Ad Code

ជម្រើសជាតិ​កម្ពុជា ត្រៀមខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​សឹង្ហ​បុរី ម៉ាឡេស៊ី និង​ទី​ម័​រ​ខាងកើត



ក្រោយ​ប្រកាស​តែងតាំង​កីឡាករ Keisuke Honda ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​ពេល​នេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ត្រៀម​រៀបចំ​កម្មវិធី​ប្រកួត​មិត្តភាព​អន្តរជាតិ​ចំនួន​៤​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​មួយចំនួន​នៅក្នុង​តំបន់ មុន​ចេញទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFF Suzuki Cup ឆ្នាំ​២០១៨ ចុងឆ្នាំ​នេះ​។

យោង​តាម​ប្រភព​មកពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់​ថា ​ការប្រកួត​មិត្តភាព​ទាំង​៤​លើក​នោះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី ១០ ខែកញ្ញា ប្រកួត​ជាមួយ ក្រុម​ជម្រើសជាតិ​ម៉ាឡេស៊ី​ហើយ​នៅ​១២ ខែតុលា ត្រូវ​បន្ត​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត និង​នៅ​ថ្ងៃទី​១៦ ខែតុលា ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​សិង្ហ​បុរី​។ ចុងក្រោយ​នៅ​ថ្ងៃទី​២ ខែវិច្ឆិកា កម្ពុជា ត្រូវ​បន្ត​ប្រកួត​ជាមួយ ក្រុម​បរទេស (​មិនទាន់​ប្រាកដថា​ក្រុម​ណា​)​។



បើ​និយាយ​ពី​ពានរង្វាន់ AFF Suzuki Cup 2018 ឆ្នាំនេះ​បែងចែក​ប្រកួត​ជម្រុះ​ជា​២​វគ្គ​ដោយ​ក្នុងនោះ​មាន​វគ្គ​ជម្រុះ​បឋម​និង​វគ្គ​ជម្រុះ​តាម​ពូ​ល​មុន​ស្វែង​រក​ឃើញ​ក្រុម​ខ្លាំង​ឡើង​ទៅ​ដណ្តើម​ជើងឯក​។ ប្រកួត​វគ្គ​ជម្រុះ​ដំបូង​ក្រុមទី​ម័​រ​ខាងកើត ត្រូវ​ប៉ះ​ប្រ៊ុយណេ ចំនួន​២​ជើង​គឺ​ប្តូរ​ទឹកដី​គ្នា​ដោយនៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ធ្វើឡើង​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត ហើយ​ជើង​ទី​២ ធ្វើឡើង​នៅ​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០១៨ ធ្វើឡើង​នៅ​ប្រទេស​ប្រ៊ុយណេ​។ ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​នេះ​ទទួល​បាន​កៅអី​ឡើង​ទៅ​ប្រកួត​វគ្គ​ជម្រុះ​តាម​ពូ​ល​ជា​បន្ត​ជាមួយ​ក្រុម​៩​ផ្សេងទៀត​។

ក្រុម​ដែល​ចាំ​នៅ​វគ្គ​ជម្រុះ​តាម​ពូ​ល​បាន​ចាប់ឆ្នោត​រួចរាល់​គឺ​ពូ​ល A មាន​វៀតណាម ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា កម្ពុជា និង​ឡាវ ខណៈ​ពូ​ល B មាន​ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី និង​ក្រុម​ឈ្នះ​នៅ​វគ្គ​ជម្រុះ​អាចជា​ប្រ៊ុយណេ ឬ​ទី​ម័​រ​ខាងកើត​។ តាម​គម្រោងការ​វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹងធ្វើ​ឡើ​ចាប់ពី​ថ្ងៃទី​៨ ខែវិច្ឆិកា ដល់​ថ្ងៃទី​១៥​ខែធ្នូ ឆ្នាំ​២០១៨​។



ពានរង្វាន់​ជើងឯក​តំបន់​អាស៊ាន មាន​ឈ្មោះថា AFF Championship ដោយ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​១៩៩៦ មកម្ល៉េះ​ដោយ​ត្រូវ​ប្រកួត​រាល់​២​ឆ្នាំ​ម្ដង ប៉ុន្តែ​កាលនោះ​ក្រុម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Tiger ទើប​ប្តូរ​ឈ្មោះថា AFF Tiger Cup​។ ចូល​ដល់​ឆ្នាំ​២០០៧ ក្រុមហ៊ុន Suzuki ទទួល​សិទ្ធិ​បាន​ឧ​ប​ត្ថម្ភ​ធំ​ដល់​ព្រឹត្តិការណ៍​ទើប​ប្តូរ​ឈ្មោះ​ទៅជា AFF Suzuki Cup មកទល់​បច្ចុប្បន្ន​។ ក្រុម​ជម្រើសជាតិ​ថៃ ធ្លាប់​ឈ្នះ​ពានរង្វាន់​នេះ​បាន​ច្រើនជាងគេ​គឺ​រហូតដល់​៥​លើក ហើយ​ឈ្នះ​ចុងក្រោយ​នៅ​ឆ្នាំ​២០១៦ ថ្មីៗ​នេះ​។

សម្រាប់​កម្មវិធី​ប្រកួត​ជម្រុះ​ពូ​ល A របស់​ក្រុម​កម្ពុជា វិញ​នឹង​ប្រកួត​បើកឆាក​ប៉ះ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា នៅ​រាជធានី​ភ្នំពេញ ខណៈ​ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន រហូតដល់​ថ្ងៃទី​២០ ខែវិច្ឆិកា ក្រុម​កម្ពុជា ត្រូវ​ប៉ះ​ឡាវ នៅ​រាជធានី​ភ្នំពេញ ហើយ​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ត្រូវធ្វើ​ដំណើរ​ទៅ​ប៉ះ​ម្ចាស់ផ្ទះ​វៀតណាម នៅ​ទីក្រុង​ហាណូយ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu