ក្នុងប្រកួតសប្ដាហ៍ទី១៧ នៃពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2018 ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង បានប្រកួតចាញ់ក្រុមអាស៊ីអឺរ៉ុបយូណាយធីត ៦ទល់១ ខណៈគ្រូបង្វឹកលោក Conor Nestor បានទទួលស្គាល់និងរ៉ាប់រងចំពោះលទ្ធផលទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នុងទឹកដីរបស់ខ្លួន។
យោងតាមការចេញផ្សាយនៅលើវិបសាយផ្លូវការរបស់ក្លិបមួយនេះបានបញ្ជាក់ថា «ដើម្បីបង្ហាញពីទំនួលខុសត្រូវគ្រូបង្វឹករបស់យើងក៏បានសម្រេចកាត់ប្រាក់ខែខ្លួនឯង ដើម្បីជាការសូមទោសដល់អ្នកគាំទ្របានទិញសំបុត្រចូលទស្សនាការប្រកួតដោយផ្ទាល់ ខណៈនឹងរំពឹងថាអ្នកគាំទ្រទាំងអស់បន្តរួមដំណើរជាមួយគ្នាសម្រាប់ការប្រកួតក្រោយក្នុងទឹកដីដោយប៉ះ បឹងកេត នៅប្រកួតបន្ទាប់»។
ប្រភពបន្តថា «ចំនួនទឹកប្រាក់ដែលបានកាត់ចេញពីគ្រូបង្វឹករបស់យើងគឺបូកសរុបតាមលទ្ធផលជាក់ស្តែងនៃអ្នកបានទិញសំបុត្រចូលទស្សនា។ ខណៈយើងសូមរក្សាសិទ្ធិមិនបង្ហាញពីចំនួនទឹកប្រាក់ជាក់លាក់ណាមួយឡើយ»។ លោកConor បានបង្ហាញទស្សនៈរបស់ខ្លួន បរាជ័យធ្ងន់ធ្ងរនេះថា « ហេតុផលនៃការចាញ់គឺយើងបាត់បង់ឱកាសច្រើន។ ពួកយើងបញ្ជូនបាល់ឲ្យគ្នាចោលរហូត និងមានទម្រង់ការពារដ៏អាក្រក់។ យ៉ាងណាក៏ដោយ ទោះបីពួកយើងមានគ្នាត្រឹម១០នាក់ (កីឡាករ លី សារ័ត្ន ត្រូវពិន័យកាតក្រហម)យើងនៅតែបន្តធ្វើការរហូតមានការបង្កើតឱកាសរកគ្រាប់មកវិញ»។
ក្រុមព្រះខ័នរាជស្វាយរៀង ទើបតែផ្លាស់ប្តូរគ្រូបង្វឹកកាលពីដើមរដូវកាល ដោយចុះកិច្ចសន្យា១រដូវកាលជាមួយលោក Conor Nestor កាន់អាជ្ញាប័ណ្ណគ្រូបង្វឹកកម្រិត UEFA A License ជំនួសលោក សំ វ៉ាន់ដេត ដែលជាគ្រូចាស់គ្រោងនឹងបន្តរៀនវគ្គគ្រូបង្វឹក AFC “A” License។ ក្រុមនេះបានបញ្ចប់រដូវកាលឆ្នាំ២០១៧ របស់ខ្លួនកន្លងទៅ ដោយឈរចំណាត់ថ្នាក់លេខ៣ ប្រចាំពានរង្វាន់លីគកំពូលកម្ពុជា Metfone Cambodian League 2017 ដែលមានសមាជិក១២ក្រុម ហើយនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន វិញបានបញ្ចប់រដូវកាលរបស់ខ្លួន ដោយគ្រងតំណែងជើងឯកតែម្តង៕
Source: Kampuchea Thmey Daily
0 Comments