកំពង់ស្ពឺ មាន​ស្រុក​ភ្នំស្រួច និង​ស្រុក​សំរោង​ទង បន្ទាប់ពី​ទឹកបាន​ហូរ​ធ្លាក់​មកពី​តំបន់​ខាងលើ ហើយ​អាជ្ញាធរខេត្ត​កំពង់ស្ពឺ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​ចុះ​ជួយ​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​តំបន់​មាន​ទឹក​លិច​មកកាន់​ទីទួល​មាន​សុវត្ថិភាព​ទាន់​ពេល​វេលា​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu