រតនគិរី ៖ មន្ទីរទេសចរណ៍ខេត្តរតនគិរី បានអំពាវនាវដល់ម្ចាស់អាជីវកម្មទេសចរណ៍ទាំងអស់នៅទូទាំងខេត្តរតនគិរី មេត្តាកុំដំឡើងថ្លៃសេវាទំនិញ ផលិតផលរបស់ខ្លួនក្នុងពេលក្នុងពេលប្រឡងបាក់ឌុបដ៏ចាំបាច់នេះ។
ការអំពាវនាវបែបនេះគឺតាមសេចក្ដីណែនាំស្ដីពីការរក្សាតម្លៃសេវាកម្មទេសចរណ៍ ក្នុងរយៈពេលប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨ នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ម្សិលមិញនេះ។
ក្នុងសេចក្ដីណែនាំរបស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានបញ្ជាក់ថា នៅថ្ងៃទី២០ និង២១ ខែសីហាខាងមុខនេះ ក្រសួងអប់រំយុវជននិងកីឡា បានរៀបចំការប្រឡងមធ្យមសិក្សាទុតិយភូមិ នៅទូទាំងប្រទេស ដែលសិស្សានុសិស្ស និងក្រុមការងាររៀបចំការប្រឡងចាំបាច់ត្រូវធ្វើបម្លាស់ទីនៅតាមទីតាំងមណ្ឌលប្រឡង ដោយស្នាក់នៅទីរួមខេត្តដើម្បីចូលរួមការប្រឡងនេះ។
ដូច្នេះមន្ទីរសូមណែនាំ ដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវរក្សាតម្លៃសេវាកម្មនិងគុណភាពសេវាកម្មរបស់ខ្លួន ដោយមិនត្រូវដំឡើងថ្លៃនោះទេ ឬពិនិត្យលទ្ធភាពបញ្ចុះតម្លៃសេវាកម្មដែលអាចធ្វើទៅបាន។
លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តរតនគិរី បានឲ្យដឹងថា សិស្សានុសិស្សដែលត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៨នេះ មានចំនួន៩៤១នាក់ ក្នុងនោះស្រីមានចំនួន៤៥៨នាក់ មានបន្ទប់ប្រLងចំនួន៣៨បន្ទប់ និងមណ្ឌលប្រឡងចំនួន២គឺវិទ្យាល័យសម្ដេចឪ សម្ដេចម៉ែ និង វិទ្យាល័យ ហ៊ុន សែនភូមិថ្មី ។
លោក ប្រធានមន្ទីរអប់រំយុវជន និង កីឡា បានបន្ថែមទៀតថា នៅរយៈពេលមិនដល់១សប្ដាហ៍ទៀតទេ ការប្រឡង នឹងមកដល់ ហើយក្មួយៗ និងបញ្ចប់ ការសិក្សា នៅមធ្យមសិក្សាទុតិយភូមិ ក្មួយៗជាមនុស្សពេញវ័យហើយ ជីវិតរស់ នៅការសិក្សា ការងារ វានឹងខុសគ្នា ដូចនេះក្មួយៗត្រូវខិតខំរៀន សូត្រ នូវថ្នាក់ឧត្តម បន្តដើម្បីមានចំណេះដឹង និងជំនាញ ឆ្លើយតបទៅនឹងទីផ្សារការងារ នាសម័យសកលភាវូនីយ៍កម្ម ទីផ្សារការងារនៅកម្ពុជា តំបន់ និងសកលលោក ដែលកំពុងមាន ការរីកចម្រើនយ៉ាងលឿន ហើយក្មួយៗត្រូវខិតខំកសាងខ្លួនឯងអោយបានល្អ អោយសមជាពលរដ្ឋល្អ សិស្សល្អ មិត្តល្អ បន្តទៀត នាពេលអនាគត។
ទន្ទឹមនឹងនោះលោកប្រធានមន្ទីរអប់រំយុវជន និង កីឡាសង្កត់ធ្ងន់ថា ការប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ សម័យប្រឡងឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរឹតបន្តឹង ដដែល មិនបន្ធូរបន្ថយទេ ដោយផ្អែកលើគោលការ បួនគឺ ៖ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។ ក្រសួងអប់រំយុវជន និងកីឡា នឹងផ្តល់រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សប្រឡងជាប់ និទេស A ដោយឡែកលោក ថង សាវុន អភិបាលខេត្តរតនគិរីក៏នឹងផ្តលម៉ូតូ១គ្រឿងជូនសិស្សនិទ្ទេសAផងដែរ។
យោងតាមរបាយការណ៍របស់មន្ទីរអប់រំយុវជន និង កីឡាខេត្តរតនគិរី បានបញ្ជាក់ថា សម័យប្រឡងមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ២០១៧កន្លងទៅមានសិស្សចូលប្រឡងចំនួន៨៨៥នាក់ ស្រី៣២៨នាក់ ប្រឡងជាប់ចំនួន៧៣៦នាក់ ស្មើនឹង៨៣,២០ភាគរយ។ ប៉ុន្ដែនៅក្នុងខេត្តរតនគិរីទាំងមូលមិនមានសិស្សប្រឡងជាប់ និទ្ទេស Aនោះទេ៕
Source: Kampuchea Thmey Daily
0 Comments