Ad Code

សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​តំណាង​គណបក្ស​នយោបាយ​ទាំង​២០ នៅ​ថ្ងៃទី ២១ ខែ សីហា



​ភ្នំពេញ ​៖ ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​នឹង​ជួប​ជាមួយ​ប្រធាន និង​ថ្នាក់ដឹកនាំ​គណបក្ស​នយោបាយ​ទាំង​១៩ ដែល​មិន​ទទួល​បាន​អាសនៈ​ក្នុង​ការ​បោះឆ្នោត​អាណត្តិ​ជ្រើសតាំង​តំណា​ង​រាស្ត្រ​នីតិកាល​ទី​៦​ នៅ​ថ្ងៃទី​២១​ ខែសីហា​ ដើម្បី​បង្កើត​ឡើង​នូវ​វេទិកា​ពិគ្រោះ​យោបល់​សម្រាប់​រាជរដ្ឋាភិបាល​ និង ​គណបក្ស​នយោបាយ​ដែល​មិន​ឈ្នះឆ្នោត ក្នុង​គោលបំណង​ប្រមូល​ផ្តុំ​នូវ​គំនិត និង ទស្សនៈ​ដើម្បី​ចូលរួមចំណែក​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​។

បើ​យោងតាម​កម្មវិធី​គ្រោងទុក​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​យក​ថ្ងៃទី២១ ខែសីហា នេះ​ដើម្បី​ជួប​ជាមួយ​ប្រធាន​គណបក្ស និង ថ្នាក់ដឹកនាំ​គណបក្ស​ទាំង ២០ ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃទី ២៩ ខែ កក្កដា តែ​ពុំ​ទទួល​បាន​អាសនៈ។ ការ​ជួបជុំ​នេះ​នឹង ធ្វើឡើង​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​ដែល​មាន​រយៈពេល​មួយ​ព្រឹក និង មានការ​រៀប​ពិសា​របាយ​សាមគ្គី​ផង​ដែរ​បន្ទាប់ពី​ជំនួប​។ នេះ​បើ​តាម​លិខិត​អញ្ជើញ​មួយ​របស់​គណៈរដ្ឋមន្ត្រី​ផ្ញើ​ទៅកាន់​គណបក្ស​នយោបាយ​នានា​នៅ​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៨​។

លិខិត​អញ្ជើញ​ដែល​ចេញ​ដោយ លោក ប៊ិន​ ឈិន​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ស្តីទី​ទទួលបន្ទុក​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ​វេទិកា​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាង​គណបក្សនយោបាយ​ទាំង​២០​នេះ នឹងមាន​របៀបវារៈ​មួយចំនួន​ដូចជា ១.​សុន្ទរកថា​បើក​វេទិកា​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។​ទី​២.​ការចូលរួម​យោបល់​ពី​គណបក្ស​នយោបាយ​នានា​។​ទី​៣.​បញ្ហា​ផ្សេងៗ និង របៀបវារៈ​ចុងក្រោយ​គឺ​ការ​ពិសា​របាយ​សាមគ្គី​។



ការបង្កើត​វេទិកា​ពិគ្រោះ​យោបល់​នេះ​រាជរដ្ឋាភិបាល​នឹង​បើកចំហ​ឲ្យ​គណបក្សនយោបាយ​ដែល​មិន​ជាប់ឆ្នោត​ទាំងនោះ​មាន​សិទ្ធិ​រិះគន់​លើ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ដែល​អនុវត្ត​ការងារ​មិនល្អ​និង​ជួយ​ដោះស្រាយ​ចំណុច​ខ្វះខាត​នានា​តាមរយៈ​ការពិនិត្យ​លើ​យន្តការ​ក្នុង​សេចក្តីព្រាងច្បាប់​ជាដើម​។ ការរៀបចំ​បែបនេះ​វា​នឹង​ជួយ​រំឭក​ដល់​ការងារ​រាជរដ្ឋាភិបាល​ឲ្យ​អនុវត្ត​ការងារ​ត្រឹមត្រូវ​តាម​ការសន្យា​ខ្លួន ពោលគឺ​កុំ​ឲ្យ​រាជរដ្ឋាភិបាល​ជិះសេះ​លែងដៃ​ហើយ​ទុក​ពលរដ្ឋ​រង​ទុក្ខ​លំបាក​។ ការរៀបចំ​វេទិកា​នេះ​វា​ជា​ឱកាស​ឲ្យ​គណបក្សនយោបាយ​ដែល​មិន​ជាប់ឆ្នោត​នេះ​អាច​ចូលរួម​ក្នុង​ការជួយ​ដល់​ប្រទេសជាតិ និង ដើម្បី​ជា​ទុន​សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ខាងមុខ​ទៀតផង​ដែរ​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃទី ១៥ ខែ សីហា បាន​បង្ហើប​ឲ្យ​ដឹង​ពី​បំណង​របស់​សម្តេច​ក្នុង ការបង្កើត​ឲ្យ​មាន​វេទិកា​ពី​គ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​និង​គណបក្ស​ទាំង​១៩ ដែល​បាន​ចូលរួម​ប្រកួតប្រជែង​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​មិន​ទទួលបាន​អាសនៈ ។

​សម្តេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា “​ទោះបី​សភា​មាន​ប៉ុន្មាន​គណបក្ស​ក៏ដោយ ខ្ញុំ​ចង់​បង្កើត​វេទិកា​ពិគ្រោះ​យោបល់​រវាង​រាជរដ្ឋាភិបាល​ជាមួយ​បណ្ដា​បក្ស​ចូលរួម​បោះឆ្នោត​។ ជា​វេទិកា​ថ្មី​មួយ​នៅក្នុង​អាណ​ត្ដិ​ទី ៦...​។ ខ្ញុំ​ចង់​ឲ្យ​មាន​វេទិកា​នេះ​កើត​ឡើងជា​វេទិកា​ពិគ្រោះ​យោបល់​មួយ​ក្រៅផ្លូវការ ដែល​នឹង​អាច​ជា​ធាតុ​ចូល​នៃ​បណ្ដា​គណបក្សនយោបាយ​ដែល​ផ្តល់ជូន​មក​រាជរដ្ឋាភិបាល ក្នុង​គោលបំណង ដែល​គេ​មាន​ចំណែក​ដើម្បី​ចូល​រួម​ចំណែក​ដើម្បី​កសាង​ប្រទេស​។ គេ​ក៏​បញ្ជ្រាប​នយោបាយ​របស់​ប​ក្ស​គេ​ទៅ​ក្នុង​ជីវភាព​របស់​ប្រជាពលរដ្ឋ​។ ​គេ​អាច​នឹង​ទទួល​បានការ​គាំទ្រ​នៅ​អាណ​ត្ដិ​ក្រោយ​ផង​ដែរ វា​ជា​ផលប្រយោជន៍​ទាំងអស់​។ ផលប្រយោជន៍​នៃ​ការ​សុខសាន្ដ សុខដុមរមនា​ក្នុង​សង្គមជាតិ​បង្កើត​ឡើង​នូវ​វប្បធម៌​សន្ទនា​រវាង​បក្ស​ក្នុង​រដ្ឋាភិបាល និង​បក្ស​ក្រៅ​រដ្ឋាភិបាល ​ឬ ​ក្រៅ​សភា​”​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបញ្ជាក់​ផងដែរ​ថា ​ការ​ជួប​នេះ​មិនមែន​ជា​ការ​ជួប​រវាង​ប្រធាន​គណបក្ស​ឈ្នះឆ្នោត ជាមួយ​គណបក្ស​ចាញ់ឆ្នោត​នោះទេ។ ក៏ប៉ុន្តែ​ជា​ការ​ជួប​រវាង​នាយករដ្ឋមន្ត្រី និង គណបក្ស​ក្រៅ​រដ្ឋាភិបាល។

សម្តេច​តេ​ជោ​មានប្រសាសន៍ថា “​ខ្ញុំ​ជួប​ក្នុង​ឋានៈ​ខ្ញុំ​ជា​នាយក​រដ្ឋមន្ដ្រី​ដោយ​អញ្ជើញ​បណ្ដា​បក្សនយោបាយ​មកកាន់​វិមាន​សន្ដិភាព​ហើយ​យើង​ពិគ្រោះ​យោបល់​ជាមួយគ្នា​។ ខ្ញុំ​កំពុង​ឲ្យ​ពិនិត្យ​នូវ​លទ្ធភាព​ដែល​អាច​ជួបគ្នា​។ ខ្ញុំ​នឹង​ធ្វើ​លិខិត​អញ្ជើញ​។ អាច​មួយ​គណបក្ស ២ ឬ ៣ នាក់​មកជួប​ជាមួយ​ខ្ញុំ​នៅ​វិមាន​សន្ដិភាព​មុន​បង្កើត​រដ្ឋាភិបាល​ដើម្បី​អាច​យើង​និយាយ​គ្នា​។ អ្នក​ពេញចិត្ត​ក៏​មក អ្នក​មិន​ពេញចិត្ត​ក៏​មិន​មក​។ តាមចិត្ត​ចង់​”​។

​ការផ្តួចផ្តើម​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ​គឺជា​គំនិត​មួយ​ដ៏​ល្អ​ដែល​ទទួលបាន​ការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ដែល​ចូលរួម​បោះឆ្នោត​អាណត្តិ​ទី​៦​នេះ​។ ពួកគេ​ទាំងនោះ​ចាត់ទុក​ការរៀបចំ​វេទិកា​នេះ​គឺជា​របត់​នយោបាយ​មួយ​ក្នុង​ដំណើរ​រួមគ្នា​អភិវឌ្ឍ​ជាតិ​រវាង​គណបក្សកាន់អំណាច​និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល។ នេះ​ជា​ការ​បើកទូលាយ​សម្រាប់​ការចូលរួម​នូវ​គ្រប់​តួអង្គ​ចង់​ចូលរួមចំណែក​រក្សា​សន្តិភាព​និង​ការអភិវឌ្ឍ​ប្រទេស​ជាពិសេស​ទៅលើ​ការកសាង​ប្រទេស​របស់​ធ្វើ​ម៉េច​ឲ្យ​វា​លឿន​ទៅមុខ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា “​ខ្ញុំ​ចង់​ប្រើប្រាស់​អាណត្តិ​ទី ៦ នេះ​ឲ្យ​ទៅជា​អាណត្តិ​នៃ​ការ​ប្រមូល​ធនធាន​ខួរក្បាល។ យើង​ចង់​ប្រមូល​ធាតុ​ចូល​ដែល​ខ្ញុំ​ធ្លាប់បាន​និយាយ​កាលពីមុន​ថា ប្រមូល​កម្លាំង​មនុស្ស កម្លាំង​បញ្ញា និង​កម្លាំង​ទ្រព្យសម្បត្តិ ដើម្បី​អភិវឌ្ឍ​ប្រទេស​”៕

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu