អាជ្ញាធរម៉ិកស៊ិកបាននិយាយកាលពីថ្ងៃសុក្រថា កងម៉ារីនម៉ិកស៊ិក បានរឹបអូសថ្នាំមេតំហ្វេតាមីនប្រភេទគ្រីស្តាល់ក្នុងទម្ងន់កំណត់ត្រា៥០តោនពីមន្ទីរពិសោធន៍ថ្នាំមួយក្នុងរដ្ឋ Sinaloa។
យោធាបាននិយាយថា ខ្លួនបានរកឃើញមន្ទីរពិសោធន៍នេះនៅក្នុងទីក្រុង Alcoyonqui ជិតរដ្ឋធានី Culiacan របស់រដ្ឋនេះហើយបានវាយឆ្មក់កាលពីថ្ងៃព្រហស្បតិ៍។
កងម៉ារីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មន្ទីរពិសោធន៍ខុសច្បាប់និងបន្ទប់ក្រោមដីចំនួនពីរត្រូវបានឆែកឆេរនិងរុះរើជាមួយមេតំហ្វេតាមីនគ្រីស្តាល់ប្រហែល៥០តោន”។
Sinaloa គឺជាទីតាំងរបស់ក្រុមគ្រឿងញៀនដែលកាលពីអតីតត្រូវបានគ្រប់គ្រងដោយស្តេចត្រាញ់គ្រឿងញៀន Joaquin “El Chapo” Guzman រហូតដល់ការធ្វើបត្យាប័នរបស់គាត់ទៅសហរដ្ឋអាមេរិកនៅខែមករាឆ្នាំ២០១៧។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា មន្ទីរពិសោធន៍នេះស្ថិតនៅលើទឹកដីដែលគ្រប់គ្រងដោយក្រុមគ្រឿងញៀន Sinaloa។
រដ្ឋាភិបាលម៉ិកស៊ិកបានដាក់ពង្រាយកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលរបស់ប្រទេសមួយនេះនៅក្នុងឆ្នាំ២០០៦។
យុទ្ធសាស្ត្រនេះបាននាំឲ្យមានការចាប់ខ្លួនស្តេចត្រាញ់គ្រឿងញៀនល្បីឈ្មោះមួយចំនួននិងគ្រឿងញៀនជាច្រើន។ ប៉ុន្តែវាក៏ត្រូវបានញាំញីដោយរលកនៃអំពើហិង្សាផងដែរ ដែលបានបន្សល់ទុកអ្នកស្លាប់ជាង២០០,០០០នាក់នៅក្នុងការវាយប្រហារ៕
Source: Kampuchea Thmey Daily
0 Comments