Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន ជំរុញ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង ឡាវ



ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែសីហា​នេះ​ បាន​ជំរុញ​ឲ្យ​ភាគី​ឡាវ​ ខិតខំ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់​តែមាន​ទំហំ​ធំ។ ខណៈ​ដែល​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​មាន​ប្រមាណ ២៤ លាន​ដុល្លារ នៅក្នុង​ឆ្នាំ ២០១៨ នេះ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​រប​ស់លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន​។

នៅ​ព្រឹក​ថ្ងៃទី ១៧ ខែសីហា​នេះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អនុញ្ញាត​ឲ្យ​លោក ប្រា​សីត សា​យ៉ា​ស៊ីត (BrasithSayasith)​ឯកអគ្គរដ្ឋទូត​ប្រទេស​ឡាវ ចូល​ជួប​សំដែង​ការគួរសម និង​ជម្រាបលា​ក្នុងឱកាស​រូបលោក​បាន​បញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព​។



បើតាម​ប្រសាសន៍​លោក អ៊ាង សុផល្លែត បាន​ប្រាប់​ឲ្យ​ដឹង​ថា ​នៅក្នុង​ជំនួប​នោះ​លោក​ឯកអគ្គរដ្ឋទូត​បា​ន​គោរព​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះ​អ្វីដែល​បាន​កើត​ឡើងលើ​ប្រជាជន​ឡាវ​ដែល​ជួប​គ្រោះទឹកជំនន់​ដោយសារ​បាក់​ទំនប់​វា​រី​អគ្គីសនី​។

លោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​បរិច្ចាគ​ថវិកា​ជួយ​ដល់​ប្រទេស​ឡាវ​និង​ផ្តល់​កិច្ចសហការ​យ៉ាង​ល្អ​ក្នុង​ជួយ​ដល់​ប្រទេស​ឡាវ​នា​ពេល​កន្លងមក​នេះ​។

ពី​នោះ​ទៅទៀត​លោក​ក៏បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា។ លោក​ទូត​បាន​បញ្ជាក់​ថា ​ក្នុង​ការ​បោះឆ្នោត​នេះ​រូបលោក​ក៏បាន​ធ្វើជា​អ្នកសង្កេតការណ៍​ហើយ​បាន​សង្កេតឃើញ​ថា ការបោះឆ្នោត​នោះ​មាន​តម្លាភាព​និង​ការរៀបចំ​បានល្អ​។ ក្នុង​ន័យនេះ​លោក បាន​សម្តែង​ការអបអរសាទរ​ជូន​សម្តេច​តេ​ជោ​ហ៊ុនសែន​ដោយ​ក្តី​គោរព​។

លោក​ទូត​បាន​ជម្រាប​ជូន​សម្តេច​ផង​ដែរ​ថា ​បេសកកម្ម​របស់​លោក​នៅ​កម្ពុ​ជា​មាន​រយៈពេល ៤ ឆ្នាំ​២​ខែ​។​ លោក​បានឃើញ​នូវ​ការ​អភិវឌ្ឍ​របស់​ប្រទេស​កម្ពុជា​យ៉ាង​ឆាប់រហ័ស​ជាទីបំផុត​ប្រជាជន​មាន​ជីវភាព​រស់នៅ​យ៉ាង​ល្អ​និង​មានការ​រីកចម្រើន ហើយ​ការ​អភិវឌ្ឍ​ទៀតសោត​គឺមាន ការ​លេច​ធ្លោ​តែម្តង​។

លោក​ក៏បាន​ជម្រាបជូន​សម្តេច​ផងដែរ​អំពី​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​កន្លងមកនេះ​មានការ​កើនឡើង​ជាង ២ ដង​គឺ កើន​ពី ១០ លាន​ដុល្លារ ទៅ ២៤​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៨​នេះ​។



ជា​ការ​ឆ្លើយតប​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ដែល​បាន​ចូលរួម​ពង្រឹង​និង​ពង្រីក ចំណង​មិត្ត​ភាព​រវាង​កម្ពុជា​-​ឡាវ និង ជំរុញ​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ពីរ​ផង​។ សម្តេច​ក៏បាន​ចូលរួម​សោកស្តាយ​និង​មរណទុក្ខ ចំពោះ​ក្រុម គ្រួសារ​ជនរងគ្រោះ​ប្រជាជន​ឡាវ ដែល​បាន​ជួប​នូវ​គ្រោះធម្មជាតិ​នៃ​ការបាក់​ទំនប់​វា​រី​អគ្គិសនី​កន្លងមកនេះ​។

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា បាន​ថ្លែងអំណរគុណ​ចំពោះ ប្រា​សីត ដែល​បាន​អបអរ​សារ​ទរ​ចំពោះ​លទ្ធផល​នៃ​ការបោះឆ្នោត​និង បាន​ចូលរួម​សង្កេតការណ៍​ក្នុង​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​កន្លងទៅនេះ​។

​សម្តេច​បាន​បន្ថែមថា​ ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​យើង​ទាំងពីរ​គឺមាន​ការកើនឡើង​ទ្វេដង​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​ទំហំ​ពាណិជ្ជកម្ម នេះ​មិនទាន់​មានការ​សមស្រប​ទៅនឹង​សក្តានុពល ដែល​ប្រទេស​ទាំងពីរ​មាន​នោះឡើយ​ដូច្នេះ​សម្តេច​បានស្នើ​សុំ​ឲ្យ​មានការ​ប្រឹងប្រែង​បន្ថែមទៀត ចំពោះ​កិច្ចការ​នេះ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu