ភ្នំពេញ ៖ លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជំរុញឲ្យមន្ត្រីរាជការក្រោមឱវាទក្រសួងទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យទទួលបានលទ្ធផលគាប់ប្រសើរ សម្រាប់អាណត្តិថ្មីបន្ថែមទៀត។
ការជំរុញរបស់លោករដ្ឋមន្ត្រីនេះ បានធ្វើឡើងក្នុងឱកាសពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីពេលថ្មីៗនេះនៅទីស្ដីការក្រសួង។
លោករដ្ឋមន្ត្រីបានថ្លែងថា ក្នុងរយៈពេល១អាណត្តិមកនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានខិតខំយកចិត្តទុកដាក់អនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានជោគជ័យធំធេងគួរជាទីមោទនៈ ធ្វើឱ្យគ្រប់មជ្ឈដ្ឋានអបអរសាទរ ហើយបានផ្តល់នូវទំនុកចិត្តជឿជាក់ និងគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីបានបន្តដឹកនាំប្រទេសជាតិឈានទៅរកសុខសន្តិភាព និងការអភិវឌ្ឍរុងរឿងឆាប់រហ័ស។
លោករដ្ឋមន្ត្រីបានបន្តថា តាមរយៈការផ្សារភ្ជាប់រវាងរាជរដ្ឋាភិបាល និងវិស័យការងារ បានធ្វើឱ្យផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទទួលបានលទ្ធផលល្អប្រសើរ បំពេញបាននូវភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ ការបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ការអភិវឌ្ឍមុខរបរ និងការងារ ការអនុវត្តរបបសន្តិសុខសង្គម និងការផ្តល់សេវាសាធារណៈបានទាន់ពេលវេលា។
លោកបណ្ឌិតអ៊ិតសំហេងបានបន្ថែមថា កត្តាទាំងនេះទទួលបានការអបអរសាទរ និងទទួលបានការគាំទ្រពីសាធារណជន យុវជន ជាពិសេសពីសំណាក់កម្មករនិយោជិត ដែលកំពុងទទួលបាននូវមុខរបរ ការងារ និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន ធ្វើឱ្យជីវភាពរស់នៅរបស់កម្មករនិយោជិតកាន់តែមានភាពល្អប្រសើរកើនឡើងជាលំដាប់។
លោករដ្ឋមន្ត្រីក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់ថ្នាក់ដែលបានខិតខំបំពេញកាងារទទួលបានជោគជ័យ ក្នុងរយៈពេលពេញមួយអាណត្តិទី៥នេះ ហើយត្រូវខិតខំបំពេញការងារ ដើម្បីពង្រីកនូវសមិទ្ធផលទាំងនេះសម្រាប់អាណត្តិទី៦បន្តទៀត ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអនុសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី ដើម្បីប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍបន្តទៀត។
គួរបញ្ជាក់ថា នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភានីតិកាលទី៦ នឹងបើកកិច្ចប្រជុំលើកដំបូង ដើម្បីប្រកាសសុពលភាពដល់តំណាងរាស្ត្រទាំងអស់ ដែលបានជាប់ឆ្នោតហើយ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ រដ្ឋសភា នឹងបើកកិច្ចប្រជុំម្តងទៀត ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់សមាសភាពរដ្ឋាភិបាលអាណត្តិទី៦។
បន្ទាប់ពីទទួលបានការផ្តល់សេចក្តីទុកចិត្តពីរដ្ឋសភារួចហើយ ព្រះមហាក្សត្រ នឹងចេញព្រះរាជក្រឹត្យតែងតាំងសមាសភាពរដ្ឋាភិបាលថ្មីតែម្តង នៅថ្ងៃទី៦ ខែកញ្ញាដដែលហើយ ចុងក្រោយ សមាជិករដ្ឋាភិបាលថ្មីទាំងអស់ត្រូវចូលទៅស្បថនៅក្នុងព្រះបរមរាជវាំង មុននឹងចូលកាន់តំណែង៕
Source: Kampuchea Thmey Daily
0 Comments