ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មានស្តីពីលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ នៅសណ្ឋាគារសូហ្វីតែល នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សលើកឡើងថា “គណបក្សមានសេចក្តីរីករាយ សូមប្រកាសថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សម្រាប់នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ និងមានតម្លាភាព។ ការបោះឆ្នោតនេះ ត្រូវបានចូលរួមដោយអ្នកអ្នកបោះឆ្នោត ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ យ៉ាងកុះករ និងបានទទួលស្គាល់ដោយអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិមកពីបណ្តាប្រទេសជុំវិញពិភពលោកថា ជាសញ្ញាណបញ្ជាក់យ៉ាងច្បាស់នៅភាពចាស់ទុំរបស់កម្ពុជានៅក្នុងលទ្ធិប្រជាធិបតេយ្យ”។
សូមបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានគណបក្សនយោបាយចំនួន២០ បានចូលរួម ហើយកាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៨ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី០៦ ឆ្នាំ២០១៨ ក្នុងនោះគណបក្សដែលទទួលបានសំលេងនាំមុខគេ គឺគណបក្សប្រជាជនកម្ពុជា ដែលទទួលបានរហូតដល់៤.៨៨៩.១១៣សំឡេង ហើយតាមតួលេខ ដែលបង្ហាញដោយ គ.ជ.ប សន្លឹកឆ្នោតបានការមានចំនួន៦.៣៦២.២៤១ ហើយសន្លឹកឆ្នោតមិនបានការមានចំនួន៥៩៤៦៥៩ ចំណែកអ្នកចូលរួមបោះឆ្នោត មានចំនួន៦.៩៥៦.៩០០នាក់ ដែលស្មើនឹង៨៣,០២ភាគរយ នៃចំនួនប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីទាំងអស់៕
Source: Kampuchea Thmey Daily
0 Comments