ក្រុមបាល់ទាត់អាស៊ីអឺរ៉ុប ត្រូវប៉ះក្រុមអគ្គីសនីកម្ពុជា ហើយក្រុមវេស្ទើនភ្នំពេញ ត្រូវជួបក្រុមព្រះខ័នរាជស្វាយរៀង និងក្រសួងការពារជាតិ (ទ័ព) ត្រូវប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ (ប៉ូលីស) នៅល្ងាចថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨ ប្រចាំសប្ដាហ៍ទី១៨ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018)។
*អាស៊ីអឺរ៉ុប ប៉ះអគ្គីសនីកម្ពុជា
ក្រុមអាស៊ីអឺរ៉ុប ប៉ះអគ្គីសនីកម្ពុជា នៅម៉ោង៣រសៀលលើទីលានពហុកីឡដ្ឋានជាតិ មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News។ មែនទែនទៅក្រុមអាស៊ីអឺរ៉ុប ត្រូវប្រកួតនៅកីឡដ្ឋាន AEU Sport Park របស់ខ្លួននោះទេ ប៉ុន្តែដោយសារមានការបាក់ទំនប់ហើយបណ្តាលឱ្យទឹកហូរចូលពេញបរិវេណកីឡដ្ឋានជាហេតុមិនអាចប្រកួតបានទើប CNCC សម្រេចប្តូរទីលានប្រកួតបែបនេះ។ ក្រុមអាស៊ីអឺរ៉ុប កំពុងដឹកនាំដោយលោក សុក វាសនា ពេលនេះកំពុងឈរចំណាត់ថ្នាក់លេខ៨ បណ្ដោះអាសន្នក្នុងតារាងរួមដែលមានក្រុមចំនួន១២ ក្រោយប្រកួតបាន១៧លើក ឈ្នះបាន៦លើក ស្មើគ្នា៣លើក និងចាញ់៨លើក មាន២៤ពិន្ទុក្នុងដៃ។ ខ្សែប្រយុទ្ធកាម៉េរូន Befolo Mbarga Privat ជាកីឡាករឆ្នើមម្នាក់ក្នុងក្រុមក្រោយរកគ្រាប់បាន២០គ្រាប់ម្នាក់ឯងកន្លងមកនេះ។
ចំណែកក្រុមអគ្គីសនីកម្ពុជា មិនទាន់គេចផុតពីតំបន់បាតតារាងនៅឡើយនោះទេ ក្រោយប្រកួតឈ្នះបាន១លើក ស្មើគ្នា២លើក និងចាញ់១៤លើកក្នុងប្រកួតកន្លងមក។ លោក ប្រាក់ វុទ្ធី គ្រូបង្វឹករបស់ក្រុមនេះបានដាក់គោលដៅរក្សាខ្លួនឲ្យល្អ និង ប្រឹងដើម្បីបានចំណាត់ល្អជាងរដូវកាលចាស់ នៅក្នុងពានរង្វាន់លីគកំពូលកម្ពុជា ខណៈក្រុមនេះទើបតែខកចិត្តក្រោយធ្លាក់ចេញពីពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។
*វេស្ទើន ប៉ះព្រះខ័នរាជស្វាយរៀង
ក្រុមវេស្ទើនភ្នំពេញ ត្រូវប៉ះក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានវេស្ទើន ព្រមទាំងមានផ្សាយផ្ទាល់តាមហ្វេសប៊ុក CNCC។ ក្រុមវេស្ទើនភ្នំពេញ ទើបតែរកបានពិន្ទុលើកដំបូង កាលពីពេលថ្មីៗក្រោយឆ្លងកាត់១៧ប្រកួតមកនេះ។ ក្រុមនេះកំពុងដឹកនាំដោយគ្រូបង្វឹកជនជាតិម៉ាឡេស៊ី លោក FIZOL BIN A.RAZAK។ ឆ្លងកាត់ការប្រកួតមួយរយៈពេលនេះមកលោកបានមើលឃើញពីកម្រិតប្រកួតប្រជែងនិងតម្រូវការទាមទារនៅក្នុងលីគកម្ពុជា ដែលជាបទពិសោធល្អសម្រាប់កីឡាករក្មេងៗរបស់លោកក៏ដូចជាសម្រាប់លោកផ្ទាល់ផងដែរ។
ក្រុមព្រះខ័នរាជស្វាយរៀង មួយរយៈចុងក្រោយនេះហាក់ជួបបញ្ហារឿងកីឡាកររបួសនិងកីឡាករសំខាន់ៗជាប់ពិន័យពីសំណាក់គណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀង សរសើរកូនក្រុមក្នុងប្រកួតចុងក្រោយដែលធ្វើបានល្អ។ យ៉ាងណាលោកបានដោះដូរកីឡាករគួរឱ្យភ្ញាក់ផ្អើលមួយដើម្បីត្រៀមជើងទី២នេះ។ ក្រុមព្រះខ័នរាជស្វាយរៀង កំពុងតែឈរចំណាត់ថ្នាក់លេខ៧បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១២ បន្ទាប់ពីឈ្នះបាន៦លើកស្មើគ្នា៣លើកនិងចាញ់៨លើក។
*ក្រុមក្រសួងការពារជាតិ ជួបអគ្គស្នងការដ្ឋាននគរបាលជាតិ
ក្រុមក្រសួងការពារជាតិ ប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានស្តាតចាស់ ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News។ កីឡាកររបួសនិងកីឡាករមួយចំនួនចាកចេញជាបញ្ហាប្រឈមរបស់ក្រុមក្រសួងការពារជាតិ នាពេលបច្ចុប្បន្ន។ ក្នុងជើងទី២នេះក្លិបបានបន្ថែមកីឡាករសំខាន់ៗមួយចំនួនដើម្បីទប់ស្កាត់ការរបូតពិន្ទុពីដៃ ខណៈក្រុមនេះនៅសល់ឱកាសប្រជែងកំពូលតារាងនៅឡើយ។ ងាកទៅមើល១៧ប្រកួតមកនេះក្រុមក្រសួងការពារជាតិ ឈ្នះបាន១១លើក ស្មើ២លើកនិងចាញ់៤លើក ឈរលេខ៤ បណ្តោះអាសន្ន។
ចំណែកក្រុមប៉ូលីស វិញកំពុងឈរលេខ៦ ក្នុងចំណោមក្លិបទាំង១២ បន្ទាប់ពីឈ្នះបាន៧លើក ស្មើគ្នា៣លើកនិងចាញ់៧លើក។ លោក នុត សូនី គ្រូបង្វឹកក្រុមនេះរំពឹងថាកូនក្រុមនឹងធ្វើបានល្អបន្ថែមទៀតក្នុងប្រកួតនៅពេលខាងមុខៗ ស្របពេលមានកីឡាករស្ទើរតែពាក់កណ្ដាលក្រុម ទើបតែបញ្ចប់បំពេញកាតព្វកិច្ចនៅសាលាបណ្ឌិតសភានគរបាលជាតិ។ ម្យ៉ាងទៀតក្លិបមានកីឡាករសំខាន់ម្នាក់បានផ្ទេរចេញគឺ ទិត្យ ឌីណា ទៅចូលរួមវិសាខា ខណៈក្លិបបានបន្ថែមកម្លាំងចំនួន២នាក់វិញគឺ សុះ ប្រុស ហ៊ីម និងកីឡាករកូរ៉េខាងត្បូង No Dae-ho៕
Source: Kampuchea Thmey Daily
0 Comments