Ad Code

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ដាក់ពាក្យ​ប្ដឹង​ជិត​២៥០០ ​ភាគច្រើន​ទាក់ទង​គំនូស​សញ្ញា​គាំទ្រ​គណបក្ស



ភ្នំពេញ​៖​ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) លោក ហង្ស ពុទ្ធា បាន​អះអាង​ថា រហូតមកដល់​ពេលនេះ មាន​ពាក្យ​បណ្ដឹង​២៥២៥​បណ្ដឹង​ ដែល​ភាគច្រើន​ជា​បណ្ដឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ទាក់ទង​ទៅ​រឿង​គំនូស​សញ្ញា​គាំទ្រ​គណបក្ស ហើយ​ក្នុងនោះ គណៈកម្មការ​បោះឆ្នោត​ថ្នាក់​ឃុំ សង្កាត់ បាន​ដោះស្រាយ​ខ្លះ​ហើយ ប៉ុន្តែ​LDP​ មិន​ទទួលយក ហើយ​ប្តឹង​បន្ត។

លោក​ហង្ស ពុទ្ធា បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃទី​០១ ខែសីហា យ៉ាងនេះ​ថា “​ឥឡូវ​មកដល់ពេលនេះ​ មាន​២៥២៥​បណ្ដឹង​ហើយ ក្នុង​នោះ​គ្រាន់តែ​បណ្ដឹង​របស់​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) មាន​ចំនួន​២៤៩១​បណ្ដឹង ហើយ​បណ្ដឹង​នេះ​ទាក់ទង​ទៅ​រឿង​ដដែល គឺ​គាត់​មិន​ទទួលយក​ការ​រាប់​សន្លឹកឆ្នោត ដែល​មាន​សញ្ញា​ផ្សេង​ក្រៅពី​គូស​ធី​ក (✔) ហើយ​បណ្ដឹង​នេះ​ដូចគ្នា​ទាំងអស់ ក្នុង​មួយ​ខេត្តៗ មាន​រាប់​រយ​បណ្ដឹង ហើយ​បណ្ដឹង​ផ្សេងៗ​មានតែ​ចំនួន​៣៤​ប៉ុណ្ណោះ​”​។​

ឆ្លើយតប​សំណួរ​ថា មាន​គណបក្ស​ណាខ្លះ​បានដាក់​ពាក្យបណ្តឹង​ដែរ ? លោក ហង្ស ពុទ្ធា អះអាងថា “​ពេលនេះ​ខ្ញុំ​ទទួល​តែ​របាយការណ៍​ មិនទាន់​ដឹង​ច្បាស់​ថា មាន​គណបក្ស​ណា​ប្តឹង​ខ្លះ​ទេ ដោយ​មានតែ​ចំនួន​តួរ​លេខ​ប៉ុណ្ណោះ ហើយ​ស្ថិតនៅ​ក្នុង​ចំណាត់ការ​ថ្នាក់​ឃុំ សង្កាត់​”​។ ទាក់ទង​បណ្ដឹង​ទាំងអស់នេះ លោក លោក ហង្ស ពុទ្ធា បាន​អះអាងថា នៅ​ថ្នាក់ឃុំ សង្កាត់ បាន​ដោះស្រាយ​ចំនួន​១៥៩​បណ្ដឹង​ហើយ ប៉ុន្តែ​អ្នកប្ដឹង​មិន​សុខចិត្ត និង​បាន​ប្ដឹង​បន្ត​មក​ថ្នាក់​ខេត្ត​ទៀត តែ​មិន​បណ្តឹង​នេះ មិនទាន់​ឡើងមក​ដល់ គ​.​ជ​.​ប នៅឡើយ​ទេ​។​

តាម​លោក ហង្ស ពុទ្ធា ការប្រកាស​លទ្ធផល​មាន​៤​ដំណាក់កាល គឺ​នៅពេល​រាប់​សន្លឹកឆ្នោត​តាម​ការិយាល័យ គឺ​បាន​បិទ​ផ្សាយ​ភ្លាមៗ នៅនឹងកន្លែង ហៅថា លទ្ធផល​បឋម ហើយ​លទ្ធផល​បណ្ដោះអាសន្ន នឹង​ប្រកាស​នៅ​ថ្ងៃទី​១១ ខែសីហា ខាងមុខ ហើយ​បើ​គ្មាន​បណ្ដឹង​ទេ នៅ​ថ្ងៃទី​១៥ ខែសីហា គ​.​ជ​.​ប នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​តែម្ដង គឺ គ​.​ជ​.​ប នឹង​រៀបចំ​ប្រកាស​ពី​អាសនៈ និង​បេក្ខជន​របស់​គណបក្ស​នយោបាយ ដែល​បាន​ជាប់ឆ្នោត តែបើ​មាន​បណ្ដឹង នឹង​ដោះស្រាយ​រហូតដល់​ថ្ងៃទី​១០ ខែកញ្ញា ទើប​អាច​ប្រកាស​លទ្ធផល​ផ្លូវការ​បាន​។​

លោក ហង្ស ពុទ្ធា បាន​អះអាង​ដែរ​ថា ការប្ដឹង​នេះ គឺជា​សិទ្ធិ​របស់គាត់ ហើយ​បើ​ដោះស្រាយ​រួច​គាត់​មិន​សុខចិត្ត គាត់​អាច​ប្ដឹង​ឡើងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ទៀត ដូច្នេះ​ធ្វើអោយ​ពេលវេលា​នៃ​ការប្រកាស​លទ្ធផល​ផ្លូវការ​កាន់តែ​អូសបន្លាយ ហើយ​ក្នុងនាម គ​.​ជ​.​ប នឹង​គោរព​តាមច្បាប់​។ លោក​បញ្ជាក់ថា ការប្តឹង​នេះ ត្រូវ​តាម​នីតិវិធី​នៃ​ការប្ដឹង តែ​តាមច្បាប់ គាត់​បកស្រាយ​ច្បាប់​មិនបាន​ត្រឹមត្រូវ​ទេ ហើយ​រឿងនេះ គ​.​ជ​.​ប ក៏បាន​ពន្យល់​ច្រើនដង​មក​ហើយ ទាំង​ជា​លាយលក្ខណ៍អក្សរ និង​ប្រជុំ​ផ្ទាល់ ដោយ​គណបក្ស​ចំនួន​១៩ បាន​យល់ព្រម ដោយឡែក​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​មួយ មិន​ទទួលយក ដូច្នេះ គ​.​ជ​.​ប មានតែ​ធ្វើតាម​លក្ខខណ្ឌ​ច្បាប់ គឺ​ទទួលយក​បណ្ដឹង​នោះ​យកមក​ដោះស្រាយ​។ ទោះជា​យ៉ាងណា លោក ហង្ស ពុទ្ធា បាន​អះអាង​ថា ការ​ដោះស្រាយ​របស់ គ​.​ជ​.​ប នៅតែ​ដដែល​។​

ទាក់ទង​បញ្ហា​នេះដែរ លោក ហង្ស ពុទ្ធា បាន​បញ្ជាក់ថា ចំពោះ​គំនូស​សញ្ញា​គាំទ្រ​គណបក្ស​នេះ គ​.​ជ​.​ប ធ្លាប់បាន​ពិចារណា​តាំងពី​មុន​មាន​បណ្ដឹង ឬ​ការទាមទារ​មកម្ល៉េះ ដែល​ចង់​ឲ្យ​មាន​ការប្រើ​ត្រា​ធី​ក​តែម្ដង ប៉ុន្តែ​លោក​បាន​អះអាងថា បើ​ប្រើ​ត្រា​នៅតែ​មាន​បញ្ហា​ដដែល ប្រសិនបើ​មិន​ទទួលយក​នីតិវិធី។​

សូមបញ្ជាក់ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ បាន​ប្រព្រឹត្តិ​ទៅ​កាលពី​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ដោយមាន​គណបក្ស​នយោបាយ​ចំនួន​២០ បាន​ចូលរួម ហើយ​ជា​លទ្ធផល មាន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ចំនួន​៦.៩៤៦.១៦៤​នាក់ ដែល​ស្មើនឹង​៨២,៨៩​ភាគរយ នៃ​ចំនួន​អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប​៨.៣៨០.២១៧​នាក់។

ក្រោយ​ការបោះឆ្នោត​ភ្លាម អ្នកសង្កេតការណ៍​ជាតិ អន្តរជាតិ​បាន​វាយ​តម្លៃ​ថា ដំណើរការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ បានបញ្ចប់​ក្រោម​បរិយាកាស​ល្អ រលូន ត្រឹមត្រូវ សេរី និង​យុត្តិធម៌ និង​មាន​ការគោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស គ្មាន​ការបង្ខិតបង្ខំ គ្មាន​ហិង្សា គ្មាន​ការភ័យខ្លាច គ្មាន​ការលក់ដូរ​សន្លឹកឆ្នោត ស្ងប់ស្ងាត់ មាន​សណ្ដាប់ធ្នាប់​ល្អ​។

បញ្ហា​គំនូស​​​សញ្ញា​គាំទ្រ​គណបក្ស​នេះ គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ធ្លាប់បាន​ទាមទារ​ឲ្យ​ប្រើ​សញ្ញា​ធី​ក (✔) ឬ​សញ្ញា​ប្រហាក់ប្រហែល​នៅ​លើ​សន្លឹកឆ្នោត ហើយ​សញ្ញា​ផ្សេង​ពីនេះ​មិន​ទទួលយក​ទេ ដោយបាន​លើកឡើងថា LDP ចង់​ឲ្យ​ប្រើ​សញ្ញា​ធី​ក (✔) ឬ​សញ្ញា​ប្រហាក់ប្រហែល តែ​យ៉ាងណា​ត្រូវ​គូស​នៅលើ​ប្រអប់​បួន​ជ្រុង​ទ្រវែង​តូច ហើយ​បើ​សញ្ញា​អី​ក៏​យក នៅ​កន្លែង​ណា​ក៏​យក វា​អាច​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​អ្នកបោះឆ្នោត និង​ធ្វើ​ឲ្យ​បាត់​គោល​ការ​ណ៍​សំងាត់​នៃ​ការបោះឆ្នោត​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu