Ad Code

គណបក្ស​កាន់អំណាច​របស់​ហ្ស៊ី​ម​បា​វ៉េ​ ឈ្នះ​អាសនៈ​ភាគច្រើន​នៅក្នុង​សភា



លទ្ធផល​ផ្លូវការ​បានបង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា គណបក្ស ZANU-PF ដែល​កំពុង​គ្រប់គ្រង​អំណាច ប្រទេស​ហ្ស៊ី​ម​បា​វ៉េ​របស់លោក​ប្រធានាធិបតី Emmerson Mnangagwa​បានឈ្នះ​អាសនៈ​ភាគច្រើន​នៅក្នុង​សភា​បន្ទាប់ពី​ទទួល​ជ័យជំនះ​យ៉ាង​ក្រាស់ក្រែល​នៅ​មណ្ឌលបោះឆ្នោត​ជនបទ​។​ ​

លទ្ធផល​របស់​គណៈកម្មកា​រ​រៀបចំ​ការបោះឆ្នោត​ហ្ស៊ី​ម​បា​វ៉េ​បាន​បង្ហាញថា គណបក្ស ZANU-PF របស់លោក Mnangagwa បានឈ្នះ​យ៉ាង​ធំធេង​បន្ទាប់ពី​ទទួលបាន​អាសនៈ​ចំនួន​១០៩​ទល់នឹង​៤១​អាសនៈ​របស់​គណបក្ស​ចលនា​សម្រាប់​ការផ្លាស់ប្តូរ​លទ្ធិប្រជាធិបតេយ្យ (MDC)​។ ទោះបីជា​យ៉ាងណាក៏ដោយ អាសនៈ​ចំនួន​៥៨​ទៀត​នៅ​មិនទាន់​ត្រូវបាន​ប្រកាស​នៅឡើយ​ទេ​។​

សភា​មាន​២១០​អាសនៈ​ហើយ​គណបក្ស ZANU-PF ត្រូវការ​ឈ្នះ​៣០​អាសនៈ​បន្ថែមទៀត​ដើម្បី​បង្កើត​សំឡេង​ភាគច្រើន​២​ភាគ​៣​ដែល​នឹង​អនុញ្ញាត​ឲ្យ​មានការ​ផ្លាស់ប្ដូរ​រដ្ឋធម្មនុញ្ញ​តាម​ឆន្ទៈ​។​

អ្នកបោះឆ្នោត​ក្នុងប្រទេស​ហ្សី​ម​បា​វ៉េ​បានជ្រើសរើស​យក​បេក្ខជន​ប្រធានាធិបតី​ដោយ​ផ្អែកលើ​ទំនាក់ទំនង​គណបក្សរ​បស់​ពួកគេ​ហើយ​និន្នាការ​ក្នុងការ​បោះឆ្នោត​សភា​ត្រូវបាន​គេ​រំពឹងថា​នឹង​បន្ត​នៅពេល​លទ្ធផល​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ត្រូវបាន​ប្រកាស​នៅ​សប្តាហ៍​នេះ​។​

គណបក្សប្រឆាំង MDC ដែល​ដឹកនាំ​ដោយ​លោក Nelson Chamisa បានទទួល​ការគាំទ្រ​ភាគច្រើន​នៅតាម​តំបន់​ជាយក្រុង​។​

MDC បាន​រាយការណ៍​ពី​ភាពមិនប្រក្រតី​និង​ចោទប្រកាន់​គណកម្មការ​បោះឆ្នោត​កាលពី​ថ្ងៃ​អង្គារ​អំពី​ចេតនា​ពន្យារពេល​លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុង​សប្តាហ៍​នេះ​ដើម្បី​គាំទ្រ​ដល់​គណបក្សកាន់អំណាច​សម្រាប់​ការបោះឆ្នោត​ជា​លើកដំបូង​ចាប់តាំងពី​ការបណ្តេញ​លោក Robert Mugabe នៅក្នុង​រដ្ឋប្រហារ​មិន​បង្ហូរឈាម​មួយ​កាលពី​ខែវិច្ឆិកា​។​

ទោះបីជា​ការបោះឆ្នោត​បាន​កន្លងផុត​ទៅដោយ​សន្តិ​ភាព​ក៏ដោយ​ប៉ុន្តែ​មាន​រថយន្ត​បាញ់​ទឹកជា​ច្រើន​គ្រឿង​បាន​ល្បាត​នៅ​ខាងក្រៅ​ការិយាល័យ​កណ្តាល​របស់​គណបក្ស MDC ក្នុង​ទីក្រុង Harare ខណៈដែល​អ្នកគាំទ្រ​ពាក់អាវ​ពណ៌​ក្រហម​របស់ខ្លួន​បាន​រាំ​នៅតាម​ដងផ្លូវ​៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu