Ad Code

យក​រថយន្ត​Ford Ranger​ទៅ​ចត​ចោល​តាមផ្លូវ​ជាង​២​ខែ​ នគរបាល​ស្ទូច​មក​ទុក



ភ្នំពេញ ៖ រថយន្ត​ម៉ាក​Ford Ranger ១​គ្រឿង ដែលជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​វី​ក្រូ​បាន​ចត​ចោល​នៅតាម​ផ្លូវ​ជាង​២​ខែ​កន្លង​មកហើយ ដោយសារតែ​ខ្លាច​មាន​បញ្ហា​អាក្រក់ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ប្រទះឃើញ​រាយការណ៍​ជូន​នគរបាល​ឲ្យ​ចុះ​ពិនិត្យមើល​និង​ស្ទូច​យក​រថយន្ត​នេះ​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន​នៅ​ប៉ុស្តិ៍​កា​កាប​២ រហូតដល់​វេលា​ព្រឹក​ថ្ងៃទី​១៤​ខែសីហា ឆ្នាំ​២០១៨​នេះ ទើប​ឃើញ​បុគ្គលិក​ក្រុមហ៊ុន​វី​ក្រូ​នោះ​ ទៅ​ទំនាក់ទំនង​សុំ​យក​រថយន្ត​មកវិញ​ព្រមទាំង​អះអាង​ថា ​ទើបតែ​បាត់​រថយន្ត​នេះ​រយៈពេល​៤​ទៅ​៥​ថ្ងៃ​តែប៉ុណ្ណោះ​។



នគរបាល​បាន​ឲ្យ​ដឹង​ថា រថយន្ត​ខាងលើ​នោះ​ម៉ាក​Ford Ranger ពណ៌​ទឹកប្រាក់ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2L-3684 ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន វី​ក្រូ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ចត​ទុកចោល​នៅតាម​ផ្លូវ​មួយ​កន្លែង​ស្ថិតនៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ រយៈពេល​ជាង​២​ខែ​មក​ហើយ​។ ​ខណៈនោះ​ពួកគាត់​មានការ​សង្ស័យ​យ៉ាង​ខ្លាំង ​ព្រោះ​ខ្លាច​មាន​ជនអនាមិក​បង្កប់​ ឬ​ ផ្ទុក​អ្វី​ម្យ៉ាង​ខុស​ប្រក្រតី​ ទើប​ពួកគាត់​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​កា​កាប​២​ឲ្យ​ចុះទៅ​ពិនិត្យមើល​និង​ស្ទូច​យក​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍​កាលពី​១​អាទិត្យ​មុន​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​និង​មូលហេតុ​នៃ​ការ​យក​រថយន្ត​ទៅ​ចត​ចោល​បែបនេះ ប៉ុន្តែ​ពេលនោះ​រក​ម្ចាស់​មិនឃើញឡើយ។



ប្រភព​ដដែល​បន្ត​ទៀត​ថា លុះដល់​វេលា​ព្រឹក​ថ្ងៃទី​១៤​ខែសីហា​នេះ​ទើប​មាន​ស្ត្រី​២​នាក់​ដែលជា​បុគ្គលិក​ក្រុមហ៊ុន​វី​ក្រូ ទៅ​មើល​និង​អះអាង​ថា ​ជា​រថយន្ត​របស់​ក្រុមហ៊ុន​ខ្លួន​ដែល​ទើបតែ​បាត់​រយៈពេល​៤​ទៅ​៥​ថ្ងៃ​តែប៉ុណ្ណោះ​។ ​ដោយ​មិន​ដឹង​ថា ​មូល​ហេតុអ្វី​ទើប​បាន​ជា​អ្នកបើកបរ​បើក​យក​រថយន្ត​ទៅ​ចត​ចោល​ទីនោះ​ទេ ព្រោះ​ពួកនាង​ដែល​ជា​បុគ្គលិក​ក្រុមហ៊ុន​ទាំង​២​នាក់ ក៏​មិន​បានដឹង​ពី​មូលហេតុ​នេះដែរ បន្ទាប់មក​ពួក​នាង​បាន​សុំ​យក​រថយន្ត​ទៅវិញ​ប៉ុន្តែ​នគរបាល​ឲ្យ​យក​ឯកសារ​ពាក់ព័ន្ធ​និង​រថយន្ត​ឲ្យ​បាន​គ្រប់គ្រាន់​សិន​ ទើប​ប្រគល់​ជូន​រថយន្ត​នេះ​វិញ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu