ក្រុមបាល់ទាត់ណាហ្គាវើល ត្រូវប៉ះក្រុមបឹងកេត ដើម្បីប្រជែងកៅអីកំពូលតារាង ហើយក្រុមភ្នំពេញក្រោន ទទួលក្រុមអង្គរថាយហ្គឺរ និងក្រុមវិសាខា ជួបក្រុមសូលទីឡូអង្គរ នៅល្ងាចថ្ងៃសៅរ៍ ទី១៨ ខែសីហា ឆ្នាំ២០១៨ នេះក្នុងសប្ដាហ៍ទី១៨ នៃពានរង្វាន់លីគកំពូលកម្ពុជា (Metfone Cambodian League 2018)។
*ណាហ្គាវើល ប៉ះបឹងកេត
ក្រុមណាហ្គាវើល ត្រូវប៉ះក្រុមបឹងកេត នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានស្តាតចាស់ ព្រមទាំងមានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News ផងដែរ។ ក្រុមណាហ្គាវើល វិញកំពុងឈរលេខ២ ក្នុងតារាងរួម ក្រោយប្រកួតឈ្នះបាន១៣លើក ស្មើគ្នា២លើក និងចាញ់២លើក មាន៤១ពិន្ទុក្នុងដៃ។ លោក មាស ចាន់ណា គ្រូបង្វឹកកាន់អាជ្ញាប័ណ្ឌ AFC A License បានអះអាងថាលោក នឹងព្យាយាមប្រមូលផ្ដុំអារម្មណ៍កីឡាករឲ្យបានល្អឡើងវិញ និង កែប្រែចំណុចខ្វះខាតដើម្បីបន្តរកកៅអីកំពូលតារាងរហូតដល់ចប់រដូវកាល។
ចំណែកក្រុមបឹងកេត កំពុងតែឈរកំពូលតារាង ក្រោយឆ្លងកាត់១៧ប្រកួតមកនេះឈ្នះរហូតដល់១៣ប្រកួត ស្មើគ្នា៣ប្រកួតនិងចាញ់១ប្រកួតមាន៤២ពិន្ទុ។ លោក ហៅ សុជាតិ ដែលជាគ្រូបង្វឹកកំពុងតែឈឺក្បាលរឿងកីឡាកររបួស ខណៈរូបលោកត្រូវពិន័យមិនឲ្យចូលទីលានរយៈពេល១ខែទៀតផង។ មិនតែប៉ុណ្ណោះលោកបានសម្លឹងឃើញក្រុមណាហ្គាវើល និងវិសាខា ជាគូប្រជែងមិនអាចមើលរំលងបានក្នុងការដណ្តើមជើងឯកនៅឆ្នាំនេះ។
*ភ្នំពេញក្រោន ប៉ះអង្គរថាយហ្គឺរ
ក្រុមភ្នំពេញក្រោន ត្រូវប៉ះក្រុមអង្គរថាយហ្គឺរ នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋាន RSN Stadium ព្រមទាំងមានផ្សាយផ្ទាល់តាមហ្វេសប៊ុក CNCCផងដែរ។ ក្រុមភ្នំពេញក្រោន ក្រោមការដឹកនាំរបស់លោក Sean Sainsbury ជាគ្រូបង្វឹកជនជាតិអង់គ្លេស សំបូរទៅដោយកីឡាករវ័យក្មេងច្រើនអមដោយកីឡាករបរទេសដែលមានសមត្ថភាព។ ក្រុមនេះអស់ឱកាសក្នុងការប្រជែងយកពាននៅរដូវកាលនេះហើយ។ ប្រកួតបាន១៧លើកមកនេះភ្នំពេញក្រោន ឈរចំណាត់ថ្នាក់លេខ៥ មាន២៧ពិន្ទុក្រោយឈ្នះបាន៨លើក ស្មើ៣លើក និងចាញ់៦លើក។
ចំណែកក្រុមអង្គរថាយហ្គឺរ ឆ្លងកាត់ប្រកួត១៧លើកដូចគ្នា ឈ្នះបាន៥ លើកស្មើគ្នាបាន៤លើក និងចាញ់៨លើកមាន១៩ពិន្ទុ។ ក្រុមនេះកំពុងតែដឹកនាំដោយលោក Oriol Mahedano ដែលជាគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ កាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត UEFA A licence ដែលមានសមាជិក២៥នាក់។ លោក Akihiro Kato ដែលជាប្រធានក្លិបបានដាក់គោលដៅយកកៅអីនៅតំបន់ក្រុមខ្លាំងទាំង៤ប្រចាំរដូវកាល (Top4) នៅឆ្នាំនេះ ខណៈនៅឆ្នាំ២០២០ ក្លិបចង់ប្រជែងយកជើងឯក។
*វិសាខា ប៉ះសូលទីឡូអង្គរ
ក្រុមចំណូលថ្មីទាំង២គឺក្រុមវិសាខា ត្រូវប៉ះក្រុមសូលទីឡូអង្គរ នៅម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានស្តាតចាស់ មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News។ ក្រុមវិសាខា កំពុងតែត្រូវការពិន្ទុជាខ្លាំងដើម្បីប្រជែងនៅតំបន់កំពូលតារាងក្រោយប្រកួតបាន១៧លើកឈ្នះបាន១២លើក ស្មើគ្នាបាន២លើកនិងចាញ់៣លើកមាន៣៨ពិន្ទុ និងកំពុងតែឈរចំណាត់ថ្នាក់លេខ៣បណ្តោះអាសន្នក្នុងចំណោមក្លិបទាំង១២។ លោក ហុក សុជីវ័ន្ត គ្រូបង្វឹករបស់វិសាខា បានរំពឹងថា កូនក្រុមអាចបន្តជ័យជម្នះថែមទៀតដើម្បីដណ្តើមកៅអីកំពូលតារាង។
ចំណែកក្រុមសូលទីឡូអង្គរ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន Yuki Matsuda កំពុងតែត្រូវការពិន្ទុគេចឱ្យផុតពីតំបន់គ្រោះថ្នាក់។ គ្រូបង្វឹករូបនេះទើបតែបញ្ចប់វគ្គសិក្សាគ្រូបង្វឹកបាល់ទាត់កម្រិត AFC A License នៅប្រទេសសិង្ហបុរី កាលពីដើមឆ្នាំ។ ១៧ប្រកួតកន្លងមកក្រុមសូលទីឡូអង្គរ ឈ្នះបាន៤លើក ស្មើគ្នា៤លើកនិងចាញ់ដល់ទៅ៩លើក។
ចំណែកប្រកួតផ្សេងទៀតប្រចាំសប្តាហ៍ទី១៨នេះនឹងបន្តធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៩ ខែសីហា ឆ្នាំ២០១៨ ទៀតដោយក្រុមអាស៊ីអឺរ៉ុប ប៉ះអគ្គីសនីកម្ពុជា នៅម៉ោង៣រសៀលលើទីលានពហុកីឡដ្ឋានជាតិ មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV Newsហើយក្រុមវេស្ទើនភ្នំពេញ ត្រូវប៉ះក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង៣រសៀលលើទីលានកីឡដ្ឋានវេស្ទើន មានផ្សាយផ្ទាល់តាមហ្វេសប៊ុក CNCC និងក្រុមក្រសួងការពារជាតិ ប៉ះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅវេលាម៉ោង៦ល្ងាចលើទីលានកីឡដ្ឋានស្តាតចាស់ មានផ្សាយផ្ទាល់តាមប៉ុស្តិ៍ BTV News៕
Source: Kampuchea Thmey Daily
0 Comments