បាត់ដំបង ៖ ជនរងគ្រោះម្នាក់ បានស្លាប់ភ្លាមៗ ក្នុងចំណោមគ្នីគ្នា ២ នាក់ នៅនឹងកន្លែងកើតហេតុ ខណៈដែលកំពុងបើកបរម៉ូតូក្នុងល្បឿនមួយយ៉ាងលឿន ក៏ស្រាប់តែមានរថយន្តបើកមកពីមុខហើយបត់ឆ្លងកាត់តែម្តង ធ្វើអោយភាគីម៉ូតូបុកយ៉ាងពេញទំហឹងទៅលើរថយន្ត។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៣និង៣៥ នាទី រសៀល នៅចំណុចផ្លូវបំបែកទៅភ្នំធិបតី ក្នុងភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង លើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត ២៥៩.២៦០ រវាងរថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ធុនដឹកជញ្ជូនពណ៌ ស ពាក់ស្លាកលេខ តាកែវ 3A. 0030 ជាមួយនឹង ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់1D. 2019 អ្នកបើកបរ មិនទាន់ស្គាល់អត្តសញ្ញាណ។
បើតាមប្រភពនៅកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញភាគីម៉ូតូដែលមានជិះគ្នា២នាក់ បានបើកបរម៉ូតូយ៉ាងលឿនក្នុងទិសដៅ ពីលិចទៅកើត លុះដល់ត្រង់ចំណុចកើតហេតុ ដែលមានផ្លូវបែកផងនោះ ក៏ស្រាប់តែមានរថយន្តខាងលើ បានបើកបរក្នុងទិសដៅច្រាស់គ្នា ហើយបានបត់ចូលទៅភ្នំធិបតី ក្នុងគោលបំណងដើរទិញស្រូវ ក៏ត្រូវបានម៉ូតូបុកចំពេញពីមុខតែម្តង។
ភ្លាមៗនោះដែរ មុនពេលសមត្ថកិច្ចចុះទៅដល់ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោលទៅហើយ ដោយឡែកភាគីម៉ូតូបានស្លាប់ភ្លាមៗម្នាក់នៅនឹងកន្លែង ឯម្នាក់ទៀតត្រូវបានប្រជាពលរដ្ឋដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យ បង្អែកស្រុកមោងឫស្សីដើម្បីសង្គ្រោះដោយសារតែសភាពរបួសធ្ងន់ធ្ងរពេក។
នៅពេលនោះដែរ សមត្ថកិច្ចបានរកឃើញជនដែលស្លាប់នោះ មានប័ណ្ណសម្គាល់ខ្លួនដែលបញ្ជាក់ថា គេគឺជាពលករធ្វើការនៅក្នុងខេត្ត រៈយ៉ង ប្រទេសថៃ ឈ្មោះធីរ៉ា វីសាភេទប្រុស អាយុ២២ឆ្នាំ ប៉ុន្តែមិនដឹងថា នៅស្រុកខ្មែរគេរស់នៅក្នុងភូមិ ឃុំ ណាទេដោយភ្លាមៗនោះដែរ សមត្ថកិច្ចកំពុងស្រាវជ្រាវរកសាច់ញាតិ ដើម្បីប្រគល់សព យកទៅធ្វើបុណ្យតាមប្រពៃណី រីឯអ្នកបើកបររថយន្ត ក៏មិនអាចគេចផុតពីផ្លូវច្បាប់បានឡើយ៕
Source: Kampuchea Thmey Daily
0 Comments