ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង សមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018) បានប្រកាសធ្វើតេស្តស្វែងគ្រូបង្វឹកដែលមានបទពិសោធន៍ខ្ពស់ក្នុងរាជធានីភ្នំពេញ ដើម្បីបង្ហាត់ដល់ក្រុមយុវជនថ្នាលរបស់ខ្លួន រាល់ថ្ងៃចុងសប្ដាហ៍។
យោងតាមសេចក្តីជូនដំណឹងរបស់ក្លិប ដែលមានមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះបានបញ្ជាក់សាលាបាល់ទាត់ក្លិបព្រះខ័នរាជស្វាយរៀង ត្រូវការជ្រើសរើសគ្រូបង្វឹកមានបទពិសោធន៍ និងឆន្ទៈដើម្បីបង្ហាត់ដល់ក្រុមយុវជនអាយុក្រោម ៩ឆ្នាំ, ១២ឆ្នាំ និង១៥ឆ្នាំ។ រាល់ការបង្ហាត់នឹងត្រូវធ្វើឡើងនៅរាជធានីភ្នំពេញ ថ្ងៃសៅរ៍ និងអាទិត្យ វេលាម៉ោង ៧ ដល់ ៩ ព្រឹក។
បើសិនបេក្ខជនមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០៧០ ៦៦៦ ៩១៩ (ជា)។ ថ្មីនេះក្រុមព្រះខ័នរាជស្វាយរៀង បានប្រកាសចុះឈ្មោះកីឡាករយុវជនថ្នាល២នាក់ដាក់ចូលក្នុងបញ្ជីក្រុមធំ ដោយក្នុងនោះមានកីឡាករ យី ប៊ុនហេង ជាអ្នកចាំទី និងកីឡាករ គឹម សុខយុទ្ធ ជាខ្សែបម្រើ។ កីឡាករទាំង២នាក់ ត្រូវបានលោក Conor Nestor ដែលជាគ្រូបង្វឹក បានដាក់ក្នុងបញ្ជីប្រកួតព្រមទាំងបង្ហាញខ្លួនជាមួយក្រុមបណ្តើរៗហើយ។
ក្រុមព្រះខ័នរាជស្វាយរៀង ជាក្រុមដែលសំបូរកីឡាករចេញពីយុវជនថ្នាលរបស់ខ្លួនច្រើន ហើយមានកីឡាករល្បីៗឈ្មោះជាច្រើនដូចជា សុក ចាន់រស្មី នៅអគ្គីសនីកម្ពុជា ចាន់ វឌ្ឍនាកា របស់បឹងកេត ឃួន ឡាបូរ៉ាវី នៅក្លិបSurat Thani លីគលំដាប់ទី៤ប្រទេសថៃ កីឡាករ ប្រាក់ មុន្នីឧត្តម ជាដើម។
លោក Conor Nestor កំពុងតែឈឺក្បាលរឿងដឹកនាំក្រុមទទួលបានចំណាត់ថ្នាក់មិនសូវបានល្អប្រចាំរដូវកាលនេះ ក្រោយប្រកួតបាន១៧លើក ឈ្នះបាន៦លើក ហើយស្មើគ្នាបាន៣លើក និងបរាជ័យរហូតដល់៨លើកមាន២១ពិន្ទុ ឈរចំណាត់ថ្នាក់លេខ៧បណ្តោះអាសន្នក្នុងចំណោមក្លិបជាសមាជិកទាំង១២។ ថ្មីៗនេះក្លិបបានដោះដូរកីឡាករគួរឲ្យភ្ញាក់ផ្អើលមួយ ដើម្បីត្រៀមជើងទី២លីគកំពូលកម្ពុជារដូវកាលឆ្នាំ២០១៨ ហើយតាមរយៈការដោះដូរកីឡាករនេះគ្រូបង្វឹកកាន់អាជ្ញាប័ណ្ណ UEFA A License រូបនេះ រំពឹងថា ក្រុមនឹងមានគុណភាពមួយកម្រិតថែមទៀត៕
Source: Kampuchea Thmey Daily
0 Comments