Ad Code

ទូត​អង់គ្លេស​ប្តេជ្ញា​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ



ភ្នំពេញ ៖ លោកស្រី (Tina Susan Redshaw)​ឯកអគ្គរាជទូត​ថ្មី​នៃ​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា​ ក្នុង​បេសកកម្ម​ការ​ទូត​គ្រប់បែបយ៉ាង ទាំងអស់​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស​។ ដោយ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ពាណិជ្ជកម្ម បញ្ហា​លើកកម្ពស់​ស្ត្រី បញ្ហា​អប់រំ​ផង ការ​បោសសំអាត​មីន បច្ចេកវិទ្យា​និង​តិច​ណូ​ឡូ​ជី​។

លោកស្រី (Tina Susan Redshaw) បានធ្វើការ​ប្តេជ្ញាចិត្ត​បែបនេះ ​នៅ​ចំពោះមុខ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅក្នុង​ឱកាស​ដែល​លោកស្រី​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ជួប​សំដែង​ការគួរសម​នា​ព្រឹក​ថ្ងៃទី​១៧ ខែ សីហា នេះ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី​។

បើ​យោង​តាម​ប្រសាសន៍​លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុនសែន​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្នុង​ជំនួប​នេះ​លោកស្រី ទីណា ហ្សូ​ហ្សា​ន រេ​ត​ស៍ បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​ថា ក្នុង​ដំណើរ​បេសកកម្ម​ការទូត​នៅ​កម្ពុជា​ក្នុង​រយៈពេល​ប្រាំមួយ​សប្តាហ៍​មកនេះ​លោកស្រី បាន​ទទួល​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត ហើយ​ក្នុង​បេសកកម្ម​បន្ត​ទៀត​លោកស្រី​នឹង​ធ្វើ​អ្វី​គ្រប់បែបយ៉ាង​ទាំងអស់​ ដើម្បី​ពង្រឹង​ទំនាក់ទំនង ទ្វេភាគី​រវាង​កម្ពុជា​និង​ចក្រភព​អង់គ្លេស​។



លោកស្រី​ក៏បាន​ជម្រាប​ជូន​សម្ដេច​នាយក​ផង​ដែរ​ថា លោកស្រី​នឹង​ផ្ដោត​ការ​យក​ចិត្តទុកដាក់ ទៅលើ​បញ្ហា​បច្ចេកវិទ្យា​និង​តិច​ណូ​ឡូ​ជី​, យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ដោះមីន​។ ក្នុង​ន័យ​នេះ​លោកស្រី​បាន​ជម្រាប​ជូន​សម្ដេច​ថា​ ចក្រភព​អង់គ្លេស​នឹង​បន្តធ្វើ​កិច្ចការងារ​នេះ​ជួយ​ដល់ កម្ពុជា​បន្តទៅទៀត។ លោកស្រី​ក៏បាន​គូសបញ្ជាក់​ទៀតថា ​ជា​មួយ​នេះ​ក៏​នឹង​បន្ត​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ពាណិជ្ជកម្ម បញ្ហា​លើកកម្ពស់​ស្ត្រី និង​បញ្ហា​អប់រំ​ផងដែរ​។

ជា​ការ​ឆ្លើយតប សម្ដេច​តេ​ជោ​បាន​អរគុណ​ដល់​ចក្រភព​អង់គ្លេស​ក៏ដូចជា​ប្រជាជន​អង់គ្លេស​ដែល​បាន​ជួយ​ដល់​កម្ពុជា​ជាពិសេស​លើ​វិស័យ​អប់រំ​ការ​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ដែល​ជា​កត្តា​សំខាន់​របស់​កម្ពុជា​និង​សូម​អរគុណ​ផង​ដែរ ​ដែល​ចក្រភព​អង់គ្លេស​បាន​ជួយ​កម្ពុជា លើ​វិស័យ​ដោះមីន​។​

សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា នៅ​កម្ពុជា មាន​មជ្ឈមណ្ឌល​ដោះ​មីន​អាស៊ាន​ហើយ​មាន​វិសាលភាព​ធំ​ជួយ​ដល់​បណ្ដា​ប្រទេស​ក្នុង តំបន់​ផង និង ចូល​រួម​ចំណែក​ក្នុង​ការងារ​អង្គការសហប្រជាជាតិ ក្នុង​ការ​ដោះមីន​។ ដូច្នេះ​គប្បី​ពិចារណា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នេះ​។ ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​ស្ត្រី​,​សម្តេច​បាន​ជម្រាប​ជូន​ថា​ នៅ​កម្ពុ​ជា​មាន​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​សមភាព​យេនឌ័រ​ដោយ​រៀបចំ​ឲ្យ​មាន​កូតា​ស្ត្រី​ចាប់តាំងពី​ថ្នាក់ ឃុំ ស្រុក ខេត្ត រហូតដល់​ជួរ​កងទ័ព នគរបាល ក៏ ដូចជា​សមាជិក​រាជរ​ដ្ឋា​ភិ​បាល​និង​ស្ថាប័នរដ្ឋ​ផង​ដែរ​។ ពី​នោះ ទៅទៀត​រាជរដ្ឋាភិបាល​ក៏បាន​យកចិត្ត​ដាក់​កសាង​សាលារៀន​នៅ​គ្រប់​ទីកន្លែង ដោយបាន​កសាង​អន្តេវាសិក​សម្រាប់​សិស្ស​ជា​ស្ត្រី អាច​ចូលរៀន​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​គូសបញ្ជាក់​ផង​ដែរ​ថា​ ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​អនុវត្តន៍​គោលនយោបាយ​គាំពារ​សង្គម​ដោយ​បាន​ជួយ ដល់​ស្ត្រី​មាន​ផ្ទៃពោះ និង ឆ្លងទន្លេ ជាពិសេស​កម្ម​ការី​នី​នៅពេល​ឆ្លងទន្លេ​បាន​ទទួល​ការឈប់​សម្រាក ៣​ខែ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​រហូតដល់ ១២០ ភាគរយ និង ពេល​សម្រាលកូន​ទទួល​បាន​ការឧបត្ថម្ភ​ពី​រដ្ឋ ៤០​ម៉ឺន​រៀល​សម្រាប់​កូន​មួយ​។ ជា​មួយ​នេះ​រាជរដ្ឋាភិបាល​ក៏​នឹងដាក់​ឲ្យ​អនុវត្តន៍ សម្រាប់​ស្ត្រី​ក្រីក្រ​ដែលមាន​ផ្ទៃពោះ​ត្រូវ​បានទទួល​ការឧបត្ថម្ភ​ពីរ​ដ្ឋ​នូវ​ទឹក​នូវ​ទឹកប្រាក់​ចំនួន ៧៦ ម៉ឺន​រៀល​ដោយ​ការ​ផ្តល់​ឲ្យ​ជា​ដំណាក់​បន្ទាប់ពី​មាន ផ្ទៃពោះ រហូត​សម្រាល និង បន្ត​រហូត​ទារក​មាន​អាយុ ២ ខួប៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu