Ad Code

នាំ​ខ្លួន​ទណ្ឌិត​គឹម សុខ មក​សាកសួរ​សំណុំរឿង​ថ្មី



ភ្នំពេញ ៖ លោក សៀង សុខ ព្រះ​រាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​១៤ សីហា ឆ្នាំ​២០១៨ បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​ព្រៃ​ស នាំ​ខ្លួន​ទណ្ឌិត គឹម សុខ មកកាន់ អយ្យការ​អម សាលាដំបូង​ដើម្បី​សាកសួរ និង ពិនិត្យ​លើ​ការអនុវត្ត​ទោស របស់​ជនជាប់ចោទ​នៅក្នុង​ពន្ធនាគារ ដើម្បី​សម្រេច​ថា​តើ ត្រូវ​ដោះលែង ឬ បន្ត​ឃុំខ្លួន​ថែមទៀត។

ទណ្ឌិត គឹម សុខ ដែល​សាធារណជន​មួយចំនួន​ហៅថា អ្នកវិភាគ​កិច្ចការ​សង្គម កាលពី​រសៀល​ថ្ងៃទី​១០ ខែសីហា ឆ្នាំ​២០១៧ ត្រូវបាន​ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ប្ញ​ទ្ធី ប្រកាស​សាលក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ១៨​ខែ និង ពិន័យ​ប្រាក់​ចំនួន​៨​លាន​រៀល រួម​នឹង​ប្រាក់​សងជំងឺចិត្ត​ដល់​ដើមប​ណ្តឹង ៨០០​លាន​រៀល ក្រោម​ការចោទប្រកាន់​ពី​បទ​ញុះញង់​ឲ្យ​មាន​បទឧក្រិដ្ឋ​ជាអាទិ៍។ ការ​ផ្តន្ទាទោស​នេះ ធ្វើឡើង​បន្ទាប់ពី​ទណ្ឌិត គឹម សុខ បាន​ញុះញង់ និង បរិហារកេរ្តិ៍​គណបក្ស​ប្រជាជន​កម្ពុជា​ថា នៅ​ពីក្រោយ​ឃាតកម្ម​បណ្ឌិត កែម ឡី។

ទណ្ឌិត​គឹម សុខ នៅ​ជាប់​បណ្តឹង​មួយទៀត ដែល​ប្តឹង​ដោយ​មេធាវី​សម្តេច​តេ​ជោ ហ៊ុន សែន គឺ លោក គី តិច ពាក់ព័ន្ធ​ករណី ដែល​អ្នកវិភាគ​រូប​នេះ បាន​ចោទប្រកាន់ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស តែ​រក​ឃាតក​មិនដែល​ឃើញ។



ក្រោយ​បញ្ចប់​ការសាកសួរ​លោក សៀង សុខ នៅ​មិនទាន់​ចោទប្រកាន់​លើ​សំណុំ​រឿង​នេះ​ទេ ដោយ​លោក​បាន​បញ្ជាក់​រង់ចាំ​ស៊ើប​អង្កេត​ឲ្យ​គ្រប់​ជ្រុងជ្រោយ​សិន។

ទណ្ឌិត គឹម សុខ មាន​សំណុំរឿង​ពីរ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដូច្នោះ​សំណុំរឿង​មួយ​ត្រូវបាន​ផ្តន្ទាទោស​រួចហើយ នៅសល់​សំណុំរឿង​ក្រោយនេះ ដែល​ដំណាង​អយ្យការ​កំពុង​ដំណើរការ។ ពេល​ចប់​ការសាកសួរ​ទណ្ឌិត គឹម សុខ ត្រូវ​បាន​អនុរក្ស​ពន្ធនាគារ​នាំទៅ​ឃុំខ្លួន​វិញ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu