ភ្នំពេញ ៖ ដើម្បីបំពេញតំរូវការកើនឡើងនៃភ្ញៀវទេសចរជាតិនិងអន្តរជាតិចេញចូលក្នុងប្រទេសកម្ពុជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានអភិវឌ្ឍន៍រីកចម្រើនជាដំណាក់កាលៗក្នុងនោះបានដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប សម្រាប់ចំណតថ្មី ខណៈពេលដែលភ្ញៀវមកទទួលក៏ដូចជាជូនដំណើរបងប្អូននៅឯអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នៅក្នុងពិធីធ្វើបទបង្ហាញអំពីការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាចំណតថ្មីនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨នេះ លោកស្រី ក្លូអេ ឡាពែរ័ ( Chloe Lapeyre ) ប្រធានគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា ដើម្បីផ្តល់ភាពងាយស្រួលដល់ភ្ញៀវចេញចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានដាក់ឲ្យប្រើនូវប្រព័ន្ធចំណតថ្មីមាន២ប្រភេទ គឺទី១ភ្ញៀវបង់លុយជាមុនជាមួយម៉ាស៊ីនស្វ័យប្រវត្តិសម្រាប់រថយន្តពេលចេញនិងទី២គឺការប្រើប្រាស់កាតពណ៌ស្វាយដោយបច្ចេកវិទ្យាស្វ័យប្រវត្តិកាត់បន្ថយការរងចាំយូរនិងការកកស្ទះចរាចរណ៍។
លោកស្រីបានបន្ថែមថា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានពង្រីកវិសាលភាព របស់ខ្លួនដើម្បីបម្រើសេវាកម្មថ្មីៗឆ្លើយតបទៅនឹងការកើនឡើង នៃចំនួនភ្ញៀវទេសចរ ចេញ- ចូល ប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិមួយនេះ។ ដែលក្នុងនោះ បានពង្រីកស្ថានីយជាដំណាក់កាល ទាំងផ្នែកខាងក្នុង និង ខាងក្រៅ រួមទាំងកន្លែងសាធារណៈ មានកន្លែងទទួលភ្ញៀវ មានដំបូល មានកន្លែងអង្គុយរង់ចាំ និងមានចំណតរថយន្តថ្មី ធំទូលាយ និងបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាស្វ័យប្រវត្តិ ល្បឿន លឿនជាងបីដង សុវត្ថិភាព និងភាពបត់បែនបានងាយស្រួល និងបង្កើនច្រកចូល និងច្រកចេញ ច្រើនជាងមុន មានផ្លូវបើកបរ តាមបទដ្ឋានបច្ចេកទេស មិនធ្វើឲ្យមានការកកស្ទះ ឬ យឺតយូរ ដូចពីមុនទៀតឡើយ។ ក្រៅពីនេះ ក៏មានហាងកាហ្វេ មានកន្លែងលក់កាតទូរស័ព្ទ មានសេវារថយន្តក្រុង រថភ្លើង និងតាក់ស៊ីគ្រប់ប្រភេទទៀតផង។
ចំពោះការប្រើប្រាស់សេវាកម្មចំណតថ្មី នេះ អតិថិជន ត្រូវបង់ប្រាក់ជាមុន។ ចំពោះរថយន្ត គ្រប់ប្រភេទ ក្រោយពេលបង់ប្រាក់ អាចសំចតបានត្រឹមតែ១៥ទៅ២០នាទីប៉ុណ្ណោះ លើសពីនេះ គឺត្រូវគិតប្រាក់បន្ថែមទៅតាម ម៉ោងពេល ដែលអ្នកត្រូវចេញដំណើរ ពីចំណត ក្នុងព្រលាន។ សម្រាប់សេវាគិតប្រាក់មាន២ប្រភេទ អតិថិជនអាចជ្រើសរើសយកការប្រើប្រាស់ ប្រព័ន្ធកាតពណ៌ស្វាយ ឬ ប្រើប្រាស់សេវាកម្មធម្មតា គឺពេលចូលត្រូវចុចយកបង្កាន់ដៃផ្ញើ និងមុនពេលចាកចេញ ត្រូវយកបង្កាន់ដៃនោះទៅបង់ប្រាក់ជាមុន។ ស្រីថា ការប្រើប្រាស់កាតពណ៌ស្វាយចំណេញ និងមានអាទិភាពច្រើនជាង ពោលគឺរាល់ការចេញចូលមិនបាច់មានសំបុត្រទេ គ្រាន់តែអ្នកបើកបរ ត្រូវបើកបរទៅតាមផ្លូវ ដែលបានកំណត់ ចំណែកឯការគិតប្រាក់ គឺគិតតាមប្រព័ន្ធស្វ័យប្រវត្តិ តាមពេលម៉ោង និងតាមស្លាកលេខរថយន្តរបស់អ្នក។ រីឯតំលៃវិញ មានការប្រែប្រួលបន្តិចបន្តួច សម្រាប់រថយន្ត ចំពោះម៉ូតូមួយគ្រឿង ២០០០រៀលក្នុង១ថ្ងៃ។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ នៅព្រលានយន្តហោះអន្តរជាតិ ភ្នំពេញ បានពង្រីកចំណត រថយន្តរហូតដល់ទៅ៤៥០កន្លែង ក្នុង១ថ្ងៃមានរថយន្តចេញ-ចូល ប្រមាណជា៣០០០គ្រឿង ហើយមានចំណតម៉ូតូ២កន្លែង ចំណតភ្ញៀវ និងចំណតបុគ្គលិក ក្រៅពីនេះ មានចំណតតាក់ស៊ី ចំណតរថយន្តក្រុង ចំណតរថភ្លើង និងចំណតម៉ូតូកង់បី នៅដាច់ដោយឡែកពីគ្នា៕
Source: Kampuchea Thmey Daily
0 Comments