ភ្នំពេញ ៖ ដើម្បីកាត់បន្ថយការលិចលង់ ដោយជំនន់ទឹកភ្លៀង រដ្ឋបាលរាជធានីភ្នំពេញបានខិតខំប្រឹងប្រែងណាស់ក្នុងស្តារ លាងសំអាតលូ និងប្រឡាយ ការបុកស៊ីផាយនៅជញ្ជាំងប្រឡាយ រួមទាំងការស្ថាបនាស្ថានីយបូមទឹកថ្មីៗជាច្រើនកន្លែងទៀតផងដែរ។
ដើម្បីជំរុញលើការងារនេះ អោយបានលឿន ត្រឹមត្រូវតាមគម្រោងបច្ចេកទេសរបស់រដ្ឋបាលរាជធានី នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២១០៨នេះ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យដោយផ្ទាល់ តែឯកឯងនៅប្រឡាយបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោកខណៈដែលប្រឡាយនេះ បាននិងកំពុងបុកស៊ីផាយបានជាង៧០ភាគរយហើយនោះ។
បើតាមប្រជាពលរដ្ឋដែលបានឃើញព័ត៌មាននៃការចុះដោយផ្ទាល់តែឯកឯង ទៅមើលប្រឡាយបឹងសាឡាងពីសំណាក់អភិបាលរាជធានីនេះ បាននិយាយថា ការចុះពិនិត្យដោយផ្ទាល់នេះ គឺលោកអភិបាលរាជធានីភ្នំពេញចង់បានឃើញដោយផ្ទាល់ភ្នែកចំពោះការដ្ឋានខាងលើថា តើក្រុមការងារអនុវត្តដល់កម្រិតណាត្រូវតាមគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញឬទេ ហើយប្រជាពលរដ្ឋក៏បានលើកឡើងពីភាពសាមញ្ញ និងការចុះជួយប្រជាពលរដ្ឋយ៉ាងសកម្មរបស់លោកអភិបាលរាជធានីភ្នំពេញផងដែរ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃទី១៨សីហានេះថា ប្រឡាយបឹងសាឡាងដែលបាននិងកំពុងធ្វើសកម្មភាពនេះ ការបុកស៊ីផាយបានសម្រេចប្រមាណ៧០ភាគរយហើយ ដើម្បីកាត់បន្ថយការលិចលង់ដោយជំនន់ទឹកភ្លៀង ហើយក៏ដើម្បីលើកសោភណភាពមាត់ប្រឡាយអោយមានសោភណភាពល្អប្រសើរផងដែរ។
គួរបញ្ជាក់ផងដែរថា ក្រៅពីបើកការដ្ឋានបុកស៊ីផាយនៅប្រឡាយស្ទឹងមានជ័យនេះហើយ កាលថ្ងៃទី១៦ ខែមីនាឆ្នាំ២០១៨ កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានជីកស្តារប្រឡាយ និងកាយប្រមូលសំរាមពីប្រឡាយបឹងសាឡាងនេះផងដែរ ដោយចាប់ពីផ្លូវលេខ២៣០ ដល់ផ្លូវលេខ២៧១ ក្នុងបឹងសាឡាង ខណ្ឌទួលគោក ដើម្បីរំដោះទឹកកុំអោយលិចលង់នៅរដូវវស្សានេះ ខណៈដែលប្រជាពលរដ្ឋមួយចំនួនដែលមិនមានការយល់ដឹងយកសម្រាមមកបោះចូលក្នុងប្រឡាយបឹងសាឡាងនេះយ៉ាងច្រើននោះ៕
Source: Kampuchea Thmey Daily
0 Comments