Ad Code

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ដឹកនាំ​ក្រុមគ្រូពេទ្យ ចុះ​ពិនិត្យ​ព្យាបាល​ជូន​ប្រជាពលរដ្ឋ រងគ្រោះ​ដោយ​ទឹកជំនន់​ជិត​១០០​គ្រួសារ ដោយ​ឥតគិតថ្លៃ នៅ​ខេត្តស្ទឹងត្រែង​



​ភ្នំពេញ ​៖ ​លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រី​ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី​៣១ ខែកក្កដា ឆ្នាំ​២០១៨​ បាន​ដឹក នាំ​ក្រុមគ្រូពេទ្យ ចុះទៅពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ជិត​១០០​គ្រួសារ ដែល​រងគ្រោះ ដោយ​ទឹកជំនន់​នៅ​ភូមិ​វាល​ខ្សាច់​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​ដោយ​ឥតគិតថ្លៃ ។​

លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​សុវត្ថិភាព​កុមារ​តូចៗ​ដោយ​មិនត្រូវ​បណ្តោយ​ឲ្យ​ពួកគេ​ចុះ​ងូតទឹក ឬ​ហែល​ទឹក​នៅពេល​ទឹកជំនន់ ពេល​ទឹក​លិច​ត្រូវដាក់​សញ្ញា​សម្គាល់ ឬ​ដាក់​បន្លា​ស្រាស់ នៅ​កន្លែង​ដែលមាន​រណ្ដៅ ឬ​ស្រះ ហើយ​បន្ទាប់ពី​ទឹកជំនន់ ត្រូវ​សម្អាត​គ្រប់​ទីកន្លែង​ជុំវិញ​គេហដ្ឋាន​ឲ្យ​មាន​អនាម័យ​ល្អ ពិសេស​អណ្ដូងទឹក ត្រូវតែ​ស្ដារ​លាង​សម្អាត​ចេញ​ទាំងអស់។

លោក​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង​បាន​មានប្រសាសន៍ថា​ នៅពេល​ដែលមាន​ទឹកជំនន់​នឹងធ្វើ​ឲ្យ​មាន​ឆ្លង​ជំងឺ​ផ្សេងៗ​ដែល​បង្កឡើង​ដោយសារ​ទឹក​មិន​ស្អាត ការពុល​ចំណីអាហារ ជំងឺរាគ អាសន្នរោគ និង​ជំងឺ​ដែល​បង្កឡើង​ដោយ​ភ្នាក់ងារ​ចម្លង​មួយចំនួន​ដូចជា គ្រុនចាញ់ គ្រុនឈាម ជំងឺ​រមាស់ ភ្នែក​ក្រហម រលាក​ផ្លូវដង្ហើម របួស​ដោយសារ​ការប៉ះទង្គិច​នឹង​វត្ថុ​ផ្សេងៗ ពស់​ចឹក លង់ទឹក និង​វិបត្តិ​ផ្លូវចិត្ត​ផងដែរ​។​

លោក​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​សម្រាន្ត​នៅក្នុង​មុង​គ្រប់ពេល​ដើម្បី​ការពារ​ជំងឺគ្រុនឈាម គ្រុន ចាញ់​និង​ជំងឺ​ផ្សេងៗ ត្រូវ​ប្រុងប្រយ័ត្ន​ចំ​ពើ​សត្វ​ពស់​ឬ​សត្វ​អ​សិរ​ពិស​ផ្សេងៗ ត្រូវធ្វើ​អនាម័យ​បរិស្ថាន​ជុំវិញ​និង​ក្នុងផ្ទះ ត្រូវ​ស្តារ​និង​លាង​សំអាត​អណ្តូងទឹក​ឡើងវិញ​មុននឹង​ប្រើប្រាស់​និង​ជួសជុល​និង​សាងសង់​ឡើងវិញ​និង​ត្រូវ​បន្ទោរ​បង់​ក្នុង​បង្គន់​គ្រប់ពេល​។​

ជាមួយគ្នានេះដែរ​លោករ​ដ្ឋ​មន្ត្រី​ក្រសួងសុខាភិបាល​ក៏បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវ​ចេះ​តាមដាន​ពី​ស្ថានភាព​ទឹកជំនន់​ដើម្បី​ត្រៀម​រក​ទីទួល​សុ​វត្តិភាព​និង​ស្បៀងអាហារ​ឲ្យ​បាន​គ្រប់គ្រាន់​នៅពេល​មាន​ទឹកជំនន់​។​

លោក​រដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​តាមដាន​និង​ពិនិត្យ​ផ្ទៃពោះ​ទៅតាម​ការកំណត់​របស់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​បើ​ស្ត្រី​ជិត​គ្រប់​ខែ​ដល់ពេល​សម្រាល​ត្រូវ​ស្វែងរក​កន្លែង​ស្នាក់នៅ​ក្បែរ​មណ្ឌល​សុខភាព​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បំផុត​។​ត្រូវ​នាំ​កូនៗ​ទៅ​ទទួល​ថ្នាំ​បង្ការ​ទៅតាម​ការកំណត់​របស់​គ្រូពេទ្យ​និង​ផ្តល់​ចំណីអាហារ​ដល់​កុមារ​ឲ្យ​បាន​ត្រឹមត្រូវ​និង​ត្រូវការពារ​កុមារ​កុំ​ឲ្យ​លេង​ទឹក និង​ត្រូវ​ចេះ​ជួយ​ដល់​ស្ត្រី មាន​ផ្ទៃពោះ កុមារ មនុស្ស​ចាស់ និង​ជនពិការ នៅក្នុង​កំឡុងពេល​ទឹកជំនន់​។

យ៉ាងណាក៏ដោយ​លោក​សាស្ត្រាចារ្យ​ម៉ម​ប៊ុនហេង​បាន​ណែនាំ​ថា​មុនពេល ក្នុងពេល​និង​ក្រោយពេល​ទឹកជំនន់​ប្រសិនបើ​ប្រជាពលរដ្ឋ​មាន​បញ្ហា​សុខភាព​សូម​ស្វែងរក​ការពិគ្រោះ​និង​ពិនិត្យ​ព្យាបាល​ជំងឺ​ជាបន្ទាន់​នៅ​ប៉ុស្តិ៍​សុខភាព​ក្បែរ​ទីទួល​សុ​វត្តិភាព​ឬ​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅ​ជិត​បង​បង្អូន​បំផុត​។​

លោក​រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង​បាន​បញ្ជាក់ថា «​ជានិច្ច​ជា​កាល​យើង​តែងតែ​ប្រតិ​ប​ត្ដិ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ត្រៀមខ្លួន​ជានិច្ច​ក្នុងការ​ឆ្លើយតប នឹង​គ្រោះមហន្ដរាយ​នានា ពិសេស​ចុះ​ព្យាបាល​ប្រជាពលរដ្ឋ​យើង ទៅដល់​ទីតាំង​រស់នៅ និង​រងគ្រោះ​តែង​ម្ដង​។ ក្នុងនោះ​យើង​បានរៀបចំ​រួចជាស្រេច នូវ​ឱសថ សម្ភារ​បរិក្ខារ​ពេទ្យ សម្រាប់​សង្គ្រោះ​ប្រជាពលរដ្ឋ ក្នុង​រដូវ​ទឹកជំនន់​នេះ » ។​

លោក​សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង ក៏បាន​បញ្ជាក់ទៀតថា ក្រសួងសុខាភិបាល បានចេញ​នូវ​សារ​អប់រំ​សុខភាព​គ្រប់​រូបភាព ជូន​ប្រជាពលរដ្ឋ រួចរាល់​ហើយ តាមរយៈ​ការចុះ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងៗ ដូចជា ទូរទស្សន៍ និង​សារព័ត៌ ក្រៅពី​ចុះទៅ​អប់រំ​ដោយផ្ទាល់។​

គួរ​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​ដំណឹង​ពី​ការលិចលង់​ដោយ​ទឹកជំនន់ ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ឡាវ ដោយសារ​របាក់​ទំនប់ Se-Pian Se Nam Noi ក្នុង​ខេត្ត Attapeu បាន​មកដល់​ព្រំដែន​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​២៥ ខែកក្កដា​កន្លងទៅនេះ​បាន​បណ្តាល​ឲ្យ​លិចលង់​នៅ​តំបន់​មួយចំនួន នៅក្នុង​ឃុំ​ថ្មកែវ ឃុំ​សន្តិភាព និង​ឃុំ​សេកុង នៃ​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង និង​បាន​បន្ត​លិច​នៅ​ភូមិ​ឃុំ​មួយចំនួនទៀត រួមទាំង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu