ប្រទេសអ៊ីតាលីបានប្រារព្ធពិធីអធិស្ឋានជាផ្លូវការនៅថ្ងៃសៅរ៍ដើម្បីឧទ្ទិសដល់មនុស្សជាច្រើននាក់ដែលត្រូវបានសម្លាប់ក្នុងគ្រោះមហន្តរាយបាក់ស្ពាននៅទីក្រុង Genoa ខណៈដែលសាច់ញាតិរបស់ជនរងគ្រោះបានគេចវេះមិនព្រមចូលរួមពិធីផ្លូវការទាំងខឹងសម្បា។
រដ្ឋាភិបាលប្រជានិយមបានស្តីបន្ទោសដល់ប្រតិបត្តិករស្ពាននេះចំពោះការបាក់កាលពីថ្ងៃអង្គារដែលបានសម្លាប់មនុស្សយ៉ាងតិច៣៨នាក់នៅទីក្រុងភាគខាងជើងប្រទេសអ៊ីតាលីហើយបានគំរាមដកក្រុមហ៊ុនចេញពីកិច្ចសន្យារបស់ខ្លួន។
អាជ្ញាធរបានរៀបចំពិធីបុណ្យសពថ្នាក់រដ្ឋនៅថ្ងៃសៅរ៍នៅឯសាលមួយក្នុងទីក្រុង Genoa ដោយស្របពេលជាមួយថ្ងៃនៃការកាន់ទុក្ខ។
សាច់ញាតិដែលបានប្រមូលផ្តុំគ្នានៅឯសាលកាលពីថ្ងៃសុក្របានឱបគ្នានិងអធិស្ឋាននៅលើមឈូសដែលមានតុបតែងជាមួយផ្កានិងរូបថតរបស់អ្នកស្លាប់។
ប៉ុន្តែយោងតាមកាសែត La Stampa បានចុះផ្សាយថា គ្រួសារជនរងគ្រោះចំនួន១៧នាក់បានបដិសេធចូលរួមខណៈប្រាំពីរនាក់ទៀតមិនទាន់សម្រេចចិត្តថាតើពួកគេនឹងចូលរួមដែរឬទេ។
សារព័ត៌មាននេះបានលើកឡើងសំដីរបស់ម្តាយជនរងគ្រោះមួយរូបដែលបាននិយាយថា “វាគឺជារដ្ឋដែលបានបង្ករឿងនេះឡើងហើយកុំឲ្យពួកគេចេញមុខមាត់ឲ្យសោះ”។
ប្រធានាធិបតីអ៊ីតាលីលោក Sergio Mattarella និងនាយករដ្ឋមន្ត្រីលោក Giuseppe Conte នឹងដឹកនាំពិធីបុណ្យសពថ្នាក់រដ្ឋ។
រដ្ឋាភិបាលបានចោទប្រកាន់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ Autostrade per L Italia ថា បានខកខានមិនវិនិយោគក្នុងការថែទាំឲ្យបានគ្រប់គ្រាន់ហើយបាននិយាយថា ខ្លួននឹងព្យាយាមលុបចោលកិច្ចសន្យាដ៏ថ្លៃរបស់ខ្លួន។
លោក Matteo Salvini រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានទាមទារឲ្យក្រុមហ៊ុននេះផ្តល់ប្រាក់ចំនួន៥០០លានអឺរ៉ូ (៥៧០លានដុល្លារអាមេរិក) ដើម្បីជួយគ្រួសារនិងរដ្ឋាភិបាលក្នុងតំបន់ដោះស្រាយបន្ទាប់ពីគ្រោះមហន្តរាយនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments