មានសម្ពាធកាន់តែខ្លាំងនៅថ្ងៃសៅរ៍ដើម្បីជួយសង្គ្រោះមនុស្សរាប់ពាន់នាក់ ដែលនៅតែជាប់ក្នុងទឹកជំនន់ដែលបានសម្លាប់មនុស្សជាង៣០០នាក់នៅរដ្ឋ Kerala របស់ប្រទេសឥណ្ឌា។
អាជ្ញាធរបានព្រមានពីភ្លៀងធ្លាក់ខ្លាំងនិងខ្យល់បក់ខ្លាំងនៅចុងសប្តាហ៍ខណៈកងទ័ពរាប់រយនាក់និងអ្នកនេសាទក្នុងស្រុកបានធ្វើការជួយសង្គ្រោះទាំងអស់សង្ឃឹមតាមឧទ្ធម្ភាគចក្រនិងទូកនៅទូទាំងរដ្ឋភាគខាងត្បូងមួយនេះ។
រដ្ឋ Kerala ដែលមានប្រជាប្រិយភាពក្នុងចំណោមភ្ញៀវទេសចរអន្ដរជាតិដោយសារតំបន់ត្រូពិកនិងឆ្នេរសមុទ្ររបស់ខ្លួនគឺត្រូវបានវាយដំដោយភ្លៀងមូសុងក្នុងកំណត់ត្រានៅឆ្នាំនេះ ។
ប្រធានរដ្ឋមន្ដ្រី Pinarayi Vijayan បាននិយាយនៅលើគេហទំព័រ Twitter ថា រដ្ឋកំពុងប្រឈមមុខនឹងទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល១០០ឆ្នាំកន្លងមកនេះ។ លោកបានបន្ថែមថា គិតមកត្រឹមពេលនេះ មនុស្សយ៉ាងតិច៣២៤នាក់បានបាត់បង់ជីវិត។
ការិយាល័យសារព័ត៌មានរបស់លោក Vijayan បាននិយាយថា នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានទៅដល់រដ្ឋនេះកាលពីយប់ថ្ងៃសុក្រខណៈបណ្តាញផ្សព្វផ្សាយបានរាយការណ៍ថា នាយករដ្ឋមន្ត្រីនឹងធ្វើការពិនិត្យពីអាកាសនៃតំបន់ដែលរងគ្រោះខ្លាំងបំផុត។
ពលរដ្ឋក្នុងរដ្ឋដែលមានប្រជាជន៣៣លាននាក់មួយនេះបានធ្វើការអំពាវនាវលើបណ្តាញសង្គមសម្រាប់ជំនួយដោយនិយាយថា ពួកគេមិនអាចទាក់ទងជាមួយសេវាសង្គ្រោះបានទេដោយសារតែអគ្គិសនីនិងទំនាក់ទំនងត្រូវបានកាត់ផ្តាច់។
ឧទ្ធម្ភាគចក្រយោធាជាង៣០គ្រឿងនិងទូក៣២០គ្រឿងកំពុងព្យាយាមសង្គ្រោះនៅទូទាំងរដ្ឋ Kerala បន្ទាប់ពីតំបន់មួយចំនួនត្រូវបានហ៊ុមព័ទ្ធដោយទឹកទន្លេហូរហៀរ។
អាជ្ញាធរបាននិយាយថា មនុស្សរាប់ពាន់នាក់ត្រូវបានគេនាំទៅកាន់កន្លែងសុវត្ថិភាពប៉ុន្តែរហូតមកដល់ពេលនេះ មានមនុស្សច្រើនជាង៦,០០០នាក់នៅតែកំពុងរង់ចាំការជួយសង្គ្រោះ។
ឧទ្ធម្ភាគចក្រក៏បានទម្លាក់ស្បៀងអាហារនិងការផ្គត់ផ្គង់ទឹកស្អាតបន្ទាន់ផងដែរខណៈរថភ្លើងពិសេសដែលដឹកទឹកស្អាតត្រូវបានបញ្ជូនទៅកាន់រដ្ឋ Kerala ៕ AFP
Source: Kampuchea Thmey Daily
0 Comments