Ad Code

ជម្រុះ​TV5 Knock Out By K.Cement ដំណាក់កាល​ទី​១​លើកចុងក្រោយ ៖​ឡុង ស៊ី​ថេត ជួប នួន រ៉ា​ថេប , តាំង សីហា ជួប សេន កុសល



ការប្រកួត​ប្រដាល់​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.Cement ទម្ងន់ ៦០​គីឡូក្រាម​លើស​ង្វៀន TV5 ព្រែកកំពឹស នៅ​ថ្ងៃ​សៅរ៍​ទី​០៤​ ខែ​សីហា ឆ្នាំ​២០១៨​នេះ ជាការ​ប្រកួត​លើកចុងក្រោយ​ក្នុង​ជម្រុះ​ដំណាក់កាល​ទី​១ ដែលមាន​អ្នក​ប្រដាល់​៤​រូប ដើម្បី​ប្រជែង​យក​កៅអី សម្រាប់​ដំណាក់កាល​ទី​២ បន្តទៀត។

សម្រាប់​ការប្រកួត​ជម្រុះ​លើកចុងក្រោយ​នេះ ឡុង ស៊ី​ថេត អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នឹង​ជួប​ប្រកួត​ជាមួយ​នួន រ៉ា​ថេប អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ មកពី​ខេត្តព្រៃវែង។ រវាង​ឡុង​ស៊ី​ថេត និង នួន រ៉ា​ថេប នេះ ពួកគេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក​។​ដូច្នេះ ជាការ​ជួបគ្នា​លើក​ទី​១ សម្រាប់​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ។​ប៉ុន្តែ នួន រ៉ា​ថេប គេ​ស្គាល់​សង្វៀន​មុន​ឡុង ស៊ី​ថេត។​

ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​រវាង​ឡុង ស៊ី​ថេត និង នួន រ៉ា​ថេប នេះ សូម្បីតែ​ក្រុមអ្នកវិភាគ​ប្រដាល់ ក៏​មិន​ហ៊ាន​អះអាងថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​ដែរ ព្រោះ​ឡុង ស៊ី​ថេត គេ​វាយ​ល្អ​និង​ខ្លាំង​ដែរ​។ តែ​យ៉ាងណា នួន រ៉ា​ថេប មាន​កណ្តាប់ដៃ​ធ្ងន់ និង​ស្នៀត​ទាត់​ល្អ ហើយ​ថែមទាំង​មានចិត្ត​ប្រដាល់​ធំ​ថែមទៀត។ ចាំមើល តើ​នួន រ៉ា​ថេប អាច​ឈ្នះ​ឡុង ស៊ី​ថេត បាន​ឬ​អត់ ?។​

ចំពោះ​ការប្រកួត​មួយគូ​ទៀត​នោះ ជាការ​ជួបគ្នា​រវាង​តាំង សីហា អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ និង សេន កុសល អ្នក​ប្រដាល់​ក្លិប​មោងឫស្សី​មរតក​គុន​ខ្មែរ មកពី​ខេត្តបាត់ដំបង ។ សេន កុសល ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង ឯ តាំង សីហា ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដែរ ។​ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។

សម្រាប់​ការជួបគ្នា​លើក​នេះ មិនដឹងថា​នរណា ជា​អ្នក​មានសំណាង បាន​ឡើងទៅ​ប្រកួត​បន្តទៀត​នោះទេ​? តែ​យ៉ាងណា តាំង សីហា​ប្រហែលជា​មិនអាច​ទៅរួច​ជាមួយ​សេន កុសល នោះឡើយ​ព្រោះ​កុសល គេ​ល្អ​ទាំង​ស្នៀត​ដៃ ជើង ជង្គង់ កែង កំ​ប្លេ​តែម្តង ហើយ​អ្នក​ប្រដាល់​ជើងចាស់​រូបនេះ ធ្លាប់​ឈ្នះ​ជើង​ខ្លាំងៗ​ប៉ុន្មាន​នាក់​ហើយ​កាលពី​ថ្មីៗ​កន្លងមកនេះ។​

បើ​ពិនិត្យ​ទៅលើ តាំង សីហា វិញ ឃើញថា​គេ​ក៏​មិនជា​ឃ្លាតឆ្ងាយ​ប៉ុន្មាន​ពី​សេន កុសល​នោះដែរ ។ តាំង សីហា មិនមាន​ប្រវត្តិ​វាយ ជាមួយ​ថៃ មិន​ធ្លាប់​ជួប​ជើង​ខ្លាំងៗ​ដូច​សេន កុសល​មែន តែ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ ខ្លាំង និង​មាន​ចិត្តធំ​ផងដែរ ។ យ៉ាងណា ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំងពីរ អាច​ថា​មាន​លក្ខ​ណះ​តឹងតែង​ដែរ។

យ៉ាងណា រវាង​អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ គឺ​មិនអាច​មើលស្រាល​គ្នា​ទៅវិញទៅមក​នោះឡើយ ត្បិត​ការប្រកួត​ជម្រុះ​នេះ ប្រកួត​តែ​បី​ទឹក​ប៉ុណ្ណោះ ដូច្នេះ​នរណា​វាយ​បុក​ខ្លាំង​ជាង គឺ​អ្នកនោះ​ជា​អ្នក​មានប្រៀប​ឈ្នះ​ហើយ មិនអាច​វាយ​ប្រោះ​ទុក​យូរ​បានឡើយ ។​ចាំមើល រវាង តាំង សីហា និង សេន កុសល តើន​រណា​នៅ នរណា​ដើរ​ចេញពី​ការប្រកួត​នេះ ?។

គួរ​បញ្ជាក់ថា ការប្រកួត​ក្នុង​ដំណាក់​ទី​១​នេះ ប្រកួត​តែ​បី​ទឹក​ទេ ហើយ​អ្នក​ដែល​ឈ្នះ​បាន​ឡើង​និង​អ្នក​ដែល​ចាញ់​ត្រូវ​ជ្រុះ​ធ្លាក់​ត្រឹមនេះ។

ព្រឹត្តិការណ៍​ប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.Cement ទម្ងន់ ៦០ គីឡូ​នេះ មាន​អ្នក​ប្រដាល់​ចំនួន ៣២ នាក់​ចូលរួម ហើយ​ចែកចេញជា ៤ ដំណាក់កាល និង​មាន​រូបមន្ត​ប្រកួត គឺ​ដំណាក់​ទី​១​ជាការ​ប្រកួត​ជម្រុះ​ក្នុងចំណោម​៣២​នាក់ ទុក​តែ​១៦​នាក់ ។ ដំណាក់​ទី​២ ជាការ​ជម្រុះ​ក្នុងចំណោម​១៦​នាក់ ទុក​៨​នាក់ ហើយ​ដំណាក់កាល​ទី​៣ គឺ​ជម្រុះ​ក្នុង​៨​នាក់​ទុក​៤​នាក់ និង​ដំណាក់កាល​ទី​៤​និង​ទី​៥ ជាការ​ប្រកួត​ដំណាក់កាល​ផ្តាច់ព្រ័ត្រ គឺ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ និង ផ្តាច់ព្រ័ត្រ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu