កងទ័ពជើងទឹកចិននឹងចូលរួមជាមួយប្រទេសចំនួន២៦ទៀតក្នុងការធ្វើសមយុទ្ធយោធានៅឆ្នេរសមុទ្រភាគខាងជើងរបស់អូស្ត្រាលីក្នុងខែនេះ ប៉ុន្តែមិនមែនសមយុទ្ធបាញ់គ្រាប់ពិតទេ។ នេះបើតាមការឲ្យដឹងពីរដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីនៅថ្ងៃពុធ ចំពេលដែលទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹង។
សមយុទ្ធកងទ័ពជើងទឹកនេះត្រូវបានរៀបចំឡើងដោយអូស្ត្រាលីហើយនឹងរួមបញ្ចូលទាំងសម្ព័ន្ធមិត្តសំខាន់របស់ខ្លួនគឺសហរដ្ឋអាមេរិកផងដែរដែលបានបណ្តេញចិនកាលពីខែឧសភាចេញពីការហ្វឹកហ្វឺនយោធារបស់ខ្លួននៅជុំវិញកោះហាវ៉ៃដើម្បីជាការឆ្លើយតបទៅនឹងអ្វីដែលខ្លួនមើលឃើញថាជាការធ្វើទំនើបកម្មកងទ័ពរបស់ក្រុងប៉េកាំងនៅលើកោះក្នុងសមុទ្រចិនខាងត្បូង។
ចំណងទាក់ទងរវាងអូស្ត្រាលីនិងចិនបានជួបប្រទះបញ្ហាយ៉ាងខ្លាំងបន្ទាប់ពីរដ្ឋាភិបាលក្រុងកង់បេរ៉ាបានអនុម័តច្បាប់ជាច្រើនក្នុងគោលបំណងទប់ស្កាត់ឥទ្ធិពលរបស់ចិនក្នុងកិច្ចការផ្ទៃក្នុងហើយក៏បានបដិសេធការអះអាងរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលីលោកស្រី Marise Payne បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីម៉ែលមួយថា “ប្រទេសចិនត្រូវបានគេរំពឹងថានឹងចូលរួមនៅក្នុងសកម្មភាពជាច្រើនរួមទាំងលំហាត់សមយុទ្ធ ការទំនាក់ទំនងរវាងនាវានិងនាវា សកម្មភាពបំពេញបន្ថែមនិងសមយុទ្ធហ្វឹកហ្វឺននៅសមុទ្រផងដែរ” ។
លោកស្រីបាននិយាយដោយមិនផ្តល់ហេតុផលថា “គ្មានផែនការសម្រាប់ប្រទេសចិនដើម្បីចូលរួមក្នុងសកម្មភាពបាញ់គ្រាប់ពិតនោះទេ”។ ប៉ុន្តែលោកស្រីបានបន្ថែមថា ប្រជាជាតិនានាបានបង្កើតទំនាក់ទំនងការពារប្រកបដោយផលិតភាពមួយដែលសម្របសម្រួលឲ្យមានតម្លាភាពនិងកសាងទំនុកចិត្ត។
គួរបញ្ជាក់ថា សមយុទ្ធនេះនឹងត្រូវបានធ្វើឡើងក្នុងដែនទឹកជាយុទ្ធសាស្ត្រនៅភាគខាងជើងនៃទីក្រុង Darwin ដែលជាកន្លែងការសម្រេចចិត្តមួយដើម្បីជួលកំពង់ផែទីក្រុងនេះទៅឲ្យក្រុមហ៊ុនចិនបានបង្កការស្តីបន្ទោសយ៉ាងខ្លាំងពីសហរដ្ឋអាមេរិក។ សមយុទ្ធនេះនឹងបន្តរហូតដល់ពាក់កណ្តាលខែកញ្ញាហើយមានការចូលរួមពីប្រទេសចំនួន២៧។
ប្រទេសចិនបានចូលរួមសមយុទ្ធនេះក្នុងនាមជាអ្នកសង្កេតការណ៍នៅឆ្នាំ២០១៦៕ REUTERS
[caption id="attachment_955984" align="alignnone" width="960"]
Source: Kampuchea Thmey Daily
0 Comments