Ad Code

អាមេរិក​ ជំរុញ​ឲ្យ​មាន​សម្ពាធ​ប្រឆាំង​កូរ៉េខាងជើង​នៅ​ឯ​កិច្ចពិភាក្សា​អាស៊ី



សហរដ្ឋអាមេរិក​ នឹង​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ​បន្ត​សម្ពាធ​ដាក់ទណ្ឌកម្ម​ប្រឆាំង​នឹង ​ប្រទេស​កូរ៉េខាងជើង​ក្នុង​វេទិកា​សន្តិសុខ​មួយ​នៅ​ប្រទេស​សិង្ហ​បុរី​នា​សប្តាហ៍​នេះ ​ខណៈ​ដែល​មាន​ក្តី​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ថា ក្រុង​ព្យុងយ៉ាង​បាន​បង្ហាញ​ភាព​រីកចម្រើន​តិចតួច​ណាស់​ឆ្ពោះ​ទៅរក​ការលុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​។​

រដ្ឋមន្ត្រីការបរទេស​លោក Mike Pompeo និង​សម​ភាគី​កូរ៉េខាងជើង​របស់គាត់​នឹងចូលរួម​ការជួបជុំ​នេះ​នៅ​ប្រទេស​សិង្ហ​បុរី​ដែលជា​កន្លែង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន បានរៀបចំ​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​របស់​ពួកគេ​កាលពី​ពីរ​ខែ​មុន​។​

លោក Pompeo និង​អ្នកការទូត​ជាន់ខ្ពស់​មកពី​បណ្តា​ប្រទេស​ដទៃទៀត​ដែលជា​ប់​ពាក់ព័ន្ធ​ក្នុងការ​ព្យាយាម​កាត់បន្ថយ​មហិច្ឆតា​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុងយ៉ាង​គឺ​នឹង​ពិនិត្យ​មើលថា​តើ​ប្រទេស​កូរ៉េខាងជើង​បាន​ចាត់វិធានការ​ជាក់ស្តែង​ដើម្បី​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ដែរឬទេ​។​

នៅឯ​កិច្ចពិភាក្សា​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​លោក​ត្រាំ​កាលពី​ខែមិថុនា លោក​គីម​បាន​ចុះហត្ថលេខា​លើ​ការប្តេជ្ញាចិត្ត​មិន​ច្បាស់​មួយ​ចំពោះ “​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ចេញពី​ឧបទ្វីប​កូរ៉េ​”​។​

ខណៈពេល​ដែលមាន​សញ្ញា​តិច​តូច​នៃ​ការរីកចម្រើន​នោះ របាយការណ៍​ព័ត៌មាន​បានបង្ហាញ​ថា ទីក្រុង​ព្យុងយ៉ាង​កំពុង​បន្ត​ផលិត​រ៉ុក្កែត​ហើយ​មានការ​ព្រួយបារម្ភ​កាន់តែខ្លាំង​ឡើង​ថា ការអនុវត្តន៍​ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដែល​ដាក់​លើ​ប្រទេស​កូរ៉េខាងជើង​គឺ​ត្រូវបាន​បន្ធូរបន្ថយ​ដោយ​រដ្ឋ​ជា​សមាជិក​មួយចំនួន​។​

មន្ត្រី​អាមេរិក​ម្នាក់​បាន​និយាយថា ក្រុង​វ៉ាស៊ីនតោន​មាន​ក្តី​ព្រួយបារម្ភ​ដោយសារ​ការរំលោភបំពាន​របស់​កូរ៉េខាងជើង​លើ​ការដាក់ទណ្ឌកម្ម​របស់​អង្គការសហប្រជាជាតិ​ដែល​រួមមាន​ទាំង​ការដឹកជញ្ជូន​ប្រេង​ដោយ​ខុសច្បាប់​តាម​សមុទ្រ​ផងដែរ​។​

មន្ត្រី​រូបនេះ​បាន​និយាយថា ការប្រមូលផ្តុំ​ដូចជា​វេទិកា​តំបន់​អាស៊ាន​នៅ​ថ្ងៃ​សៅរ៍​នេះ​គឺជា​ឱកាស​មួយ​ដើម្បី​រំលឹក​ដល់​ប្រទេស​ទាំងអស់​អំពី​កាតព្វកិច្ច​របស់​ពួកគេ​ក្នុងការ​ប្រកាន់ខ្ជាប់​នូវ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​
វេទិកា​ប្រចាំឆ្នាំ​ដែល​រៀបចំ​ដោយ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) មួយ​នេះ​គឺ​បាន​ប្រមូល​ផ្តុំ​អ្នកការទូត​កំពូលៗ​មកពី​ប្រទេស​ចំនួន​២៦​និង​សហភាព​អឺរ៉ុប​សម្រាប់​កិច្ចពិភាក្សា​អំពី​បញ្ហានយោបាយ​និង​សន្តិសុខ​នៅក្នុង​តំបន់​អាស៊ី - ប៉ាស៊ីហ្វិក៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu