គណកម្មាធិការថ្មីមួយដែលត្រូវបានបង្កើតឡើងដោយប្រទេសមីយ៉ាន់ម៉ាដើម្បីពិនិត្យមើលការរំលោភសិទិ្ធមនុស្សនៅរដ្ឋរ៉ាក់ឃីនគឺត្រូវបានរិះគន់ដោយអ្នកសង្កេតការណ៍កាលពីថ្ងៃអង្គារថាជា “ការបង្ហាញនយោបាយ” ខណៈប្រទេសនេះកំពុងព្យាយាមទប់ស្កាត់ការរិះគន់ថែមទៀតអំពីទង្វើរបស់ខ្លួនលើជនមូស្លីមរ៉ូហ៊ីងយ៉ា។
រដ្ឋាភិបាលបានប្រកាសកាលពីល្ងាចថ្ងៃចន្ទថា គណកម្មាធិការស៊ើបអង្កេត “ឯករាជ្យ” មួយត្រូវបានបង្កើតឡើងប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតអំពីអំណាចរបស់វាឬរយៈពេលដែលត្រូវបានផ្តល់ឲ្យវាដើម្បីបញ្ចប់របាយការណ៍របស់វានោះទេ។
កងទ័ពបានវាយប្រហារតាមភូមិរ៉ូហ៊ីងយ៉ានៅក្នុងយុទ្ធនាការមួយដែលចាប់ផ្តើមកាលពីខែសីហាមុនបន្ទាប់ពីមានការវាយប្រហារបះបោរជាច្រើនដែលជាហេតុបង្ខំឲ្យមនុស្សប្រមាណ៧០០,០០០នាក់ភៀសខ្លួនពីព្រំដែនទៅប្រទេសបង់ក្លាដែស។
ជនជាតិរ៉ូហ៊ីងយ៉ាបានរៀបរាប់អំពីការសម្លាប់មនុស្ស ការរំលោភ ការធ្វើទារុណកម្មនិងការដុតបំផ្លាញដោយស្នាដៃរបស់កងទ័ពនិងក្រុមពុទ្ធសាសនានៅរដ្ឋរ៉ាក់ឃីនក្នុងអំពើហឹង្សាដែលអង្គការសហប្រជាជាតិចាត់ទុកថាជាការបោសសម្អាតជនជាតិភាគតិច។
អ្នកវិភាគ David Mathieson ដែលមានមូលដ្ឋាននៅទីក្រុងយ៉ាំងហ្គោនបានហៅគណកម្មាធិការថ្មីនេះថាជា “ការបំភាន់ផ្នែកនយោបាយ”។
លោកបាននិយាយថា “ដោយយោងលើភស្តុតាងដែលប្រមូលបានដោយអង្គការលើកលែងទោសអន្តរជាតិ, អង្គការសហប្រជាជាតិនិងប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា គណៈកម្មាធិការស៊ើបអង្កេតនេះគឺដូចគ្នាទៅនឹងកាយវិការឥតគួរសមមិនមែនជាការស៊ើបអង្កេតពិតប្រាកដនោះទេ”។
សមាជិកគណៈកម្មាធិការថ្មីនេះរួមមានជនបរទេសពីរនាក់និងជនជាតិមីយ៉ាន់ម៉ាពីរនាក់។
អ្នកស្រាវជ្រាវនៅអង្គការឃ្លាំមើលសិទ្ធិមនុស្សមីយ៉ាន់ម៉ាលោក Rich Weir បាននិយាយថា ស្ថាប័នថ្មីនេះនឹងត្រូវបានប្រើប្រាស់ដូចគ្នាទៅនឹងស្ថាប័នមុនៗដើម្បីជាការបញ្ឆោតនិងបិទបាំងការរិះគន់និងសម្ពាធ៕ AFP
Source: Kampuchea Thmey Daily
0 Comments